ភ្នំពេញ៖ប្រទេសអូស្ត្រាលីបានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលីចាប់ពីខែកុម្ភៈ ដល់ខែមេសា។ អាហាររូបករណ៍នេះសំរាប់ការសិក្សានៅឆ្នាំ២០១៨។
រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានបើកទទួលពាក្យស្នើសុំអាហាររូបការណ៍ទៅសិក្សានៅប្រទេសរបស់ខ្លួនជាផ្លូវការហើយសំរាប់ឆ្នាំសិក្សា២០១៨។ និស្សិតដែលចាប់អារម្មណ៍អាចដាក់ពាក្យចាប់ពីថ្ងៃទី១ខែកុម្ភៈ ដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៧។ និស្សិតដែលមានសំណាងចំនួន ៥០នាក់នឹងត្រូវជ្រើសរើស។ ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក ស្រី អេនជេទ្បា ខកខឺរ៉េន បានថ្លែងក្នុងពិធីប្រកាសបើកកម្មវិធីទទួលអាហាររូបករណ៍កាលពីថ្ងៃទី១ ខែកុម្ភៈ ក្នុងទីក្រុងភ្នំពេញថា រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ប្រ ទេសអូស្ត្រាលីនៅតែប្តេជ្ញាផ្តល់អាហារូបករណ៍ដល់កម្ពុជាដោយសារវាផ្តល់អត្ថប្រយោជន៍រយៈពេលយូរសម្រាប់ប្រជាជនកម្ពុជា។ លោកស្រីលើកឡើងថា ការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជានេះនឹងជួយពង្រឹងមិត្តភាពទ្វេភាគីរវាងកម្ពុជានិងអូស្ត្រាលី។
លោក ស្រី អេនជេទ្បា ខកខឺរ៉េន «នៅពេលនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្ត្រាលី និងនៅពេលនិស្សិតអូស្ត្រាលីមកសិក្សា ឬធ្វើកម្មសិក្សានៅកម្ពុជាមិត្តភាពយូអង្វែងនឹងកើតមានទ្បើង។ ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ការស្វែង រកយល់ពីរបៀបរស់នៅវប្បធម៌ និងគុណតម្លៃរវាងគ្នានេះហើយ ដែលបង្កើតជាមូលដ្ឋាននៃភាពជាដៃគូដ៏រឹងមាំ និងគង់វង្សនៃប្រទេសអូស្ត្រាលី និងកម្ពុជា»។
ឆ្លើយតបនឹងការលើកទ្បើងនេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីទ្បា ទទួល ស្គាល់ថាអាហារូបករណ៍របស់ប្រទេសអូស្ត្រាលីពិតជាបានរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
លោក ហង់ ជួន ណារ៉ុន បន្តថាក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាហារូបករណ៍ដល់កម្ពុជាចន្លោះពី ៥០-៦០នាក់ ក្នុង ១ឆ្នាំៗក្នុងនោះនិស្សិតប្រមាណ ២១នាក់ដែលបញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលី បានមកធ្វើការនៅក្រសួងអប់រំយុវជននិងកីទ្បា។ «អ្នកដែល ត្រឡប់មកវិញគឺគាត់បានចូល រួមចំណែកនៅក្នុងការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ក្រសួង ក៏ដូចជាអភិវឌ្ឍន៍នៅក្នុងព្រះរាជណាចក្រកម្ពុ ជាយើងឃើញហើយថាកម្ពុជាយើងត្រូវការធនធានមនុស្សដែលមានគុណភាពហើយអ្នកដែលទៅរៀនហ្នឹងភាគច្រើនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នឹងកម្រិតបណ្ឌិតអញ្ចឹងអាហារូបករណ៍នេះជួយទៅដល់ការអភិវឌ្ឍន៍កម្ពុជា»។
សូមបញ្ជាក់ថា អាហារូបករណ៍នេះបានលើកទឹកចិត្តដល់ស្ត្រីឬជនពិការ និងបេក្ខជនដែលមកពីតាមបណ្តាខេត្តនានាឲ្យដាក់ដាក់ពាក្យ។ គិតចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០១៦ មាននិស្សិតកម្ពុជាជាង ៧០០នាក់ហើយបានបន្តការសិក្សានៅប្រទេសអូស្ត្រាលី។
ព័ត៌មានលម្អិតដែលទាក់ទងនឹងការចុះឈ្មោះបន្តការសិក្សានៅប្រទេសអូស្ត្រាលីនេះសូមចូលទៅក្នុងវេបសាយ www.australiaawads.gov.au ៕