ភ្នំពេញ៖ ពលរដ្ឋមានទំនាស់ដីធ្លីមកពីស្រុកស្រែអំបិល ខេត្ដកោះកុង ដែលកំពុងស្នាក់នៅវត្ដសាមគ្គីរង្សី រាជធានីភ្នំពេញ កាលថ្ងៃទី០៦ កុម្ភៈ អះអាងថា ពួកគេនៅរង់ចាំមួយសប្ដាហ៍ទៀតដើម្បីចាំចម្លើយជាក់លាក់ពីក្រសួងដែនដី ដែលបានសន្យាថា នឹងពន្លឿនការដោះស្រាយទំនាស់ដីធ្លីនេះជួនពលរដ្ឋឲ្យបានឆាប់។
តាមតំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្ដកោះកុង អ្នកស្រី ផាវ ញ៉ឺង បានឲ្យវិទ្យុស្ដ្រីដឹងថា ក្រុមអ្នកស្រីដាច់ខាតមិនវិលទៅស្រុកវិញទេ ប្រសិនបើសំណងសម្រាប់ក្រុមពលរដ្ឋទាំងអស់មិនទាន់បានទទួលដល់ដៃ។ បន្ថែមពីនេះអ្នកស្រីក៏សំណូមពរដល់រដ្ឋាភិបាលជួយពន្លឿនការដោះស្រាយរឿងនេះ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋដែលកំពុងស្នាក់នៅវត្ដសាមគ្គីរង្សីនៅតែមានជំងឺដង្កាត់ ហើយអ្នកខ្លះក្អកមកមានឈាមទៀតផង។
លើសពីនេះអ្នកស្រី ក៏បានបដិសេធទាំងស្រុងនៅពាក្យដែលចោលក្រុមពលរដ្ឋមកពីខេត្ដកោះកុងថា មានអ្នកជួយឧបត្ថម្ភនៅពីខាងក្រោយ គឺមិនមែនជាការពិតឡើយ ដោយអ្នកស្រីសង្កត់ធ្ងន់ថា បើអ្នកស្រីមានគណបក្សនយោបាយនៅខាងក្រោយមែន ពលរដ្ឋទាំងអស់មិនបណ្ដោយឲ្យកូនស្រីតូចៗរបស់ខ្លួន ដេកឈឺ ទាំងអស់អាហារ រាល់ថ្ងៃនេះទេ។
សូមជម្រាបថា បើតាមការឱ្យដឹងពីពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្តកោះកុងបញ្ជាក់ថា ទំនាស់ដីធ្លីនេះបានកើតទ្បើងតាំងពីឆ្នាំ ២០០៦ មកម្លេះ ពោលគឺរវាងក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន ហេង ហ៊ុយ។ កន្លងមកពលរដ្ឋទាំងអស់ក៏ធ្លាប់បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធជាច្រើនដងមកហើយ ក៏ប៉ុន្តែដោយសារ តែគ្មានការឆ្លើយតប ទើបពួកគាត់សម្រេចចិត្ដទ្បើងមករាជធានីភ្នំពេញ ដើម្បីស្វែងរកអន្តរាគមន៍ពីក្រសួងមានសមត្ថកិច្ច។ ពលរដ្ឋស្រុកស្រែអំបិលមានគ្នាប្រមាណជិត ២០០ នាក់ដែលកំពុងស្នាក់នៅវត្ដសាមគ្គីរង្សីនេះ គឺមករាជធានីភ្នំពេញតាំងពីតែពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦៕