ភ្នំពេញ៖អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា ដំណើរការចុះឈ្មោះបេក្ខជនប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្តើមនៅខែមីនា ខាងមុខនេះហើយតែមានរយៈពេលតែបីថ្ងៃប៉ុណ្ណោះ។ សម្រាប់គណបក្ស នយោបាយ ខ្លះបារម្ភថានឹងជួបការលំបាក បើពេលវេលាតិចដូចនេះ។
ថ្លែងក្រោយបើកកម្មវិធីបណ្តុះបណ្តាលស្តីពីការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ និងការឃោសនា បោះឆ្នោត នៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត លោក គួយ ប៊ុន រឿន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ដំណើរការចុះឈ្មោះបេក្ខជននៃបក្សនយោបាយដែលត្រៀមប្រកួតប្រ ជែង បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី ៣-៥ ខែមីនា ឆ្នាំ២០១៧។ លោក គួយ ប៊ុន រឿន ៖«ព្រោះដំណើរការនៃការចុះបញ្ជីបេក្ខជនហ្នឹងយើងចាប់ផ្តើមចុះនៅថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៥ ខែមីនាដូច្នេះយើងទើបចាំផ្តើមខែ ២ យើងមិនទាន់ដឹងទេ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី០៤នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧នេះ។ អ្នកនាំពាក្យគណបក្សប្រជានជនកម្ពុជា លោក សុខ ឥសាន្ត លើកទ្បើងថាបក្សប្រជាជនបានត្រៀមបេក្ខជនរបស់ខ្លួនរួចជាស្រេចហើយ ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។ លោក សុខ ឥសាន្ត៖«នឹងត្រៀមដាក់នៅថ្ងៃទី០១នៃថ្ងៃទទួលពាក្យ គឺថ្ងៃទី០៣ ខែ ៣ ឆ្នាំ២០១៧ នេះ»។
ចំណែកតំណាងរាស្ត្របក្សសង្គ្រោះជាតិប្រចាំខេត្តកំពត លោកស្រី មួរ សុខហួរ មានប្រសាសន៍ថា បក្សសង្គ្រោះជាតិក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរដើម្បីបញ្ជូនឈ្មោះបេក្ខជនរបស់ខ្លួនតាមកាលកំណត់របស់ គ.ជ.ប។ «យើងត្រៀមអស់ហើយ យើងដឹងប្រតិទិន របស់ គ.ជ.ប ហើយអត់មានបញ្ហាអីដែលយើងត្រូវប្រឈមមុខទៀតទេ យើងមានបេក្ខជនជាង ២ម៉ឺននាក់នៅទូទាំងប្រទេស»។
ជុំវិញការលើកទ្បើងនេះ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា មានប្រសាសន៍ថា រយៈ ពេល ៣ថ្ងៃ នៃការចុះបញ្ជីឈ្មោះបេក្ខជននេះមានរយៈពេលខ្លីដែលធ្វើឱ្យបក្សដែលទើបបង្កើតថ្មីជួបការលំបាក។ ទោះបីជាយ៉ាងនេះក្តីប្រធានបក្សរូបនេះថា នឹងបញ្ជូនបេក្ខជនរបស់ខ្លួនឱ្យទាន់ពេល វេលានៃការកំណត់របស់ គ.ជ.ប។ លោក សួន សេរីរដ្ឋា៖«គណបក្សដែលគេមានសម្លេងអសនៈនៅក្នុងរដ្ឋសភាវាអត់មានការលំបាកទេ តែសម្រាប់គណបក្សថ្មីៗវាមានការលំបាក ទី០១យើងអត់ទាន់មាន បទពិសោ ធន៍ក្នុងការចុះបញ្ជីបេក្ខជន ទី២ យើងនៅសិក្សាច្រើនអំពពីបទដ្ឋានច្បាប់របស់ គ.ជ.ប»។
អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន គួសបញ្ជាក់ថា ពេលវេលាឃោសនាបោះឆ្នោតនៅអាណត្តិនេះ ត្រូកាត់បន្ថយពីរយៈពេល ១៥ ថ្ងៃមកត្រឹមតែ ១៤ ថ្ងៃ ហើយ អំទ្បុងពេលឃោសនាបោះឆ្នោតគឺអនុ ញ្ញាត្តិឱ្យហែក្បូនធំៗតែ ពីរដងប៉ុណ្ណោះ។ គេមិនដឹងថា គណបក្សនយោបាយ មានប៉ុន្មាននោះទេ ត្រូវ ទៅចុះឈ្មោះ សម្រាប់ដាក់ បេក្ខជនរបស់ខ្លួន ចូលរួមការបោះឆ្នោត ប៉ុន្តែ យ៉ាងហោចណាស់គណបក្សថ្មីជាច្រើនទៀតបាន បង្កើត ឡើងនៅ មួយឆ្នាំចុងក្រោយនេះ៕