ក្រសួងព័ត៌មានណែនាំឱ្យស្ថានីយ៍វិទ្យុនិងទូរទស្សន៍ចាក់ផ្សាយកម្មវិធីទស្សនាទានព្រះពុទ្ធសាសានាសំដៅលើកស្ទួយវិស័យពុទ្ធសាសនា ការអប់រំពលរដ្ឋ ពុទ្ធបរិស័ទ និងការដាស់តឿនកុំអោយមានការប្រព្រឹត្តគ្រឿងញៀន។
ការអំពាវនាវរបស់ក្រសួងព័ត៌មានបានធ្វើឡើងតាមរយៈការជូនដំណឹងមួយដែលចុះហត្ថលេខាលោក ខៀវ កាញារឹទ្ធ រដ្ឋមន្ដ្រីរបស់ក្រសួងនេះ ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី០៦ កុម្ភៈនេះ ។
លិខិតរបស់លោកខៀវ កាញា រឹទ្ធ បានបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ការដាក់កម្មវិធីទស្សនាទានព្រះពុទ្ធសាសនានេះ ត្រូវចាប់ផ្ដើមនៅដើមឆ្នាំ២០១៧នេះ តទៅ។
កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា សំដៅអប់រំ ជាសាធារណៈ តាមប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង អប់រំ ពង្រឹងសីលធម៌ ចរិយាធម៌ សុជីវធម៌ ក្នុងសង្គមឱ្យពលរដ្ឋយល់ដឹងបន្ថែមទៀត អំពី បុណ្យ បាប គុណ ទោស នឹងចៀសវាងឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ រួមទាំងអំពើអានាចារផ្សេងៗ។
លិខិតនេះបានបញ្ជាក់ទៀតថា ទស្សនាទានព្រះពុទ្ធសាសនា ក៏សំដៅអប់រំផងដែរអំពីបញ្ហាសុខភាព ជម្ងឺអេដស៍ គ្រោះថ្នាក់ចរាចណ៍ ដល់យុវជន យុវនារី កុមារ កុមារី នៅទូទាំងប្រទេសកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងអំពីសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។
លោករដ្ឋមន្ដ្រី សង្ឃឹមថា ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ នឹងចាត់ចែងអនុវត្តតាមការស្នើសុំនេះ ឱ្យមានប្រសិទ្ធិភាព៕