ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានថ្លែងព្រមានជាថ្មីម្ដងទៀតទៅលើគណបក្សប្រ ឆាំង ដោយគំរាមចាត់ការតាមផ្លូវច្បាប់ ប្រឆាំងទាំងលោក កឹម សុខា និងលោក សុន ឆ័យ បើនៅតែនិយាយថា ខ្លួនជាក្រុមសម្លេងសភាភាគតិចទៀតឬក៏ជាប្រធានក្រុមតំណាងរាស្ដ្រ សម្លេងភាគតិច។
ការព្រមានរបស់ប្រមុខរដ្ឋាភិបាលធ្វើឡើងនៅថ្ងៃនេះ ក្នុងពិធីចែកសញ្ញាបត្រឱ្យនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិព័រណ៍កោះពេជ្រ គឺ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្ដេចព្រមានរឹបអូសស្នាក់ការគណបក្សសង្គ្រោះជាតិយកមកលក់ឡៃឡុង បើតុលាការកាត់ក្ដីឱ្យសម្ដេច ឈ្នះលើបណ្ដឹងក្នុងសំណុំរឿងបរិហារកេរ្ដិ៍ប្រឆាំងលោក សម រង្ស៊ី ទាក់ទិននឹងមេបក្សប្រឆាំងរូបនេះ និយាយថា សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា ប្រើប្រាស់លុយ ១លានដុល្លារឱ្យស្ដ្រីម្នាក់បំបែកបំបាក់គណបក្សសង្គ្រោះជាតិ។
សម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា បើតំណាងរាស្ដ្របក្សប្រឆាំងទាំងពីររូបនេះ ដើរនិយយាយថា ខ្លួនជាតំណាងរាស្រ្ដឱ្យសភាសម្លេងភាគតិចឬប្រធានក្រុមតំណាងរាស្ដ្រទៀតនោះ អស់ លោកនឹងប្រឈមមុខចំពោះផ្លូវច្បាប់។
សម្ដេច ហ៊ុន សែន ៖ « ទីមួយ ផ្ដាំទៅលោក សុន ឆ័យ លោកចង់សាកលោកធ្វើមើល៍ រដ្ឋនេះគឺរដ្ឋ លោកកុំបង្កើតរដ្ឋក្នុងរដ្ឋ កុំបង្កើតសភាពីរសភាមួយនៅចាក់អង្រែសភាមួយនៅទីនោះ (វិមានរដ្ឋសភា ) កុំយកវេទិកាប្រជុំកាសែតធ្វើរបៀបនឹងលោកសាកមើល៍ បើលោកចិត្តជាកូនប្រុស ក្រោយពីសម្ដេចប្រធានសភា លុបចោលសេចក្ដីប្រកាសនេះហើយ លុបចោលការតែងតាំងទាំងឡាយហើយ លោកដើរប្រកាសខ្លួនឯងទៅ លោកសាកលមើល៍ ថយក្រោយបន្ថិច មិនមែនជាការព្រមានទេ មិនមែនជាការគំរាមទេ ប៉ុន្ដែតម្រូវឱ្យខ្ញុំនិយាយបែបនេះ»។
សូមរម្លឹកថា កាលពីថ្ងៃទី៣១ មករា សម្ដេច ហ៊ុន សែន បានលើកឡើង នៅក្នុងកិច្ចប្រជុំវិសាមញ្ញសភាថា ចាប់ពីថ្ងៃនេះតទៅ សម្លេងភាគតិចនៅក្នុងរដ្ឋសភាលែងមានទៀតហើយ ដោយសារតែប្រការ ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងត្រូវបានធ្វើវិសោធនកម្មទុកជាមោឃៈ ៕