ប្រទេសចិន៖ ការផ្ទុះកំពង់ផែធៀនជីន (Tianjin) នៃប្រទេសចិន ពីរលើកដ៏ធំសម្បើមបានសំលាប់មនុស្ស៥០នាក់ និងរបួសច្រើនជាង៧០០នាក់ និងបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងទ្រព្យសម្បត្តិជាច្រើន។ ហេតុការណ៍នេះ បានកើតឡើងកាលពីពាក់កណ្តាលអាធ្រាតថ្ងៃពុធ ខែសីហានេះ ដោយគេនូវពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៃការផ្ទុះនេះនៅឡើយ។
ការផ្ទុះដ៏ធំសម្បើមនេះ បានកើតឡើងនៅប៉ែកខាងជើងនៃកំពង់ផែប្រទេសចិនដែលសម្បូរដោយសារធាតុគីមីនិងឧស្ម័នត្រូវបានស្តុកទុក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ហើយសូម្បីតែប្រព័ន្ធផ្កាយរណបក្នុងលំហក៏អាចមើលឃើញការផ្ទុះនេះដែរ ដោយបានសំលាប់មនុស្ស៥០នាក់ និងរបួសច្រើនជាង៧០០នាក់ នេះបើរាប់ទាំងអ្នកពន្លត់អគ្គីភ័យដប់ពីរនាក់និងការបាត់បង់នូវទ្រព្យសម្បត្តិជាច្រើន។
គ័ន ហ្សាំង (Guan Xiang) ជាអ្នករស់នៅចម្ងាយប្រាំពីរគីឡូម៉ែត្រពីកន្លែងកើតហេតុបាននិយាយថា «ខ្ញុំកំពុងតែគេង ភ្លាមៗនោះស្រាប់តែបង្អួចនិងទ្វាររបស់យើងញ័រ ខណៈពេលនោះ យើងក៏ឮសម្លេងផ្ទុះនៅខាងក្រៅផ្ទះ ដំបូងខ្ញុំគិតថាវាគឺជាការរញ្ជួយដីទេ»។
បើតាមសារព័ត៌មានរបស់រដ្ឋាភិបាលចិន ក៏បានឲ្យដឹងផងដែរថា មានការបាត់ទំនាក់ទំនងជាមួយអ្នកពន្លត់អគ្គីភ័យ ៣៦នាក់ ព្រមទាំងមានមនុស្ស ១៨ នាក់កំពុងតែបាត់ខ្លួនទៀត ខណៈពេលដែល៦៦នាក់ផ្សេងទៀ់តកំពុងតែទទួលការព្យាបាលនៅមន្ទីរពេទ្យជិតនោះ។
ចំណែកសារព័ត៌មាន ស៊ីនហួរ (Xinhua) វិញ ក៏បានរាយការណ៍ទៀតថា មានអ្នកពន្លត់អគ្គីភ័យមួយពាន់នាក់ ព្រមទាំងម៉ាស៊ីនអគ្គីសនីប្រមាណ១៤០គ្រឿង បាននឹងកំពុងដាក់ដំណើការដើម្បីជួយស្រោចស្រង់នូវការផ្ទុះនេះកុំឲ្យរាលដាលបន្តទៀត។
ការផ្ទុះដ៏ធំនេះកើតឡើង២ដង ដែលលើកទីមួយសមមូលនៃសារធាតុ TNT ២១តោន ឬ ២,៩ រ៉ិចទ័រគ្រោះរញ្ជួយដី នេះបើយោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន។ ការផ្ទុះលើកទីពីរមានកំរិតកាន់តែខ្លាំង ហើយបានធ្វើឲ្យលេចចេញនូវ សារធាតុគីមីហើរពេញផ្ទៃអាកាស ឡានថ្មីៗរាប់រយត្រូវបានឆេះ ហើយកំពង់ផែនោះទៀតសោតក៏ត្រូវឆេះដូចផេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏គេពុំទាន់រកឃើញពីរឹសគល់នៃសោកនាដកម្មនេះនៅឡើយទេ។ កំពង់ផែធៀនជីនជាកំពង់ផែដែលធំជាប់ចំណាត់ថ្នាក់លេខ ១០ លើពិភពលោក និងជាតំបន់ឧស្សាហកម្មដ៏ធំនៅក្នុងប្រទេសផង។ កំពង់ផែនេះ មានប្រជាជនចំនួនប្រមាណជាង ១៥លាននាក់ ហើយអាជ្ញាធរគិតថា ឧបទ្ទវហេតុនេះបានបង្ខំឲ្យប្រជាជនជាង ៦០០០នាក់ចាកចេញពីទីលំនៅរបស់ខ្លួន។
ប្រធានាធិបតីចិនលោក ស៊ី ចីុនពីង (XI Jinping) បានបញ្ជាឲ្យអាជ្ញាធរធ្វើការញាប់ដៃញាប់ជើងក្នុងការជួយសង្គ្រោះ ព្យាបាលជនរងគ្រោះ និងធានាឲ្យមាននូវសុវត្ថិភាពប្រជាពលរដ្ឋក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។
គួររំលឹកផងដែរថា ការផ្ទុះបែបនេះមិនមែនកើតឡើងជាលើកទី១ សម្រាប់ប្រទេសចិននោះទេ ហើយក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ឧបទ្ទវហេតុបែបនេះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសផងដែរ។ ករណីផ្ទុះស្រដៀងគ្នានេះដែរ បានកើតកាលពីឆ្នាំមុន និងបានសំលាប់មនុស្ស ៧៥នាក់នៅប៉ែកខាងកើតនៃប្រទេសចិន។
[wpb-yt video=”FuarI7SumeY”]