លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀងដែលចេញមកទទួលទោស តបតាមការអំពាវនាវ របស់សម្ដេចហ៊ុនសែន ករណីបទល្មើស បាញ់កម្មការិនី៣នាក់រងរបូសធ្ងន់ បានចេញពីពន្ធនាគារខេត្តស្វាយរៀងហើយ កាលពី ថ្ងៃ ពុធ ទី ៨កុម្ភៈ ដោយទឹកមុខញញឹម ។
សារព័ត៌មាន បានរាយការណ៍ ថា លោក ឈូក បណ្ឌិត ដែលមានទោសដោយសារបានបាញ់កម្មករនៅរោងចក្រកៅវ៉េ (Kaoway) ក្នុងក្រុងបាវិត ខេត្តស្វាយរៀងត្រូវ ឆ្មាំគុក ដោះលែងកាលពីថ្ងៃម្សិលមិញនេះ។
គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ លោក ឈូក បណ្ឌិត បានជាប់ពន្ធនាគាររយៈពេល ១៨ខែហើយ គឺបន្ទាប់ពីលោកត្រូវឃុំខ្លួនកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣៨លានរៀល ឬជិត ១ម៉ឺនដុល្លារ ជាសំណងដល់ជនរងគ្រោះទាំង ៣នាក់ ក្នុងបទបង្ករបួសស្នាមដោយអចេតនា។ តែអតីតអភិបាលក្រុងបាវិតរូបនេះ បានគេចខ្លួនចាប់តាំងពីពេលដែលលោកបានបាញ់កម្មកររោងចក្រកៅវ៉េ ឲ្យរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ លោកបានចេញសារភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ក្រោយពេលដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការរបស់ប៉ូលិសអន្តរជាតិ (Interpol) ក្នុងការតាមចាប់ខ្លួនលោក៕