របាយការណ៍របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សបានបង្ហាញថា រយៈពេល ៤ឆ្នាំ ៤ខែមកនេះ កំណើនជនភៀសខ្លួនរ៉ូហ៊ឹងយ៉ា ទៅនៅប្រទេសជិតខាង ដោយសារតែការបង្ក្រាបរបស់កងទ័ពភូមាបានកើនជិត ៧ម៉ឺននាក់ ហើយត្រូវបានសម្លាប់ជាច្រើនរយនាក់។
របាយការណ៍របស់អង្គការពិភពលោកនេះ ធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបានបង្ហាញទៀតថា អ្នកស្លាប់ដោយសារការបង្ក្រាបពួកយោធាភូមា មិនត្រឹមតែមនុស្សចាស់នោះទេ នឹងស្ដ្រី ក៏ត្រូវបានក្រោមការចាប់រំលោភ ហើយសម្លាប់ផងដែរ។ ក្រៅពីនេះ លំនៅដ្ឋានរបស់សហគមន៍ម៉ូស្លីមរ៉ូហ៊ឹងយ៉ាជាច្រើនត្រូវបានដុតបំផ្លាញ ធ្វើឱ្យពួកគាត់ រត់ភៀសខ្លួន ហើយសុំសិទ្ធិជ្រកកោនប្រទេសជិតខាង។ ជាមួយគ្នានេះ ទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានហៅសកម្មភាពពួកយោធាភូមាថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
កាលពីឆ្នាំ ២០១២ អំពើហិង្សាផ្ទុះឡើងរវាងអ្នកកាន់សាសនាម៉ូស្លីម និងសាសនាព្រះពុទ្ធនៅរដ្ឋរាក់ឃីន ភាគខាងលិចនៃប្រទេសភូមាដោយសម្លាប់មនុស្សជាង ២០០នាក់ និងលំនៅដ្ឋានរាប់រយខ្នងរបស់ពួកម៉ូស្លីមត្រូវបានដុតបំផ្លាញ។
សូមជម្រាបថា សហគមន៍រ៉ូហ៊ឹងយ៉ាដែលមករស់នៅរដ្ឋរាក់ឃីនភាគខាងលិចប្រទេសភូមា ពួកគាត់ គឺជា ជនអន្ដោប្រវេសន៍មកពីប្រទេសបង់ក្លាដេស និងឥណ្ឌាន ដោយតាំងទីលំនៅរដ្ឋនេះ តាំងពីសម័យកាលនៃការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស។ ប៉ុន្ដែ ក្រោយអង់គ្លេសបញ្ឈប់ការដាក់អាណានិគមលើភូមា រដ្ឋាភិបាលឯករាជ្យរបស់ប្រទេសនេះ បានបង្កើតរដ្ឋធម្មនុញ្ញថ្មីរបស់ខ្លួនដោយចាត់ទុកសហគមន៍រ៉ូហ៊ឹងយ៉ាជាជនចំណាកស្រុកខុសច្បាប់។ តាមរបាយការណ៍សហគមន៍នេះ មានចំនួនប្រហែលជាជិត ៨០ម៉ឺននាក់ ៕ ប្រភព:Mizzima news