ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានឲ្យដឹងនៅថ្ងៃពុធ នេះថា ក្រសួងកំពុងរៀបចំឯកសារមួយចំនួនពាក់ព័ន្ធនឹងប្រាសាទបន្ទាយឆ្មារដើម្បីដាក់ស្នើអង្គការ យូណេស្កូ សុំបញ្ចូលប្រាសាទមួយនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ដោយឡែកអ្នកនាំពាក្យក្រសួងវប្បធម៌មិនទាន់អាចបញ្ជាក់បានថា សំណុំឯកសារនោះនឹងត្រូវធ្វើចប់សព្វគ្រប់នៅពេលណាទេ។
ថ្លែងក្រោយពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រកាសថា ក្រសួងវប្បធម៌កំពុងតាក់តែងឯកសារពាក់ព័ន្ធនឹងប្រាសាទបន្ទាយឆ្មារដើម្បីស្នើសុំការយល់ព្រមពីអង្គការយូណេស្កូដើម្បីដាក់ប្រាសាទដ៏ចំណាស់មួយនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា ការដាក់ប្រាសាទបន្ទាយឆ្មារជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺដើម្បីឲ្យមានការចូលរួមការពារប្រាសាទបុរាណខ្មែរនិងធ្វើឲ្យមានការស្គាល់ប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។ «ដូចជាប្រាសាទអង្គរក្តីព្រះវិហារក្តីដែលយើងបានដាក់ចូលហើយហ្នឹងផលចំណេញគឺធ្វើឱ្យទីតាំងក្លាយជារបស់មួយដែលមានភាពល្បីល្បាញនៅលើពិភពលោកទី០១និងទី០២ អាចទាក់ទាញមិត្តភក្ត្រដែលជាដៃគូបរ ទេសនឹងថវិកានានារបស់អង្គការយូណេស្កូមកជួយថែរក្សាជាមួយយើងព្រោះជារបស់បេតិកភណ្ឌពិភពលោកហើយពេលហ្នឹង»។
ប្រសាទបន្ទាយឆ្មារដែលស្ថិតនៅជិតជួរភ្នំដងរែក មានទីតាំងក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចម្ងាយប្រមាណ ១១០ គីទ្បូម៉ែត្រភាគពាយព្យនៃអតីតរាជធានីអង្គរ។ គឺជាប្រាសាទដែលមានក្បាច់រចនាយ៉ាងល្អប្រណិត។ ប៉ុន្តែជាអកុសលរូបបដិមាក្នុងប្រាសាទនេះជាច្រើនត្រូវគេលួចយកទៅលក់ឲ្យបរទេសក្នុងអំឡុងសង្គ្រាមអូសបន្លាយនៅកម្ពុជា។
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកទ្បើងថា ក្រសួងមិនទាន់អាចបញ្ជាក់បានទេថា ក្រសួងនឹងរៀបចំឯកសាររួចរាល់និងដាក់ជូនអង្គការយូណេស្កូនៅពេលណានោះទេ។ លោក ថៃ នរៈសត្យា បានរៀបរាប់ថា កម្ពុជាបានដាក់ប្រាសាទមួយចំនួនជាសម្បតិ្តបេតិកភណ្ឌពិភព លោក ប្រកបដោយជោគជ័យរួចមកហើយ។ «ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ យើងដឹងបេតិកភ ណ្ឌមួយចំនួនដូចជាបេតិកភណ្ឌអរូបី ទាញព្រាត់ របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ និងថ្មីៗនេះទៀតចាប៉ីដងវែងជាដើម»។
លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ភឿង សកុណា បញ្ជាក់ថា កន្លងមកក្រសួងបានបញ្ជូនឯកសារជាច្រើនទាក់ទងប្រាសាទសម្បូរព្រៃគុហ៍ទៅអង្គការយូណេស្កូវាយតម្លៃដើម្បីឲ្យអង្គការកំពូលនេះទទួលស្គាល់ប្រាសាទវ័យចំណាស់នេះជាសម្បត្តិបេតិកភណ្ឌពិភពលោក៕