ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោកមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីទាំង ៣រូបនោះ ចូលទៅបំភ្លឺនៅក្នុងរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់អ្នកតំ ណាងរាស្ត្រគណ បក្សសង្គ្រោះជាតិ ព្រោះតែតំណាងរាស្ត្របក្សប្រឆាំងមិនគោរពច្បាប់និងមិនចូលរួមប្រជុំសភា។ ចំណែកគណបក្សសង្គ្រោះជាតិនៅបន្តប្រកាន់ជំហរកោះហៅរដ្ឋមន្ត្រីទាំងនោះមកសាកសួរ។
រដ្ឋមន្ត្រីទាំង ៣រូបដែល សម្ដេចនាយករដ្ឋមន្ត្រីមិនឱ្យចូលបំភ្លឺតាមគម្រោងនៃការកោះហៅ របស់គណ បក្សសង្គ្រោះជាតិ មានលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អ៊ិន សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិដែលគណបក្សសង្គ្រោះជាតិគ្រោងកោះហៅ មកបំភ្លឺ លើករណីដំឡើងឋានន្តរស័ក្តិដល់អង្គរក្សម្នាក់របស់សម្តេច ហ៊ុន សែន ដែលវាយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺ លោក គង់ សភា និង លោក ញ៉យ ចំរើន។ រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងត្រូវចោទសួរអំពីទិន្នផលកសិកម្មរបស់ប្រជាកសិករគ្មានទីផ្សារ។ ចំណែករដ្ឋ មន្ត្រីក្រសួងការងារ នឹងត្រូវចោទសួរអំពីកង្វះការងារនៅក្នុងស្រុកសម្រាប់ពលរដ្ឋខ្មែរ។ តាមការចុះផ្សាយរបស់ គេហទំព័រ Fresh News អ្វីដែលនាំឱ្យ សម្ដេចនាយករដ្ឋមន្ត្រី ខឹងហើយបដិសេធមិនឱ្យរដ្ឋមន្ត្រី ៣រូបទៅបំភ្លឺតាមគម្រោងការ នៃការកោះហៅរបស់បក្សប្រឆាំង គឺម្យ៉ាងគត់ ដោយសារតំណាងរាស្ត្របក្សនេះមិនគោរពច្បាប់។ សម្ដេចបានសរសេរថា ៖«ខ្ញុំមិនអនុញ្ញាតឲ្យទៅបំភ្លឺ នៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងមេច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន»។
ជុំវិញករណីនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិនូវតែប្រកាន់ជំហរកោះហៅរដ្ឋមន្ត្រីទាំង ៣រូបនោះ មកបំភ្លឺនៅក្នុងសភាដោយដាក់លិខិតកោះហៅនៅរដ្ឋសភាសប្តាហ៍ក្រោយនេះ។ លោក សុន ឆ័យ បន្ថែមថា ការកោះហៅរដ្ឋមន្ត្រីមកបំភ្លឺគឺគណបក្សសង្គ្រោះជាតិធ្វើឡើងទៅតាមរដ្ឋធម្មនុញ្ញនិងលក្ខន្តិកបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ លោក សុន ឆ័យ៖«ខ្ញុំសាកល្បងក្នុងសប្តាហ៍ក្រោយ សម្រេចរៀបចំលិខិត អញ្ជើញរដ្ឋមន្ត្រីផ្ទាល់ ហើយបើមានប្រតិកម្មផ្លូវការយ៉ាងណាទើបអាចយកជាការបាន»។
លោក សំ គន្ធាមី អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតអង្គការ និចហ្វិច យល់ថា សម្តេចនាយករដ្ឋមន្ត្រី មិនគួរបដិសេធការកោះហៅរដ្ឋមន្ត្រីទាំងនោះទេដែលនាំឲ្យប៉ះពាល់ដល់តម្លាភាពរដ្ឋសភា។ លោកថា អ្នក តំណាងរាស្ត្រគ្រប់រូបមានសិទ្ធិកោះហៅរដ្ឋមន្ដ្រីណាមួយមកសាកសួររឿងអ្វីមួយ ដោយស្របទៅតាមរដ្ឋធម្មនុញ្ញា។ លោក សំ គន្ធាមី ៖«សម្តេចនាយកមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីមកបំភ្លឺហាក់ដូចជា មិនមានតម្លា ភាពទេ។ ក្នុងវិស័យច្បាប់គួរតែមកបំភ្លឺទៅ ទោះបីយ៉ាងយ៉ាក៏ដោយ សម្តេច គាត់មិនគួរបដិសេ ធសំណើរបស់សភាព្រោះយើងកាន់របបប្រជាធិបតេយ្យអាស្រ័យសភាគិតតាមច្បាប់សភាធំណាស់ មានអំណាចច្រើនណាស់»។
យោងតាមមាត្រា ៩៦នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិ បាល។ សំណួរនោះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។ ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូបឬច្រើនរូបអាស្រ័យដោយបញ្ហាដែលបានចោទឡើងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់មន្ត្រីមួយរូបឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្ត្រីឬរបស់នាយករដ្ឋមន្ត្រីអាចធ្វើដោយផ្ទាល់មាត់ឬសរសេរជាលាយលក្ខណ៍អក្សរ៕