បើតាមអ្នកពាក្យគណបក្សកាន់អំណាច ឬគណបក្សប្រជាជនកម្ពុជា សេចក្ដីព្រាងច្បាប់ ឬ ការកែប្រែច្បាប់ស្ដីពីគណបក្ស នយោបាយ នឹងត្រូវបញ្ចូនទៅសភានៅចុងខែមីនា ឬយ៉ាងយូរនៅដើមខែមេសា គឺ មុនខែមេសា។ បើច្បាប់ថ្មីនេះ លេចចេញជារូបរាងនោះអ្នកនយោបាយមួយចំនួនដែលមានទោសដោយតុលាការផ្ដន្ទាទោសរាប់ទាំង លោក សម រង្ស៊ី ផងដែរ នឹងមិនអាចដឹកនាំគណបក្សសង្គ្រោះជាតិបានទៀតឡើយ។
លោក សុខ ឥសាន្ដ អះអាងថា ការតាក់តែងច្បាប់ថ្មីនេះ គឺជា សិទ្ធិរបស់បក្សកាន់អំណាច ដើម្បីធ្វើអោយសង្គមមួយនីតិរដ្ឋ។
យ៉ាងណាក៏ដោយអ្នកច្បាប់ម្នាក់ដែលមានបទពិសោធន៍ការងារយូរឆ្នាំបង្ហាញការយល់ឃើញរបស់ខ្លួនថា គេមិនគួរធ្វើច្បាប់នយោបាយដាក់ទោសនយោបាយនោះទេ។
សូមស្ដាប់ការបកស្រាយរបស់អ្នកច្បាប់ និងលោក សុខ ឥសាន្ដ ដូចតទៅ ៖
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី លោក មេធាវី គង់ សំអុន ជាមេធាវីនៅសាលាក្ដីខ្មែរក្រហមការពាររឿងក្ដីឱ្យលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបរកម្ពុជាប្រជាធិបតេយ្យ លោកបានបកស្រាយជុំវិញការចោទសួរអំពីប្រតិសកម្មនៃការតាក់តែងច្បាប់ក្នុងកាលៈទេសៈមួយដែលពលរដ្ឋត្រូវប្រើប្រាស់ឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំ។
អ្នកច្បាប់រូបនេះ ពន្យល់ថា បើនិយាយពីច្បាប់ព្រហ្មទណ្ឌ មិនមានប្រតិសកម្មអ្វីទេ តែបើច្បាប់នយោបាយ ឬក៏ច្បាប់រដ្ឋបាល ពិតជាមានប្រតិសកម្ម ។ លោក ពន្យល់ទៀតថា ព្រោះស្មារតីនៃច្បាប់នោះ ហាក់ដើរផ្ទុយនៃចរន្ដនយោបាយសង្គម និងឆន្ទៈរបស់ពលរដ្ឋ ហើយមិនតែប៉ុណ្ណោះ ប៉ះពាល់ដល់គោលការណ៍សេរីពហុបក្សទៀតផង។
លោកបានពន្យល់ដូចនេះ ៖
កាលពីសប្ដាហ៍មុនសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្គាប់ឱ្យតំណាងរាស្ដ្ររបស់លោកដាក់ញត្តិទៅសភា ដើម្បីស្នើឱ្យមានការធ្វើវិសោធនកម្ម ឬតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី គណបក្សនយោបាយ ។ អ្វីដែលសម្ដេចនាយករដ្ឋមន្ដ្រី បង្គាប់ដូចនេះ គឺជាការឆ្លើយតបមួយរបស់លោកចំពោះមេដឹកនាំគណបក្សប្រឆាំង ដែលសម្ដេចថា ព្យាយាមអុកឡុកស្ថានការណ៍នយោបាយដោយដាក់លក្ខខណ្ឌ រំលោភលើដែនយុត្ដាធិការរបស់តុលាការ ករណីសុំដោះលែងសកម្មជនមន្ដ្រីសិទ្ធិមនុស្ស។
ប្រមុខរដ្ឋាភិបាលបានព្រមានថា បើច្បាប់នេះ ចេញជារូបរាងហើយនោះ គឺ អ្នកនយោបាយណាដែលមានរឿងក្ដីក្ដាំនៅតុលាការ នឹងត្រូវបញ្ចប់សិទ្ធិធ្វើនយោបាយ និងធ្វើជាមេដឹកនាំគណបក្ស ។
ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ត្រូវបានគេមើលឃើញថា សំដៅទៅលើលោក សម រង្ស៊ី និងលោក កឹម សុខា ដែលកំពុងមានរឿងក្ដីក្ដាំនៅតុលាការ ។
ជាមួយគ្នានេះទៀត សម្ដេចព្រមានថា នឹងធ្វើច្បាប់រំលាយគណបក្សនយោបាយទៀតផង ។ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលបានផ្ដល់បទសម្ភាសន៍ខ្លីមួយជាមួយវិទ្យុស្ដ្រី បានការពារការបង្គាប់របស់សម្ដចនាយករដ្ឋមន្ដ្រី ដែលស្នើឱ្យមានច្បាប់ថ្មីនេះ ។
អ្នកនាំពាក្យបានបញ្ជាក់ទៀតថា ប្រទេសណាក៏ដោយ គេមិនដែលឱ្យទណ្ឌិតធ្វើនយោបាយនោះទេ លើកលែងតែកម្ពុជាប៉ុណ្ណោះ។ លោកបានបកស្រាយថា ការធ្វើច្បាប់ថ្មីនេះ ការពារទាំងផលប្រយោជន៍របស់ពលរដ្ឋ និងធ្វើឱ្យសង្គមមួយមាននិតីរដ្ឋត្រឹមត្រូវ ដោយមិនរំលោភលើគោលការណ៍ប្រជាធិបតេយ្យនោះទេ។
សំឡេង លោក សុខ ឥសាន្ដ
ប្រទេសកម្ពុជានឹងមានការបោះឆ្នោតធំៗចំនួនពីរ នៅរយៈពេលប៉ុន្មានខែខាងមុខនេះ គឺ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ មិថុនា ឆ្នាំ ២០១៧ និងបោះឆ្នោតសភាអាណត្តិទី៦ ខែកក្កដា ឆ្នាំ២០១៨ ។
គណបក្សពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា បានប្រកាសថា ខ្លួនបានរៀបចំយុទ្ធសាស្ដ្រ ដើម្បីដណ្ដើមអាសនៈមេឃុំរួចរាល់អស់ហើយ។
សម្រាប់គណបក្សតូចៗទៀតក៏ត្រៀមលក្ខណៈផងដែរ។ តែបែបនេះក្ដី ការបោះឆ្នោតសភា គឺជាដំណាក់កាលចុងក្រោយនៃការកាន់អំណាចរដ្ឋដែលគេមើលឃើញថា បក្សកាន់អំណាចបានកែទម្រង់ជាច្រើននៅក្នុងការដឹកនាំប្រទេស។ ចំណែកឯ គណបក្សប្រឆាំងបានត្រៀមធ្វើគោលនយោបាយធំៗ ដើម្បីឃោសនារកសំឡេងឆ្នោត៕