ភ្នំពេញ៖ ប្រជាពលរដ្ឋមកពីខេត្ដកោះកុងជិត ២០០នាក់ ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងវត្ដមួយនៃរាជធានីភ្នំពេញរង់ចាំដំណោះស្រាយរឿងដីធ្លី នៅព្រឹកថ្ងៃទី០២ កុម្ភៈនេះ បាននាំគ្នាទៅក្រ សួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីសុំពន្លឿនការអន្ដរាគមន៍ដោះស្រាយបញ្ហដីធ្លី ដែលពួកគាត់ថា មានក្រុមហ៊ុនអ្នកមានលុយនិងមានអំណាចរំលោភយក។
ករណីនេះអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីឆ្លើយតបថា ក្រសួងកំពុងចរចាជាមួយភាគីក្រុមហ៊ុន។ តែនៅខណៈនេះកូនៗរបស់ពួកគាត់ជាច្រើនកំពុងតែធ្លាក់ខ្លួនឈឺ។ ប្រជាពលរដ្ឋដែលលើកគ្នាទៅស្នើឲ្យក្រសួងរៀបចំដែនដីពន្លឿនការដោះស្រាយដីធ្លីនៅថ្ងៃនេះ បានអះអាងថា ពួកគេនឹងនៅរង់ចាំរហូតលុះត្រាតែមានដំណោះស្រាយបើពុំនោះពួកគាត់នឹងលើកគ្នាទៅតវ៉ានៅមុខផ្ទះសម្ដេច ហ៊ុន សែន។
ពួកគេធ្វើដំណើរមកពីខេត្ដកោះកុងអស់រយៈពេលជិត ២ខែហើយ ដែលមកដេកស្នាក់នៅក្នុងវត្ដសាមគ្គីរង្សីក្នុងរាជធានីភ្នំពេញ។ តំណាងពលរដ្ឋ ២នាក់បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា រឿងនេះគួរតែជួយពន្លឿនការដោះស្រាយឲ្យបានឆាប់បំផុត។ ពួកគាត់បានលើកឡើងដូចនេះថា ៖«អញ្ចឹង ខ្ញុំសំណូមពរឯកឧត្ដមដោះស្រាយដីជួនពួកខ្ញុំមក មិនមែនចេះតែពន្យាពេល ឲ្យពួកខ្ញុំនៅចាំនៅហ្នឹងទេ ពួកខ្ញុំនឹងរង់ចាំបើឯកឧត្ដម មិនឆ្លើយតបនៅថ្ងៃនេះទេ ឬក៏ហៅពួកខ្ញុំទៅដើម្បីផ្ដល់ចម្លើយ នៅសប្ដាហ៍ក្រោយទៀតពួកខ្ញុំនឹងលើកគ្នាទៅតវ៉ានៅផ្ទះសម្ដេច ហ៊ុន សែន»។
បន្ថែមពីនេះ ស្ដ្រីដែលជាតំណាងរបស់ពលរដ្ឋមកពីខេត្ដកោះកុងបន្ដទាំងអួលដើមកថា ក្រុមអ្នកស្រីគ្មានបំណងប្រឆាំងរដ្ឋាភិបាលទេ ប៉ុន្ដែព្រោះតែពេលនេះអ្នកស្រីនិងអ្នកភូមិស្រុកស្រែអំបិល គ្មានជម្រើសអ្វីក្រៅពីនេះ។
ដូចគ្នាដែរបុរសសម្បុរខ្មៅ រូបរាងស្គមស្គាំង វ័យចំណាស់បន្ដិចបានថ្លែងប្រាប់អ្នកសារព័ត៌មានថា រូបលោកក៏ដូចជាអ្នកភូមិដទៃទៀត ដាច់ខាតមិនវិលទៅស្រុកវិញទេ លោកនឹងនៅតែបន្ដតវ៉ារហូតដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដីមានដំណោះស្រាយសមស្របចំពោះបញ្ហាដីធ្លីនេះសម្រាប់ពួកគាត់។ «ប្រជាពលរដ្ឋនឹងនៅតែបន្ដទាមទារហូត រហូតទាល់តែរដ្ឋាភិបាល និងក្រសួងដែនដីហ្នឹង រកដំណោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលឈូសឆាយដីធ្លីប្រជាពលរដ្ឋនេះ»។
ជាការឆ្លើយតបអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី លោក ទេព ធន មានប្រសាសន៍ថា បញ្ហារបស់ប្រជាពលរដ្ឋមកពីខេត្ដកោះកុងនេះក្រសួងបានព្យាយាមសម្របសម្រួលទាំងភាគីពលរដ្ឋនិងភាគីក្រុមហ៊ុនជាច្រើនលើកមកហើយ ប៉ុន្ដែមូលហេតុដែលរហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយ ពីព្រោះតែភាគីក្រុមហ៊ុនមិនទាន់ផ្ដល់ចម្លើយជាក់លាក់ណាមួយមកក្រសួងវិញ។ បន្ថែមពីនេះលោកបន្ដថា ដីធ្លីទាំងនោះគឺសុទ្ធតែជាដីរបស់រដ្ឋដែលផ្ដល់ការវិនិយោគដល់ក្រុមហ៊ុន។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ក្រសួងក៏នៅតែបន្ដព្យាយាមស្វែងរកដំណោះស្រាយសមស្របសម្រាប់ពលរដ្ឋទាំងអស់។ លោក ទេព ធន ៖«វាមិនមែនតែមួយមុខហ្នឹងណា មិនមែនធ្វើតែមួយមុខហ្នឹងណា មន្ដ្រីម្នាក់ៗធ្វើការស្នូលផង ធ្វើការដោយឡែកផង ហើយទើបតែថ្ងៃមុនហ្នឹង ដល់ឥឡូវគាត់មកសួររកលទ្ធផល ត្រង់នេះដូចជាពិបាកដែរ»។
យ៉ាងណាក៏ដោយតំណាងពលរដ្ឋអ្នកស្រី ផាវ ញ៉ឺង បានសំណូមពរដល់អាជ្ញាធររដ្ឋធ្វើយ៉ាងណាពន្លឿនការអន្ដរាគមន៍រឿងនេះផង ព្រោះពេលនេះពលរដ្ឋទាំងអស់ កាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបន្ដថា បើមានដំណោះស្រាយសមស្រប ក្រុមអ្នកស្រីនឹងត្រឡប់ទៅផ្ទះវិញ ព្រោះការមកនេះ ដោយសារតែគ្មានជម្រើសផ្សេង។ អ្នកស្រីបន្តទៀតថា ដោយសារគ្មាន អាហារទទួលទានគ្រប់គ្រាន់ ពេលនេះបានបណ្ដាលឲ្យយកុមារជាច្រើនរបស់អ្នកភូមិ ធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់។
អ្នកស្រី ផាវ ញ៉ឺង ៖«ព្រោះបញ្ហាដីធ្លីនេះហើយ ដែលអត់មានដំណោះស្រាយរបៀបនេះ ទើបធ្វើឲ្យពលរដ្ឋធ្លាក់ខ្លួនធ្ងន់ធធ្ងរជាងនេះ ដោយសារសព្វថ្ងៃមានអ្នកជាច្រើនកំពុងប្រឈមនឹងជំងឺបៀតបៀន ពិសេសកុមារ ឈឺ រាក យ៉ាងច្រើយន»។
សូមជម្រាបថា បើតាមការឲ្យដឹងពីពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តកោះកុង ទំនាស់ដីធ្លីនេះបានកើតទ្បើងតាំងពីឆ្នាំ២០០៦ មកម្លេះ ហើយពួកគាត់ក៏បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធជាច្រើនដងមកហើយ។ ក៏ប៉ុន្តែដោយសារតែគ្មានការឆ្លើយតបទើបពួកគាត់សម្រេចចិត្ដ ទ្បើងមករាជធានីភ្នំពេញជាថ្មីទៀត ដើម្បីស្វែងរកអន្តរាគមន៍ពី ក្រសួងមានសមត្ថកិច្ច៕