ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប តាមរយៈសេច ក្ដីជូន ដំណឹងបញ្ជាក់ថា គ.ជ.ប ត្រូវការជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់ ជាមន្ដ្រីជាប់ កិច្ចសន្យារយៈ ពេលខ្លីចំនួន ៨២៣០នាក់ និងជំនួយការគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ចំនួន ៣៣នាក់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ គណៈកម្មាធិការរាជធានី ខេត្ដរៀបចំការបោះឆ្នោត ទាំង២៥ ទូទាំងប្រទេស ។
តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលផ្សព្វផ្សាយកាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ បន្ថែមឲ្យដឹងថា តួនាទីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតម្រូវរួមមាន៖ ប្រធានទទួលបន្ទុកដឹកនាំការងាររួម និងការងារហិរញ្ញវត្ថុ ០១រូប។ អនុប្រធានជួយធ្វើការប្រធាន និងទទួលបន្ទុកផ្នែកប្រតិបត្ដិការ ០១នាក់។ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល និងលេខាធិការ ០១នាក់។ សមាជិកទទួលបន្ទុកផ្នែកបណ្ដុះបណ្ដាល អប់រំអ្នកបោះឆ្នោត និងព័ត៌មានសាធារណៈ ០១នាក់។ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងការងារសន្ដិសុខបោះឆ្នោត ០១នាក់។ ក្រៅពីនេះក៏មាន ជំនួយការគណៈកម្មការឃុំ-សង្កាត់រៀបចំការការបោះឆ្នោតចំនួន ៣៣ ឃុំ សង្កាត់ ក្នុងមួយឃុំ សង្កាត់ ០១នាក់។
ចំពោះពាក្យសុំបម្រើការងារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចែកជូនដោយឥតគិតថ្លៃនៅតាមគណៈកម្មការរាជធានី-ខេត្ដ រៀបចំការបោះឆ្នោតនិងទីកន្លែងសាធារណៈក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស ចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះតទៅ។ ដោយឡែកកាលបរិច្ឆេទទទួលពាក្យសុំបម្រើការងារ នឹងចាប់ផ្ដើមពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៧៖០០ ព្រឹក រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៧៖៣០នាទី រសៀល៕