ភ្នំពេញ៖ ប្រធានគណបក្សសម រង្ស៊ី អះអាងនៅព្រឹកថ្ងៃទី ១៣ ខែសីហានេះថា មិនមានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ដូចសារព័ត៌មានក្នុងស្រុកបានចុះផ្សាយនោះទេ។ លោក គង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានបញ្ជាក់ប្រាប់មណ្ឌលព័ត៌មានស្ត្រីថា លោក ដឹងថាមានសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យចាប់ខ្លួនលោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី ប៉ុន្តែរហូតមកដល់ម៉ោង ១១ ព្រឹកថ្ងៃពុធនេះ មិនទាន់មានការចាប់ខ្លួននោះទេ។
មណ្ឌលព័ត៌មានស្ត្រីកម្ពុជាព្យាយាមទាក់ទងលោក ហុង សុខហូរ ដែរ ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។ តែបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក ហុង សុខហួរ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យល័យមួយក្នុងរាជធានីភ្នំពេញនាថ្ងៃនេះ។
ជាការកត់សម្គាល់ រយៈពេលថ្ងៃចុងក្រោយនេះ លោក ហុង សុខហូរ បានធ្វើការបង្ហាញផែនទីទាក់ទងនឹងព្រំដែនកម្ពុជា វៀតណាម ជាបន្តបន្ទាប់។ ក្នុងចំណោមបទបង្ហាញទាំងនោះ កាលពីថ្ងៃចន្ទ ទី ១០ ខែសីហា លោកថា វៀតណាមបានចូលកាន់កាប់ទឹកដីកម្ពុជានៅចំណុចចំពុះទា ក្នុងខេត្តស្វាយរៀង ប្រមាណ ១១០០ ហិកតា ចំណែកកម្ពុជាចូលទឹកដីវៀតណាមវិញជាង ២០០ ហិកតា។
នៅថ្ងៃទី ១២ ខែសីហា ម្សិលមិញលោក ហុង សុខហួរ បានបង្ហាញឯកសារមួយទៀតថា សន្ធិសញ្ញាឆ្នាំ ១៩៧៩ រវាងកម្ពុជានិងវៀតណាម ជាសន្ធិសញ្ញារំលាយបង្គោលព្រំដែនចាស់ បន្សល់ពីសម័យបារាំង ហើយបោះបង្គោលព្រំដែនថ្មី ជាហេតុនាំឲ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម៕