en     km
en     km

ទីក្រុង​ភ្នំពេញ​នឹង​ទទួល​បាន​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​បួន​ក្នុង​ពេល​ខាង​មុខ​នេះ​

Share

​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​ចំណត​ចំនួន​ពីរ​អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៧​នេះ​។​ ចំណត​ទាំង​បួន​អាច​នឹង​អនុញ្ញាតិ​ឲ្យ​រថយន្ត​ច្រើន​ជាង​ ១៥០០​ គ្រឿង​ចូល​ចត​។​

 

ចំណតរថយន្ត។រូបតំណាង
ចំណតរថយន្ត។រូបតំណាង
​ចំណតរថយន្ត​ក្រោម​ដី​បង់ថ្លៃ​ដំបូង​គេ​នៅ​កម្ពុជា​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៧​នេះ​។​ សាលា​រាជ​ ធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគឯកជន​កំពុង​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​បួន​ នៅ​ពីក្រោម​សួន​ខាងក្រោយ​ធនាគារ​វឌ្ឍនៈ​ ឆ្ពោះទៅ​កាន់​មាត់ទន្លេ​ផ្សារ​ចាស់​ ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខ​ណ្ឌ័​ដូនពេញ​។​ ចំណត​និ​មួយៗ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​គ្នា​។​

​លោក​ ទូច​ សំណាង​ អគ្គនាយករង​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​  Overseas​ Cambodian​ Investment​ Corporation​ (OCIC)​ ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំ ណោម​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ​ បាន​ឲ្យ​ដឹង​ថា​ ចំណត​ដែល​ក្រុមហ៊ុន​របស់​លោក​ទទួល​សិទ្ធិ​វិនិយោគ​នោះ​នឹង​ត្រូវ​សាងសង់​រួចរាល់​នៅ​ចុងឆ្នាំ​នេះ​។​ ហើយ​បន្ទាប់​ពី​សាងសង់​រួចរាល់​ ចំណត​នោះ​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ភ្លាម​។​ «​បញ្ចប់​គម្រោង​នៅ​ចុងឆ្នាំ​នេះ​ នឹង​ដាក់​ឲ្យ​ដំណើរ​ភ្លាម​»។​

ក្រុមហ៊ុន​ OCIC​ វិនិយោគ​នូវ​ទឹកប្រាក់​ចំនួន​ ៣​ លាន​ដុល្លារ​ក្នុង​ការ​សាងសង់​ចំណត​ក្រោម​ដី​ដែល​មាន​ទំហំ​ ៧០០០​ ម៉ែត្រការ៉េ​។​ ចំណត​នេះ​អាច​ផ្ទុក​រថយន្ត​បាន​ចំនួន​ ២០០​គ្រឿង​។​

​ការ​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ធ្វើ​ឡើង​ក្នុង​គោលដៅ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ និង​ទ្រូងផ្លូវ​សាធារណៈ​ដើម្បី​ចត​រថយន្ត​ និង​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​ និង​ធ្វើ​ឲ្យ​សណ្តាប់​ធ្លាប់​តាម​ទ្រូងផ្លូវ​កាន់តែ​ប្រសើរ​ឡើង​។​

បើ​យោង​តាម​អ្នកនាំពាក្យរ​សាលាក្រុង​ភ្នំពេញ​ លោក​ ម៉េ​ត​ មាស​ភក្តី​ ចំណតរថយន្ត​ក្រោម​ដី​ចំនួន​ ៣​ នៅ​ក្នុង​ចំណោម​ ៤​ ទីតាំង​អាច​ផ្ទុក​រថយន្ត​បាន​ចំនួន​ ១៥០០​គ្រឿង​ និង​ម៉ូតូ​ ១៥០០​ គ្រឿង​។​ ប៉ុន្តែ​ក្នុង​ពេល​នេះ​ចំណត​ចំនួន​ពីរ​ក្នុង​ចំណោម​នោះ​មិន​ទាន់​ចាប់ផ្តើម​សាងសង់​នៅឡើយ​ទេ​។​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ដដែល​លើក​ឡើង​ថា​ ចំណត​ក្រោម​ដី​នេះ​នឹង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​ដែល​មាន​យានយន្ត​ ប៉ុន្តែ​ខ្វះ​ទីតាំង​សំរាប់​ចត​ឲ្យ​មក​ចត​នៅ​ទីតាំង​ថ្មី​នេះ​បាន​។​«​ធ្វើ​ចំណត​នេះ​មិនមែន​មាន​ន័យ​ថា​ ត្រូវ​ប្រមូល​រថយន្ត​ ឬ​ ម៉ូតូ​ទាំងអស់​នៅ​ក្នុង​រាជធានី​ មក​ចត​នៅ​ចំណត​ហ្នឹង​ទេ​ ព្រោះ​វា​ជា​ចំណត​ដែល​សម្រាប់​ជួយ​សម្រួល​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​ ឬ​អ្នក​រស់នៅ​ ឬ​អ្នក​ដែល​មាន​បំណង់​ចង់​ធ្វើការ​សំចត​នៅ​ម្តុំ​ហ្នឹង​គឺ​អាច​ប្រើប្រាស់​ចំណត់​នេះ​»​។​

លោក​ ម៉េ​ត​ មាស​ភក្តី​ អះអាង​ថា​ ដំណើរការ​សាងសង់​ចំណត​យានយន្ត​ក្រោម​ដី​ចំនួន​ពីរ​ទីតាំង​ដំបូង​សំរេច​បាន​ ៧០​ភាគរយ​ហើយ​។​  ចំណែក​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​ពីរ​ទីតាំង​ផ្សេង​ទៀត​ មិន​ទាន់​កំណត់​ពេលវេលា​សាងសង់​នៅឡើយ​។​

សូម​បញ្ជាក់​ថា​ចំណត​យានយន្ត​ក្រោម​ដី​ទាំង​បួន​មាន​ទំហំ​ជាង​ ៩១០០​ ម៉ែត្រការ៉េ​។​ ហើយ​ចំណត​និ​មួយៗ​មានកំ​ពស់​ពីរ​ជាន់​៕

Share

Image
Image
Image