ភ្នំពេញ៖នៅថ្ងៃទី០៧ កុម្ភៈនេះ សមាគមមួយនៅប្រទេសកូរ៉េខាងត្បូងដែលមានឈ្មោះថា Global Good People Sharing Association ចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមជនជាតិកូរ៉េនៅកម្ពុជា ដើម្បីសហការគ្នាផ្តល់សេវាសុខាភិបាល ជាពិសេសទាក់ទាក់នឹងបញ្ហាមាត់ធ្មេញ ដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ធ្វើឡើង នៅជម្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា កូរ៉េក្នុងទីក្រុងភ្នំពេញ។ តាមរយៈអ្នកបកប្រែ លោក គីម ហ្យន់ស៊ិក ប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា បានលើកឡើងថា សមា គមរបស់លោកមានតួនាទីជាអ្នកនៅកណ្តាល ដើម្បីសម្រមសម្រួល ក្នុងការសហការជាមួយសមាគម GGPS ដើម្បីជួយដល់ប្រជាជនកម្ពុជាក្រីក្រនៅតាមជនបទ ដោយឥតគិតថ្លៃ។ លោកបន្តទៀតថា«ខ្ញុំជាអ្នកនៅកណ្តាលសម្រាប់ជួយ និងសម្របសម្រួល រវាងជនជាតិកូរ៉េ និង កម្ពុជា ។ ខាងភាគីកូរ៉េមានអ្នកស្មគ្រ័ចិត្ត ដោយសហការជាមួយក្រុមគ្រួពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើការពិនិត្យនឹងព្យាបាលជំងឺ ដោយឥតគិតថ្លៃទៅដល់ប្រជាជនក្នុងតំបន់ ក្នុងនោះមានខេត្ត កំពង់ស្ពឺ កំពង់ឆ្នាំង កោះកុង និងតំបន់មួយចំនួនទៀត។»
ចំណែកលោក គីហូ ជុង ប្រធានសមាគម Global Good People Sharing Association ដែលចង់ឃើញប្រជាពលរដ្ឋកម្ពុជា មានសុខភាពល្អ ជាពិសេសបញ្ហាមាត់ធ្មេញ បានលើកឡើងថា ក្នុងអនុសារណៈយោគយល់គ្នានេះ គឺជាការសហការមួយ ដែលធ្វើឡើងដោយការស្ម័គ្រចិត្ត សម្រាប់ផ្តល់អ្នកជំនាញមាត់ធ្មេញ ចុះជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាមាត់ធ្មេញ នៅតាមទីប្រជុំជន ឬតាមតំបន់ដាច់ស្រាល។
លោកយល់ថាសព្វថ្ងៃប្រជាជនកម្ពុជាមានបញ្ហាមាត់ធ្មេញច្រើន ហើយក៏ជាបទពិសោធន៍របស់លោកដែលមានជំនាញមាត់ធ្មេញជាង ៤០ឆ្នាំកន្លងមក។ លោកបន្ថែមថា កម្មវិធីនេះមិនមែនតែជួយព្យាបាល និងពិនិត្យបញ្ហាមាត់ធ្មេញនោះទេ គឺជួយទាំងបច្ចេកទេស និងគ្រឿងបរិក្ខាបំពាក់តាមការស្នើសុំពីកម្ពុជា ។
តាមគម្រោងកម្មវិធីនេះនឹងចាប់ផ្តើមនៅក្នុងខែកក្កដា ខាងមុខនេះ ដោយមានអ្នកស័គ្រចិត្តកូរ៉េ និងកម្ពុជាប្រមាណ ៣០នាក់។ តាមការរំពឹងទុកក្នុងមួយថ្ងៃអាចព្យាបាលប្រជាជនបានប្រមាណពី ៣០០០ នាក់ ទៅ ៤០០០នាក់៕