en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ចង់​ឲ្យ​មានច្បាប់​រំលាយ​គណបក្ស​ដូច​នៅ​ថៃ​ (មានសំឡេង)

Share

ភ្នំពេញ​៖​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ បាន​បង្គាប់​ឲ្យ​តំណាងរាស្ដ្រ​របស់​ខ្លួន​ស្នើ​ច្បាប់​ទប់ស្កាត់​បុគ្គល​ដែល​ជាប់ពិរុទ្ធ​មិន​ឲ្យ​ដឹកនាំ​បក្សនយោបាយ​។

hun-sen
សម្ដេច ហ៊ុន សែន
​ ​ចេតនា​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​ ដែល​មាន​ឥទ្ធិពល​នៅ​កម្ពុជា​កំពុង​ជាប់កុន​ក្នុង​សំណុំរឿង​តុលាការ​។​  ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ជំរុញ​ឱ្យ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​ញត្តិ​ទៅ​សភា​ដើម្បី​ស្នើ​ច្បាប់​ រារាំង​មិន​ឱ្យ​ទណ្ឌិត​ធ្វើ​ប្រធាន​គណបក្ស​ ដោយ​សម្តេច​ចង់​អនុវត្តន៍​តាម​គំរូ​នយោបាយ​នៅ​ប្រទេស​ថៃ​។

​ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​នេះ​ សម្តេច​ ហ៊ុន​ សែន​ ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​និង​សម្រេច​លើ​សំណើ​នេះ​ក្នុង​ថ្ងៃ​ដដែល​នេះ​។​ «​វា​មិន​ដែល​ឱ្យ​អាណា​ អ្នកទោស​យក​មក​ធ្វើ​ប្រធាន​គណបក្ស​ទេ​។​ ម្សិលមិញ​ចុះហត្ថលេខា​បង្កើត​អា​ដ​ហុ​កមួយ​របស់​គណបក្ស​ប្រជាជន​ ថ្ងៃនេះ​ប្រជុំ​ខ្ញុំ​ស្នើ​សុំ​ប្រជុំ​តែ​មួយ​ល្ងាច​ហ្នឹង​បាន​ហើយ​កុំ​ប្រជុំ​យូរ​ពេក​ មើល​ឱ្យ​ហើយ​សម្រេច​ទៅ​»​។

​សំណើរ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​តុលាការក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​កាលពី​ពេល​ថ្មីៗ​នេះ​។​ ហើយ​លោក​ សម​ រ​ង្ស៊ី​ ក៏​កំពុង​ជាប់​បណ្តឹង​ជុំ​ទិស​ផង​ដែរ​។​ លោក​ សម​ រ​ង្ស៊ី​ បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​និរទេស​ដោយ​ស្ម​គ្រ័​ចិត្ត​នៅ​ក្រៅប្រទេស​។​

​ជាមួយ​គ្នា​នេះ​ សម្តេច​ក៏​ចង់​អនុវត្តន៍​ច្បាប់​ដូច​នៅ​ប្រទេស​ថៃ​ គឺ​ចំពោះ​គណបក្ស​ណា​ខុស​ធ្ងន់​នឹង​រំលាយ​បក្ស​ចោល​ ហើយ​រាល់​អ្នកនយោបាយ​ដែល​ជា​សមាជិក​គណៈ​ក​ម្មា​នាយក​នៃ​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​នោះ​ នឹង​ហាម​មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។​

sam-kuntheamy
លោក សំ គន្ធាមី

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​និង​តំណាងរាស្ដ្រ​ផ្សេង​ទៀត​របស់​គណបក្ស​នេះ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃនេះ​ដោយសារ​ទូរស័ព្ទ​របស់​ពួក​គាត់​រោ​ទិ៍​ដោយ​គ្មាន​អ្នក​ទទួល​។​ ​ជុំវិញ​បញ្ហា​នេះ​ លោក​ សម​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ច​ មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​នយោបាយ​ឬ​ដឹកនាំ​នយោបាយ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​។​ «​ឆ​ន្ទះ​របស់​គេ​ យើង​អត់​អាច​ហាមឃាត់​គេ​បាន​ទេ​ អាហ្នឹង​សិទ្ធិ​របស់​គេ​ គេ​គាំទ្រ​អ្នក​ណា​ក៏​ដោយ​ ទោះ​ទណ្ឌិត​ក្តី​ បើ​គេ​នៅ​ស្រលាញ់​ នៅ​គាំទ្រ​ ហ្នឹង​ជា​រឿង​របស់​គេ​ យើង​ទៅ​ហាម​គេ​មិន​បាន​ទេ​»​។​

​លោក​ សម​ គ​ន្ធា​មី​ បន្ត​ថា​ ចេតនា​ណាមួយ​ចង់​រំលាយ​គណបក្ស​នយោបាយ​ដូច​ប្រទេស​ថៃ​ «​គឺជា​រឿង​គ្រោះថ្នាក់​មួយ​ និង​អយុត្តិធម៌​បំផុត​»​ សម្រាប់​គណបក្ស​នយោបាយ​ដែល​មាន​កំហុស​។​ យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ «​មាន​សិទ្ធិ​បោះ​ឆ្នោត​ និង​អាច​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​» ​បាន​៕

Share

ព័ត៌មានទាក់ទង

Image