ភ្នំពេញ៖ស្របពេលថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ជិតឈានចូលមកដល់ ស្ដ្រីដែលជាប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានផើ្ញសាររំលឹកទៅដល់យុវជន និងយុវនារីខ្មែរ កុំភ័ន្ដច្រឡំចំពោះអត្ថន័យនៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ឬ Valentine’s day។
ពួកគាត់រំលឹកថា Valentine’s day ជាការបង្ហាញនៃក្ដីស្រឡាញ់ ប៉ុន្ដែមិនមែនជាការលះ បង់ខ្លួនប្រាណនោះទេ។
ព័ត៌មានជូនសេចក្ដីរាយការណ៍ដោយកញ្ញា ជុំ ជោគជាតា ៖
« Valentine’s day គឺជាថ្ងៃដែលសម្រាប់បង្ហាញនូវក្ដីស្រឡាញ់ ដូចនេះ ក្ដីស្រឡាញ់អាចជាមួយបងប្អូន ជាមួយមិត្តភ្ភក្ដិ ជាមួយឱពុកម្ដាយជាដើមដែរ» ។
លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិអង្គការសីលការ បានរំលឹកដល់ក្រុមយុវជនកម្ពុជាឲ្យយល់កាន់តែច្បាស់អំពីអត្ថន័យពិតប្រាកដនៃថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ដែលយុវជនកម្ពុជាជាច្រើនតែងតែយល់ច្រឡំថា ជាថ្ងៃបុណ្យសង្សារនោះ ។
ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់គឺជាទិវាមួយដើម្បីរំលឹកពីក្តីស្រឡាញ់ជាមួយសាច់ញាតិនិងមិត្តភក្ត្ររបស់បច្ចឹមប្រទេស។ថ្ងៃបុណ្យនេះតែងតែប្រព្រឹត្តិទៅរៀងរាល់ឆ្នាំនៅថ្ងៃទី១៧ខែកុម្ភៈ។គឺនៅសល់មួយសប្តាហ៍ទៀតប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីនៅថ្ងៃទី០៧ កុម្ភៈ ឆ្នាំ ២០១៧នេះ លោកស្រី ធីតា ឃឹះ មានប្រសាសន៍ថាក្នុងទិវានៃក្តីស្រឡាញ់នេះគេអាចទិញផ្កា និងទិញការដូនានាជូនគ្នាទៅវិញទៅមកដូចដែលយុវជនភាគច្រើនធ្លាប់បានធ្វើនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែវាមិនមែនជាថ្ងៃដែលស្ត្រីនានាត្រូវដោះដូរខ្លួនប្រាណទៅឱ្យដៃគូរសង្សារនោះ។
លោកស្រី ធីតា ឃឹះ ៖ «នៅក្នុងរឿងជាមួយសង្សារ យើងអាចផ្ដល់ក្ដីស្រឡាញ់ជាមួយសង្សារយើងដោយការយល់ចិត្ត មិនចាំបាច់ទៅដល់ផ្លូវកាយទេ ព្រោះវាអាចនាំមកនូវផលលំបាក បើសិននាជាយើងនាំគ្នាយល់ខុស។ មិនមែនជាការរួមភេទជាមួយគ្នាទេ ហើយចំពោះបុរសសេចក្ដីស្រឡាញ់ក៏មិនមែនជាការរួមភេទដែរ »។
ស្រដៀងគ្នានេះដែរ លោក ស្រី រស់ សុភាព នាយិការអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា មានប្រសាសន៍ដែរថា ថ្ងៃនៃក្ដីស្រឡាញ់មិនមែនជាវប្បធម៌របស់ខ្មែរនោះទេ។
លោកស្រី រំលឹកដូច្នេះថា «ថ្ងៃនៃសេចក្ដីស្រឡាញ់នេះ មិនមែនជាវប្បធម៌របស់ខ្មែរទេ តែវាជាវប្បធម៌ចំលងមកពីអាមេរិក ហើយវប្បធម៌នេះក៏មិនមែនមានន័យថា ជាថ្ងៃដែលយើងសម្រាប់រួមភេទ ឬក៏ស្មោះត្រង់និងសង្សារ ឬក៏អ្នកដែលយើងស្រឡាញ់ដែរ ប៉ុន្ដែគ្រាន់ថា ជាថ្ងៃដែលគេសំដែងនូវសេចក្ដីស្រឡាញ់ ទៅអ្នកដែលគេស្រឡាញ់ ដោយតាមរយៈទឹកចិត្ត ដោយតាមរយៈបាច់ផ្កា ឬជាកាដូផ្សេងៗ»។
មានការសិក្សានាពេលកន្លងមកដែលបង្ហាញថាក្រុមយុវជនកម្ពុជាមានការយល់ច្រឡំអត្ថន័យនូវថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះដោយចាត់ទុកថា គឺជាថ្ងៃបុណ្យសង្សារ។ ហើយដោយសារការយល់ច្រឡំនេះបានធ្វើឲ្យក្រុមយុវជនទាំងនោះអាចណាត់គ្នារួមភេទឬបង្កើតនៅក្តីស្នេហាយ៉ាងជ្រាលជ្រៅបែបណាមួយ។ ប៉ុន្តែ តាមរយៈស្ថាប័នរបស់ខ្លួននានាមានដូចជា ក្រសួងព័ត៌មាន និងក្រសួងអប់រំជាដើម។
រដ្ឋាភិបាលបានដាស់តឿនដល់ក្រុមយុវជនប៉ុន្មានឆ្នាំចុងក្រោយនេះឲ្យពួកគេប្រុងប្រយត្ន័ចំពោះការប្រើប្រាស់ខុសក្នុងអត្ថន័យនៃថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់។
កាលពីថ្ងៃ ចន្ទ័ ទី ៦កុម្ភៈ ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រសួងសង្កេតឃើញថា នៅថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រលាញ់ ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សយល់ច្រលំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទៅវិញ។
នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយទិវាបុណ្យនៃសេចក្ដីស្រឡាញ់នេះ កាន់តែមានឥទ្ធិពលខ្លាំងឡើងៗ ដែលធ្វើឱ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកពីវប្បធម៌ និងប្រពៃណីជាតិដ៏ផូផង់របស់ខ្មែរដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យ ។
ដោយមើលឃើញដូចនេះ ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់ស្សិក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់មួយចំនួន ក្នុងនោះមានដូចជា គ្រឹះស្ថានសិក្សាសាធារណៈជន និងឯកជនទូទៅត្រូវចូលរួមផ្សព្វផ្សាយអំពីអត្ថន័យពិតនៃក្ដីស្រឡាញ់ ហើយគ្រឹះស្ថានសិក្សាទាំងអស់ត្រូវពង្រឹងដល់បទបញ្ជាផ្ទៃក្នុងទៅដល់សិស្សានុសិស្សឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ហើយបូករួមទាំងការតាមដានអវត្តមានរបស់សិស្សានុសិស្សផងដែរ ៕