ភ្នំពេញ៖ស្ដ្រីដែលជាប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលវិទ្យុស្ត្រីសុំសម្ភាសន៍បានអះអាងថា ពួកគាត់គ្មានចិត្ដចង់ចូលប្រឡូកក្នុងឆាកនយោបាយនៅពេលនេះទេ ពីព្រោះតែពួកគាត់យល់ឃើញថា ស្ដ្រីបច្ចុប្បន្ន ភាគច្រើននៅតែទទួលរងគ្រោះដោយហិង្សា ឬ រងអំពើអយុ ត្តិធម៌នៅឡើយ។ ពួកគាត់ចង់បន្ដការងារ ដើម្បីការពារស្ត្រី ឲ្យទទួលបានសិទ្ធិពេញលេញជាជាងការបង្កើតគណបក្សនយោបាយឬក៏ចូលរួមជាមួយគណបក្សនយោបាយផ្សេងៗ។
នៅឆ្នាំ២០១៧ និង២០១៨ ដែលសល់មិនដល់២ឆ្នាំទៀតនោះ ប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍បោះឆ្នោត ចំនួន២ សំខាន់ៗ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតសភា។ រយៈពេលនេះហើយ ដែលជារដូវប្រមូលផ្ដុំគ្នា ដើម្បី ប្រឡូកនយោបាយជួយកសាងជាតិនិងពង្រឹងអំណាចម្ចាស់ឆ្នោត។ ក្នុងឱកាសនេះ គេសង្កេតឃើញសង្គមស៊ីវិលជាច្រើន ចូលប្រឡូកក្នុងវិស័យនយោបាយ។ តើហេតុអ្វីបានជា លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC លោកស្រី អុក ឆាយ៉ាវី ប្រធានសមាគនគ្រូបង្រៀកម្ពុជាឯករាជ្យនិងលោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បែរជាមិនចាប់អារម្មណ៍ទៅវិញ?
លោកស្រី រស់ សុភាព មានប្រសាសន៍ថា លោកស្រីគ្មានចំណាប់អារម្មណ៍ចង់បង្កើតគណបក្សនយោបាយឬក៏ចូលជាមួយគណបក្សនយោបាយណាទេ ដោយយល់ឃើញថា ស្ដ្រីកម្ពុជានៅមានច្រើនណាស់ ដែលកំពុងរងគ្រោះព្រោះការរំលោភសិទ្ធិ ការមិនឲ្យតម្លៃ និងការមាក់ងាយពីសង្គម។
ម្យ៉ាងវិញទៀតនាយិកាអង្គការ GADC យល់ឃើញថា ជាតិជាស្ដ្រីមានការគិតគូខ្ពស់ពីសុខទុក្ខគ្រួសារ ដែលស្ដ្រីពិតជាមិនងាយលះបង់ទ្រព្យសម្បត្ដិគ្រួសារ ដើម្បីចូលនយោបាយដោយភ្លេចតួនាទីរបស់ខ្លួនោះទេ។ ជាងនេះលោកស្ដ្រីថា ការចូលប្រឡូកក្នុងវិស័យនយោបាយនៃប្រទេសកម្ពុជា ពិសេសគឺស្ដ្រី មិនងាយនោះទេ ព្រោះបរិបទប្រទេសកម្ពុជាមិនទាន់បើកទូលាយសម្រាប់ស្ដ្រីឡើយ។
លោក ស្រី រស់ សុភាព ៖«នយោបាយនៅប្រទេសកម្ពុជា គឺជានយោបាយមួយដែលប្រឈមនឹងបញ្ហាជាច្រើន អាចថា ជានយោបាយមួយគ្រោះថ្នាក់ក៏បាន ប៉ុន្ដែលើសពីគ្រោះថ្នាក់ទៅទៀតនោះគឺ ការប្រ ឈមដាក់គ្នាជាឯកជន ដោយមិនបានយកបញ្ហាជាតិជាធំ»។
យ៉ាងណាលោកស្រី រស់ សុភាព បង្ហាញការប្ដេជ្ញាថា ថ្វីត្បិតលោកស្រីមិនចូលធ្វើនយោបាយមែន ប៉ុន្ដែលោកស្រីក៏បានលើកទឹកចិត្ដដល់ស្ដ្រីវ័យក្មេងជំនាន់ក្រោយត្រូវតែហ៊ានបង្ហាញសមត្ថភាពរបស់ខ្លួនចូលរួមកិច្ចការផ្សេងៗដើម្បីអភិវឌ្ឍជាតិ។
ដូចគ្នាដែរប្រធានសមាគមគ្រូបង្រៀកម្ពុជាឯករាជ្យ ដែលទើបទទួលតំណែងថ្មីថ្មោងអះអាងថា លោកស្រីចូលចិត្ដធ្វើការដោយឯករាជ្យ មិនចង់ស្ថិតក្រោមចង្អុលដៃរបស់បុគ្គលណានោះទេ ពិសេសគឺការចូលរួមគណបក្សនយោបាយនេះ លោកស្រីគ្មានចំណាប់អារម្មណ៍ឡើយ។ លោកស្រី អុក ឆាយ៉ាវី មានប្រសាសន៍ថា លោកស្រីមិនចង់បង្កើតគណបក្សនយោបាយ ហើយមិនចូលរួមជាមួយគណបក្សនយោបាយណាទាំងអស់ ប៉ុន្ដែបើចូលរួមក្នុងការទាមទារភាពថ្លៃថ្នូរសម្រាប់គ្រូបង្រៀនលោកស្រីគ្មានការរារែកឡើយ។ លោកស្រីទៀតថា ជាទស្សនវិស័យរបស់លោកស្រីមានតែមួយគត់ គឺចង់ឃើញការផ្ដល់តម្លៃដល់គ្រូបង្រៀន ដែលជាឪពុកម្ដាយទីពីររបស់សិស្សឲ្យកាន់តែប្រសើរ។
លោកស្រី អុក ឆាយ៉ាវី ៖«បើនិយាយពីវិស័យនយោបាយនេះ ឲ្យខ្ញុំចូលជាមួយគណបក្សខ្ញុំអត់ចូលទេ តែបើថានយោបាយដែរ តែធ្វើយ៉ាងណាឲ្យលោកគ្រូអ្នកគ្រូរស់នៅបានល្អប្រសើរខ្ញុំចូលរួម ព្រោះខ្ញុំមិនចូលចិត្ដឲ្យគេបងញ្ជាឆ្វេងៗស្ដាំៗនោះទេ»។
ចំណែក ស្ដ្រីល្បីឈ្មោះម្នាក់តែងតែចេញមុខប្រឆាំងការគំរាមកំហែង ការរំលោភសិទ្ធិការងារ កម្មករ កម្មការិនីនិយាយថា ចំពោះលោកស្រីមានបំណងចង់ចូលរួមនយោបាយដើម្បីបង្ហាញពីសមត្ថភាពរបស់ស្ដ្រីផងដែរ ក៏ប៉ុន្ដែបច្ចុប្បន្ននេះលោកស្ដ្រីមិនអាចទៅបានទេ ព្រោះមានកម្មករច្រើនម៉ឺននាក់ណាស់ដែលនៅតែត្រូវ ក្រុមថៅកែរោងចក្ររំលោភសិទ្ធិការងាររបស់ពួកគេ។ ស្ត្រីរូបនេះ គឺលោកស្រី យ៉ាង សោភ័ណ្ឌដែលជា ប្រធានសម្ព័ន្ធសហជីពកម្ពុជា។ លោកស្រីនិយាយថា ពេលនេះលោកស្រីមិនគិតអ្វីច្រើននោះទេ ក្រៅតែពីការការពារសិទ្ធិកម្មករ កម្មការិនី កុំឲ្យមានការរំលោភបំពានកម្លាំងពលកម្មបន្ដទៀត។ លោកស្រីបន្ដថា ជាស្ដ្រីមួយរូប គឺពិតជាមានសេចក្ដីខ្លោចផ្សាណាស់ ដែលកម្មករស្ទើរតែ ៩០ភាគរយជាស្ដ្រី នៅតែមានការរើសអើងនិងរំលោភសិទ្ធិការងារ ដែលកលោកស្រីត្រូវបន្កការទាមទារសិទ្ធិការងារសម្រាប់កម្មកររហូតទាល់តែមានការគោរពសិទ្ធិពួកគាត់បានត្រឹមត្រូវ ទើបលោកស្រីពិចារណាពីដំណើរចូលឆាកនយោបាយ។
លោកស្រី យ៉ាង សោភ័ណ្ឌ ៖«ខ្ញុំគិតថា កម្មករគាត់នៅត្រូវការអ្នកពឹងផ្អែក អ្នកដែលអាចជួយគាត់បាន ហើយសំខាន់នាពេលបច្ចុប្បន្ននេះ កម្មករគឺមិនទាន់ដល់គោលដៅរបស់គាត់ដែលគាត់ចង់បានទេ ដូច្នេះគំនិតរបស់ខ្ញុំ ខ្ញុំចង់ជួយសង្គម និងជួយកម្មករបន្ដទៀតសិន»។
ទោះជាយ៉ាងណាក៏ដោយ ទាំងលោកស្រី រស់ សុភាព លោកស្រី អុក ឆាយ៉ាវី និងលោកស្រី យ៉ាង សោភ័ណ្ឌ បានសរសើរចំពោះស្ត្រី មួយចំនួនដែលស្ម័គចិត្តជួយសង្គមតាមរយៈការប្រឡូកក្នុងវិស័យនយោបាយ ហើយត្រូវបានជ្រើសតាំងជាស្ត្រីឈានមុខរបស់គណបក្សនយោបាយនៅកម្ពុជា ដែលតៀមប្រកួតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕