ភ្នំពេញ៖ គណបក្សនយោបាយដែលត្រៀមប្រកួតប្រជែងដណ្តើមកៅអីតំណាងរាស្ត្រនៅសភាខាងមុខនេះ មិនគាំទ្រឱ្យបក្សកាន់អំណាចធ្វើវិសោធនកម្មច្បាប់ដើម្បីដាក់ជនជាប់ពិរុទ្ធឲ្យនៅក្រៅការដឹកនាំនយោបាយនោះទ្បើយ ខណៈបក្សប្រជាជនកំពុងតាក់តែងឯកសារធ្វើវិសោធន កម្មច្បាប់បានមួយចំនួនហើយ។
ស្របពេលក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំតាក់តែងសេចក្តីព្រាងវិសោធនកម្មច្បាប់មួយដើម្បីហាមប្រាមជនជាប់ពិរុទ្ធមិនឲ្យដឹកនាំបក្សនយោបាយនោះ គណបក្សដែលត្រៀមខ្លួនប្រកួតការបោះឆ្នោតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិខាងមុខសម្តែងការមិនពេញចិត្ត។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ មានប្រសាសន៍ថា លោកមិនគាំទ្រឱ្យធ្វើវិសោធនកម្មច្បាប់ហាមប្រាមជនជាប់ពិរុទ្ធមិនឲ្យដឹក នាំបក្សនយោបាយនោះទេ។ លោកថា ការមិនគាំទ្រនេះដោយ សារតែប្រព័ន្ធតុលាការនៅកម្ពុជាមិនទាន់មានឯករាជ្យភាព ខណៈចៅក្រមនៅមិនទាន់យកច្បាប់មកអនុវត្តឱ្យមានភាពស្មើគ្នា។ លោក សួន សេរីរដ្ឋា៖ «ជាពិសេសគឺក្នុងករណីនយោបាយគឺចៅក្រមត្រូវសំទ្បឹងមើលមុខអ្នកកាន់អំណាចហើយត្រូវរង់ចាំអនុសាសន៏ពីអ្នកកាន់អំណាចដូច្នេះបើអ្នកកាន់អំណាចរាល់ថ្ងៃគាត់ចង់ឱ្យអ្នកណាមួយមានទោសគឺថាឱ្យតែមានពាក្យ បណ្តឹងគាត់អាចប្រើឥទ្ធិពលនយោបាយបញ្ជាឱ្យតុលាការកាត់ឱ្យមានទោសដូច្នេះប្រព័ន្ធតុលាការដែលគ្មានឯករាជ្យភាពនេះគឺមិនអាចឱ្យច្បាប់នេះយកមកអនុវត្តន៏បាននៅក្នុងប្រទេសយើងទេ»។
ប៉ុន្តែលោកថា ប្រសិនបើនៅថ្ងៃមុខតុលាការមានឯករាជ្យភាព អព្យាក្រឹត្យ ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនោះច្បាប់នេះនឹងមានប្រសិទ្ធភាពហើយលោកក៏គាំទ្រផងដែរ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន ក៏មានគោលជំហរប្រហាក់ប្រហែលលោក សួន សេរីរដ្ឋា ផងដែរ។លោក សាម អ៊ីន យល់ឃើញថា ដំណាក់កាលនេះមិនគួរធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយនោះទេ ផ្ទុយទៅវិញត្រូវមានការលើក ទឹកចិត្តបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋឱ្យចូលរួមប្រទ្បូកក្នុងវិស័យនយោបាយ។ លោក សាម អ៊ីន «នេះជាចេតនាមួយចង់បង្ករការលំបាកធ្វើឱ្យរាំងស្ទះដល់ការចូលរួមរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងផ្នែកនយោបាយយើងចង់ឃើញអ្នកនយោបាយខ្មែជើងចាស់ហ្នឹងគួរបោះបង់ចោលទំលាប់អាក្រក់ អ្នកនយោបាយជាន់ខ្ពស់បើមានចិត្តសឿងគាត់ត្រូវផ្តល់ឱកាសឱ្យមានការប្រកួតប្រជែងមួយដោយស្មើភាពមិនត្រូវប្រើតុលាការ ផ្លូវច្បាប់បង្ខាំងអ្នកនយោបាយផ្សេងទៀតមិនឱ្យប្រកួតប្រជែងទេ»។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនទាន់អាចឆ្លើយតបថាតើការធ្វើវិសោធនកម្មនោះនឹងធ្វើឱ្យប៉ះពាល់ដល់បេក្ខជនបក្សនយោបាយ ឬមិនប៉ះពាល់ដល់បក្សនយោបាយយ៉ាងណានៅទ្បើយនោះទេ ដោយលោករង់ចាំមើលថា តើវិសោ ធនកម្មនោះនឹងមានការកែប្រែយ៉ាងណា។ តែលោកគូសបញ្ជាក់ថា ស្ថានភាពនៅពេលនេះមិនគួរចាំបាច់ត្រូវធ្វើវិសោធនកម្មនោះទេ។ «ខ្ញុំយលើថាវាមិនជាការងារអីចាំបាច់ធម្មតាមេរបស់គណបក្សគេជ្រើសរើសដោយសមាជិកគណបក្សហើយកាលណាគេជ្រើសរើសមេនោះហើយគឺថាមេនោះមានសិទ្ធិណែនាំ និងដឹកនាំគណបក្សទោះបីមានច្បាប់ក៏មិនអាចបឈ្ឈប់មេបក្សឱ្យដឹកនាំគណបក្សខ្លួនបានទេ»។
ឆ្លើយតបការលើកទ្បើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត លើកទ្បើងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ មិនធ្វើឱ្យប៉ះពាល់ដល់បក្សនយោបាយណាមួយទ្បើយ ព្រោះថាច្បាប់នេះបង្កើតទ្បើងរយៈពេល ២០ឆ្នាំមកហើយដែលត្រូវមានចំនុចមួយចំនួនត្រូវកែប្រែទ្បើងវិញ។ លោក សុខ ឥសាន្ត បន្ថែមទៀតថា ការធ្វើវិសោធនកម្មនេះទៀតសោតគ្រាន់តែជួនពេលសភាពការណ៍នយោបាយកំពុងតែកើតទ្បើងតែប៉ុណ្ណោះ។ លោក សុខ ឥសាន្ត៖ «យើងមិនមានចេតនាដាក់បន្ទុកទៅលើជនណាមួយនោះទេយើងមើលទៅថាអ្នកដែលជាប់ទោសហើយឱ្យធ្វើប្រធានបក្សថាសមទេ បើយគាត់មិនមានសិទ្ធិឈ្មោះបោះឆ្នោត មិនមានសិទ្ធិឈរឈ្មោះឱ្យស្របពេលបោះឆ្នោតផងឱ្យគាត់ទៅធ្វើប្រធានបក្សអញ្ចឹងអាហ្នឹងសមរម្យទេ វាអត់ទេ »។
សូមជម្រាបថា បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានឱ្យដឹងថា យ៉ាងយូរនៅអំទ្បុងខែមេសា ខាងមុខនេះសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនឹងធ្លាក់ដល់ដៃរដ្ឋសភា៕