ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី៨ ខែកុម្ភៈនេះបានស្នើសុំដល់សហរដ្ឋ អាមេរិកជាថ្មីម្តងទៀតឲ្យអាមេរិកលុបបំណុលដែលកម្ពុជាជំពាក់ក្នុងអំឡុងសង្គ្រាមនាទសវត្សន៍ឆ្នាំ១៩៧០។ សំណើនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកបញ្ជាក់ពីជំហររដ្ឋាភិបាលខ្លួនចំពោះសំណើកម្ពុជានេះ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃពុធ ទី៨ ខែកុម្ភៈនេះបានអះអាងថា មានចលនាប្រជា ពលរដ្ឋខ្មែរស្នើសុំឲ្យសហរដ្ឋអាមេរិកលុបចោលបំណុលដែលកម្ពុជាជំពាក់ខ្លួនក្នុងអំឡុងទសវត្សន៍ឆ្នាំ១៩៧០។ បំណុលទាំងនេះត្រូវសម្តេចប្រមុខរដ្ឋាភិបាលអះអាងថា ជាបំណុលសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិកខ្លួនឯងមកលើប្រទេសកម្ពុជា។ «សុំអាមេរិកាំងកុំទារលុយខ្មែរ។ ឥឡូវនេះមានចលនាប្រជាពលរដ្ឋច្រើនកន្លែងបានគាំទ្រឲ្យលុបបំណុល។»
ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រា ខណ្ឌមានជ័យ ក្រុងភ្នំពេញ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ ដៅឆ្ពោះទៅរកប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកលោក ដូណល ត្រាំ ឲ្យពិចារណាលុបបំណុលកម្ពុជាចោល ដោយសម្តេចលើកពីហេតុផលថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចង្កោមនិងគ្រាប់បែកគីមីពណ៌លឿងដែលជាប្រភេទគ្រាប់បែកហាមឃាត់នៅលើពិភពលោក។ «អាមេរិកាំងអើយអាមេរិកាំង! ប្រធានាធិបតី ដូណាល់ ត្រាំ អើយ! យ៉ាងម៉េចទៅវាយ (កម្ពុជារួច) ទារលុយនេះ? វាយយើងហើយទារលុយយើងនេះ។ វា (ខ្ញុំ) មិនយល់ត្រង់កន្លែងនេះ!។»
ប្រទេសកម្ពុជាជំពាក់បំណុលសហរដ្ឋអាមេរិកប្រមាណជា ៥០០លានដុល្លារក្រោមរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់។ បំណុលដែលក្រុងវ៉ាស៊ីនតោនផ្គត់ផ្គង់ទំនុកបម្រុងដល់របបអាមេរិកនិយមនេះ។
ក្នុងរយៈពេលចុងក្រោយនេះសម្តេចនាយករដ្ឋមន្ត្រីបានរំលឹកហើយរំលឹកទៀតពីការស្នើសុំឲ្យអាមេរិកលុបបំណុលកម្ពុជា ជាពិសេសក្រោយពេលដែលប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមរិកចូលកាន់ដំណែង។ តែយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកទំនងជារក្សាជំហរ មិនទាន់បោះបង់បំណុលនោះចោលនៅ ឡើយទេ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt បានថ្លែងទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មានថា «កម្ពុជាគួរតែឈប់គិត» ពីអតីតកាល ហើយគិតគូរៀបចំផែន ការសងប្រាក់បំណុលមកសហរដ្ឋអាមេរិកវិញ៕