ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា កំពុងត្រៀមរៀបចំតាក់តែងវិសោធនកម្មច្បាប់ដើម្បីដាក់ជនជាប់ពិរុទ្ធឲ្យនៅក្រៅការដឹកនាំនយោបាយ ស្របពេលដែលគណបក្សប្រឆាំងរក្សាភាពស្ងៀមស្ងាត់។ គណបក្សប្រឆាំងដែលទំនងជាគោលដៅនៃការកែប្រែច្បាប់នៃការធ្វើនយោបាយនេះ។
ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំតាក់តែងសេចក្តីព្រាងវិសោធនកម្មច្បាប់ដើម្បីហាមប្រាមជនជាប់ពិរុទ្ធមិនឲ្យដឹកនាំបក្សនយោបាយ ហើយសេចក្តីព្រាងវិសោធនកម្មនេះ ទំនងជាអាចនឹងធ្លាក់ដល់ដៃរដ្ឋសភានៅក្នុងអំឡុងខែ មេសា ខាងមុខ។
ដោយឡែកក្រុមតំណាងរាស្ដ្រគណបក្សកាន់អំណាចនេះ កំពុងរៀបចំផ្តិតស្នាមមេដៃដាក់សំណើរជាផ្លូវការទៅកាន់រដ្ឋសភា។ នេះបើយោងតាមមន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងឲ្យដឹងនៅថ្ងៃសុក្រទី ៣ កុម្ភៈ នេះ។
កាលពីថ្ងៃព្រហស្បត្តិ៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់ឲ្យតំណាងរាស្ដ្ររបស់ខ្លួនស្នើច្បាប់ទៅកាន់រដ្ឋសភាដើម្បីទប់ស្កាត់បុគ្គលដែលជាប់ ពិរុទ្ធមិនឲ្យដឹកនាំបក្សនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត ឲ្យដឹងថាក្រុមអ្នកច្បាប់គណបក្សកាន់អំណាចនឹងរៀបចំសេចក្តីព្រាងវិសោធនកម្មនេះ បន្ទាប់មកសំណើរវិសោធនកម្មនេះនឹងត្រូវបញ្ជូនទៅកាន់ទីស្តីការគណរដ្ឋមន្ត្រីពិនិត្យ និងអនុម័តមុននឹងត្រូវបញ្ជូនសេចក្តីព្រាងវិសោធនកម្មច្បាប់នោះទៅកាន់រដ្ឋសភា។
លោក សុខ ឥសាន្ត បន្តថាយ៉ាងយូរនៅខែមេសា ខាងមុខនេះសេចក្តីព្រាងវិសោធនកម្មច្បាប់នោះនឹងទៅដល់ដៃរដ្ឋសភាដើម្បីដាក់ក្នុងរបៀបវិរៈនៃកិច្ចប្រជុំពេញអង្គពិនិត្យនិងសម្រេច។លោក សុខ ឥសាន្ត៖«ខ្ញុំយល់ថា យ៉ាងយូរមិនហួសពីខែ ៤ ទេ ចូលខែ ៤ គឺសភាចូលកងវិញហើយអញ្ចឹងទេគឺថា រៀបចំក្នុងរយៈពេលខែ ២ ខែ ៣ នេះឱ្យស្រេចបាច់នូវនីតិវិធីនឹងបែបបទផ្សេងៗដើម្បីដាក់ជូនទៅរដ្ឋសភាអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនៅដើមខែ ៤»។
ចំណែកលោក ឈាង វុន តំណាងរាស្ត្របក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា តំណាងរាស្ត្របក្សប្រជាជនកម្ពុជាកំពុងតែរៀបចំសំណុំឯកសារដាក់សំណើរទៅរដ្ឋសភាដើម្បីស្នើសុំធ្វើវិសោធនកម្មច្បាប់មួយចំនួននៅពេលឆាប់ៗខាងមុខនេះ។លោក ឈាង វុន៖«មែនទែនទៅតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាយើងនឹងស្នើដោយផ្តល់ស្នាមមេដៃដើម្បីស្នើដល់សភាសុំធ្វើវិសោធនកម្មច្បាប់គណបក្សនយោ បាយឆាប់ៗខាងមុខហើយយើងកំពុងតែមែនទែនយើងចាប់បានធ្វើការហើយយើងរៀបចំសំណុំឯកសារជាទម្រង់ជាមួយគ្នាហ្នឹងយើងក៏មានមនុស្សរៀបចំសិក្សាច្បាប់ចាស់ហ្នឹងតើកន្លែងណាខ្លះត្រូវការកែ សម្រួលតាមសភាពការពេលបច្ចុប្បន្ន»។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះគណបក្សសង្គ្រោះជាតិដែលទំនងជាគណបក្សគោលដៅនៃការធ្វើវិសោធនកម្មច្បាប់នេះ មិនទាន់បញ្ចេញប្រតិកម្មណាមួយជាផ្លូវការនៅឡើយ។ ផ្ទុយទៅវិញលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានអំពាវនាវលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសុក្រ នេះឲ្យសមាជិកបក្ស និងអ្នកគាំទ្របក្សរបស់ខ្លួនស្ថិតក្នុងភាពស្ងៀមស្ងាត់៕