ភ្នំពេញ៖ក្រុមបណ្តាញស្ត្រីចំនួន ៣២បានអំពាវនាវឲ្យអាជ្ញាធរជួយស្វែងរកយុត្តិធម៌ឲ្យស្ត្រីរកស្រីផ្លូវភេទម្នាក់ដែលស្លាប់ដោយសារការរត់គេចពីការតាមចាប់របស់ក្រុមសន្តិសុខខណ្ឌបណ្តាលឲ្យដួលបោកក្បាលទៅនិងទូក ហើយធ្លាក់ចូលក្នុងទឹកទន្លេបណ្តាលឲ្យស្លាប់។
នេះបើយើងតាមលិខិតរបស់ក្រុមបណ្ដាញស្ត្រី ដែល ផ្សព្វផ្សាយកាលពីថ្ងៃអង្គារិ៍ ទី៣១ មករា។ អ្នកស្រី ប៉ែន សុគន្ធា ហៅស្រីម៉ៅ ដែលជាស្ត្រីប្រកបរបរផ្លូវភេទនៅម្តុំវត្តភ្នំបានស្លាប់កាលពីថ្ងៃទី០១ មករា ឆ្នាំ ២០១៧ បន្ទាប់ពីក្រុមសន្តិសុខរក្សាសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានដេញចាប់ ក្រុមអ្នកប្រកបរបផ្លូវភេទ បានបណ្តាលឲ្យអ្នកស្រី ប៉ែន សុគន្ធា ដួលបោកក្បាលទៅនឹងទូក ធ្លាក់ចូលទឹកទន្លេបណ្តាលស្លាប់។
បើយោងតាមលិខិតចំហរបស់ក្រុមបណ្តាញស្ត្រីទាំងនោះ ដែលវិទ្យុស្ត្រីទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ នេះ បានអំពាវនាវឲ្យក្រសួងកិច្ចការនារីចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជួនជនរងគ្រោះ និងក្រុមគ្រួសារ។ ក្រុមបណ្តាញស្ត្រីទាំងនោះក៏ស្នើឲ្យក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ ស្វែង រកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីលើកកម្ពស់នីតិរដ្ឋនិងលុបបំបាត់និទណ្ឌភាពនៅកម្ពុជា។
លិខិតជំហនោះក៏បានទទូចឲ្យសាលារាជធានីភ្នំពេញ បញ្ឈប់ការប្រើប្រាស់កងសន្តិសុខ ក្នុងការគំរាម កំហែង ធ្វើការបង្ក្រាបនិងប្រើអំពើហិង្សាមកលើអ្នកប្រកបរបរផ្លូវភេទនិងស្ត្រីធ្វើការតាមគ្រឹះស្ថានសេវាកម្សាន្ត ដោយក្នុងរូបភាពរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ លើសពីនេះក្រុមបណ្តាញស្ត្រី បានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាលជួយសហការពង្រឹងលើកិច្ចការគាំពារតម្លៃនិងសិទ្ធិស្ត្រី ដើម្បីទប់ ស្កាត់អំពើរំលោភបំពានការរើសអើងស្ត្រីប្រកបរបរផ្លូវភេទ។
ក្រុមបណ្តាញសហគមន៍និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារជាមួយប្រជាជនប្រឈមមុខខ្ពស់ និងងាយរងគ្រោះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ សន្តិសុខ សុវត្ថិភាព គុណតម្លៃ យុត្តិធម៌ និង សិទិ្ធរបស់ស្ដ្រី។ ក្រុមបណ្តាញស្ត្រីសង្កេតឃើញថា ស្ត្រីកំពុងតែប្រឈមនឹងការរើសអើងនិងការមាក់ងាយនៅក្នុងសង្គមកម្ពុជា ដែលបណ្ដាលឲ្យមានអំពើហិង្សាធ្ងន់ធ្ងរ និងការគំរាមកំហែងគ្រប់រូបភាព រហូតដល់ការបាត់បង់ជីវិត ដែលមានជាអាទិ៍ករណីអ្នកស្រី ប៉ែន សុគន្ធា នេះជាដើម៕