ភ្នំពេញ៖ តំណាងសង្គមស៊ីវិលផ្នែកតស៊ូមតិនិងគោលនយោបាយលើកឡើងថា រដ្ឋាភិបាលគួរបង្ហាញតម្លាភាពពីការប្រើប្រាស់ថវិកាថ្នាក់ក្រោមជាតិដើម្បីឲ្យពលរដ្ឋចូលរួមការអភិវឌ្ឍដោយផ្ទាល់និងបង្ការកុំឲ្យមានអំពើពុករលួយ។
ប៉ុន្ដែអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិ ការដ្ឋាន គ.ជ.អ.ប អះអាងថា ក្រសួងកំពុងស្វែងរកមធ្យោបាយដើម្បីបើកទូលាយពីព័ត៌មានអំពីការប្រើប្រាស់ថវិកាទាំងនោះ។ ការបិទជិតនូវព័ត៌មានជុំវិញការប្រើប្រាស់ថវិកាថា្នក់មូលដ្ឋានគឺជាការផ្តល់ឱកាសឲ្យមានការបង្កអំពើពុករលួយ។ នេះជាការកត់សំគាល់របស់ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលក្នុងសិក្ខាសិលាស្តីពី “ការកសាងសមត្ថភាពសង្គមស៊ីវិលទៅលើដំណើរការថវិកា” ។ សិក្ខាសិលាដែលមានរយៈពេលបីថ្ងៃហើយដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ។
ការលើកឡើងនេះស្របពេលដែលរដ្ឋាភិបាលបានបង្កើនថវិកាសំរាប់ដំណើរការរដ្ឋបាលមូលដ្ឋានពី២០លានដុល្លារអាមេរិកសំរាប់មូលនិធិក្រុង ស្រុក និងមូលនិធិសំរាប់ឃុំ សង្កាត់ ៧០លានដុល្លារ នៅឆ្នាំ២០១៦ ឲ្យកើនដល់ប្រមាណជាង ៩០លានដុល្លារអាមេរិក នៅថ្នាក់ឃុំ សង្កាត់និងថ្នាក់ក្រុង ស្រុក មានចំនួនប្រមាណជិត ៣០លានដុល្លារអាមេរិក នៅឆ្នាំ២០១៧។
លោក វ៉ាន់ ផានិត ប្រធានកម្មវិធីនៃវិទ្យាស្ថានតស៊ូមតិ ហៅកាត់ថា API មានប្រសាសន៍ថា រដ្ឋាភិបាលមានគោលនយោបាយផ្សព្វផ្សាយដល់ពលរដ្ឋស្ដីពីថវិកាថ្នាក់ក្រោមជាតិ ប៉ុន្ដែជាក់ស្ដែងគោលនយោ បាយនោះមិនត្រូវបានយកមកអនុវត្តន៍ទេ។ ព័ត៌មានទាំងនេះ មិនត្រូវបានអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយបន្ដដល់ពលរដ្ឋឲ្យបានច្បាស់លាស់ឡើយ។ ត្រង់ចំណុចនេះ លោកយល់ថា គឺជាឱកាសបង្កឲ្យមានការឆ្លៀតឱកាសនៃអំពើពុករលួយ។ «បើយើងនិយាយមឲ្យចំទៅគឺនឹងធ្វើឲ្យប្រជាពលរដ្ឋ អ្នកខ្លះគាត់នៅតែភ័ន្ដថា ដោយសាររឿងហ្នឹងវាមានបញ្ហាទាក់ទងរឿងពុករលួយ ទាក់ទងអ្វីបានគេមិនបើកចំ ហរអញ្ចឹងរឿងនេះគឺវានឹងប៉ះពាល់ដល់រដ្ឋាភិបាលដោយចំពោះតែម្ដង»។
ជាមួយគ្នានេះប្រធានកម្មវិធីនៃវិទ្យាស្ថានតស៊ូមតិសង្ឃឹមថា រដ្ឋាភិបាលនឹងព្យាយាមឲ្យកាន់តែផុសផុលបន្ថែមទៀតជុំវិញការផ្ដល់ព័ត៌មានទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីឲ្យពលរដ្ឋអាចចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។
ដូចគ្នាដែរអ្នកស្រី គីម ណៃ អ្នកគ្រប់គ្រងកម្មវិធីបញ្ហាអភិវឌ្ឍន៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល NGO Forum ឲ្យដឹងថា រាល់ការអភិវឌ្ឍរបស់ប្រទេសចាំបាច់ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់យល់ថា តើការចាយវាយសំរាប់ការភិវឌ្ឍភូមិ ឃុំ គួរផ្ដោតទៅលើតម្រូវការពិតប្រាកដរបស់ពួកគាត់ដែរឬទេ។ អ្នកស្រីសង្កត់ធ្ងន់ថា ពលរដ្ឋមានកាតព្វកិច្ចបង់ពន្ធជួនរដ្ឋ ដូច្នេះពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ដើម្បីដឹងពីដំណើរការរបស់រដ្ឋថា យកប្រាក់ពន្ធរបស់ពួកគាត់ទៅប្រើប្រាស់លើអ្វីខ្លះ។ «ហេតុអ្វីបានជារដ្ឋត្រូវបើកចំហរព័ត៌មានទាំងអស់នោះ ពីព្រោះតែថវិកាដែលប្រមូលបានគឺបានពីពន្ធពលរដ្ឋ ដូច្នេះពលរដ្ឋក៏ត្រូវតែដឹងដែរថា លុយទាំងអស់ហ្នឹងត្រូវចាយទៅលើអ្វី ហើយត្រូវនឹងតម្រូវការរបស់គាត់អត់»។
ជាការឆ្លើយតបលោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ទទួលស្គាល់ថាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីការប្រើប្រាស់ថវិកាថ្នាក់ក្រោមជាតិដើម្បីអភិវឌ្ឍន៍ភូមិ ឃុំ នេះពិតមែន ប៉ុន្ដែលោកអះអាងថា ក្រសួងកំពុងព្យាយាមរិះរកវិធីដើម្បីផ្ដល់ព័ត៌មានទាំងនេះឲ្យពលរដ្ឋដឹងកាន់តែទូលាយ។ «គ្រប់គម្រោងយើងសុទ្ធតែដាក់បង្ហាញ (និងចុះត្រួតពិត្យ) ហើយយើងក៏បង្កើតជាស្លាកសញ្ញាថា ថវិកាហ្នឹងធ្វើដោយមូលិធិអ្វី ប្រើប្រាស់ថវិកាអស់ប៉ុន្មាន សម្រាប់ឆ្នាំណាគឺមានទាំងអស់ ចង់បញ្ជាក់ថា រាល់លទ្ធផលនៃគម្រោងនីមួយៗ»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលជារៀងរាល់ឆ្នាំតែងតែបែងចែកថវិកាជាតិសម្រាប់អភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ដោយផ្អែកតាមលទ្ធផលនៃការប្រមូលពន្ធនានា៕