ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រកាសថា កម្ពុជានឹងប្តេជ្ញានាំអង្ករចេញទៅប្រទេសចិនឱ្យបាន ២០ម៉ឺនតោន នៅឆ្នាំ ២០១៧ នេះ។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនៅក្នុងពិធីពិសារបាយសាមគ្គី ជាមួយសមាគមខ្មែរ-ចិន នៅល្ងាចថ្ងៃទី០៤ កុម្ភៈនេះ នៅមជ្ឈ មណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
តាមការឱ្យដឹងពីលោកនាយករដ្ឋមន្ត្រី លោកថា កាលពីឆ្នាំ ២០១៦ កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសចិនបានចំនួន ១០ ម៉ឺនតោន។
កាលពីឆ្នាំមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក លី ខឺឈាន(Li Keqiang) នាយករដ្ឋមន្ត្រីចិនបានពិភាក្សាគ្នាយ៉ាងល្អលើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដោយបានពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។
លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានសន្យាថា លោកនឹងធ្វើការជាមួយថ្នាក់ដឹកនាំចិនដើម្បីពង្រីកទីផ្សារសម្រាប់នាំទំនិញកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមទៀត៕