មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ សង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌សម្រាប់រូបលោក ដោយចាប់ខ្លួនកងកម្លាំងសន្តិសុខខ័ណ្ឌដូនពេញដែលបានវាយគាត់ឲ្យរងរបួសកាលពីឆ្នាំមុន។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅរសៀលថ្ងៃពុធនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូចនេះ នៅមុនពេលចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ករណីបណ្តឹងពីក្រុមសន្តិសុខខណ្ឌ័ដូនពេញពីបទពាក់ពន្ធ័នឹងអំពើហឹង្សាកាលពីឆ្នាំមុន។
ទោះបីយ៉ាងក្តី លោក អំ សំអាត បានសម្តែងការសោកស្តាយដោយលោកអះអាងថា លោកជាជនរងគ្រោះនៅក្នុងហេតុការណ៍អំពើហិង្សាកាលពីថ្ងៃទី ១០ តុលា ឆ្នាំំ ២០១៦ តែបែជាសាលាដំបូងរាជធានភ្នំពេញកោះហៅក្នុងនាមជាជនសង្ស័យទៅវិញ។ លោក សំអាត យល់ថា ករណីតុលាការកោះហៅនៅពេលនេះ មិនជាប់ពាក់រឿងនយោបាយឡើយ។
លោក អំ សំអាត៖«ខ្ញុំនឹងសំណូមពរព្រះរាជអាជ្ញាក្នុងឋានៈជាជនរងគ្រោះជំរុញឲ្យធ្វើការស៊ើបអង្កេតរកសន្តិសុខដែលវាយដំខ្ញុំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់»។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យ សាលាដំបូងក្រុងភ្នំពេញ បានទេនៅថ្ងៃនេះ។
ក្រៅពីមន្ត្រីការពារសិទ្ធិមនុស្សទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ លោក ច័ន្ទ ពុទ្ធិស័ក្ដ តំណាង សហគមន៍បឹងកក់ម្នាក់កត្រូវតុលាការកោះហៅក្នុងនាមជាជនសង្ស័យដែរ។
លោក អំ សំអាត និង លោក ច័ន្ទ ពុទ្ធិស័ក្ដ ត្រូវបានទទួលរងរបូសយ៉ាងធ្ងន់ធ្ងរដោយការប្រព្រឹត្តអំពើហិង្សាពីសំណាក់ក្រុមសន្ដិសុខខណ្ឌដូនពេញអំឡុងពេលក្បួនដង្ហែអហិង្សាធ្វើដំណើរឆ្លងកាត់តាមផ្លូវនានាក្នុងរាជធានីភ្នំពេញឆ្ពោះទៅទីលានប្រជាធិប តេយ្យ ក្រុមសន្តិសុខ ដឹកនាំដោយ លោក គឹម វុត្ថា ប្រធានសន្ដិសុខខណ្ឌដូនពេញ បានបិទផ្លូវរារាំងក្បួនដង្ហែ និងបានឆក់យកស្គរឆៃយ៉ាំ និងបដាពីអ្នកដើរហែក្បួន។
នៅពេលនោះ ក្រុមសន្ដិសុខបានចាប់ផ្ដើមប្រើអំពើហិង្សាដោយគ្មានហេតុផលទៅលើ លោក ច័ន្ទ ពុទ្ធិស័ក្ដ ខណៈដែលលោកកំពុងថតសក ម្មភាពរបស់ក្រុមសន្ដិសុខ៕