ភ្នំពេញ៖ការបែកបាក់រវាងអ្នកនយោបាយខ្មែរ នៅតែបន្តមិនឈប់ក្នុងអាណាត្តិ ទី៥នេះ ដែលគេមើលឃើញថា បានដើរចាកឆ្ងាយ ពីគន្លងនៃព្រះរាជបណ្ដាំ ព្រះបាទនរោត្តម សីហនុ ៖«ព្រះបរមរតនកោដ្ឋ» ដែលចង់ឲ្យខ្មែររួបរួមគ្នាដើម្បីភាពរីកចម្រើននៃប្រជាជាតិ។
អ្នកវិភាគមើលឃើញថាការខ្វែងគំនិតគ្នារបស់អ្នកនយោបាយដែលឈានដល់ការប្រើប្រព័ន្ធតុលាការចាប់ដៃគូដាក់គុកគឺជាការបែកបាក់ជាតិកាន់តែខ្លាំង ហើយដើរផ្ទុយពីបណ្ដាំរបស់ព្រះបាទនរោត្តមសីហនុដែលព្រះអង្គ អំពាវនាវសុំឱ្យអ្នកនយោបាយ កុំបែកបាក់គ្នានាំឱ្យប្រទេសជិតខាងមើលងាយ។ អ្នកវិ ភាគមានទស្សនបែបនេះ ស្របពេលសម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងកាន់តែក្លាយជាសត្រូវនឹងគ្នា។
ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ច សម្រាប់ប្រទេសជាតិ ដូចជាទាមទារឯករាជ្យជូនជាតិជាដើម ត្រូវបានពលរដ្ឋខ្មែរទទួលស្គាល់ព្រះអង្គថា ជា ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ ព្រះអង្គជាបុរសរដ្ឋដែលនាំមកនូវឯកភាពជាខ្មែរ។
មួយឆ្នាំមុនព្រះអង្គសោយទិវង្គត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ សម្ដេចតានៃយើងបាន ផ្ដាំជាច្រើនឱ្យអ្នកនយោបាយ ចេះស្រឡាញ់ជាតិ សាមគ្គីគ្នាជាសាច់ឈាមជាតិខ្មែរ ហើយបើធ្វើបាន គឺជាតិគង់វង្សនិងរីកចម្រើន។ ព្រះអង្គបន្តថា មិនតែប៉ុណ្ណោះ ប្រទេសជិតខាង ក៏គេកោតសរសើរគោរពខ្មែរដែរ។ តែផ្ទុយទៅវិញ បើអ្នកនយោបាយខ្មែរ បែកបាក់សងសឹកគ្នារកពេលត្រូវគ្នាមិនបាន គឺជាគ្រោះថ្នាក់ដល់ជាតិ។
សម្តេចតា ៖«យើងបានរួបរួមគ្នាជាធ្លុងមួយ ដែលនណាក៏បំបែកបំបាក់មិនបានដែរ។ ធ្វើឱ្យទន់ខ្សោយទៅវិញក៏មិនបានដែរ។ យើងច្បាស់ជាខ្លាំងទៅៗ ។យើងចង់តែឲ្យគេទទួលស្គាល់ថា យើងរួបរួមគ្នាប្រែមកថាខ្លាំង ហើយក្នុងវិស័យណាក៏ដោយក៏យើងចេះតែដើរទៅមុខ ដរាបយើងចេះពួតដៃគ្នាកសាងអ្វីដែលជាឧត្ដមប្រយោជន៍ជាតិយើង។»
តើអ្នកនយោបាយខ្មែរបានដើរតាម បណ្ដាំរបស់ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានត្រឹម ណាហើយ។ ការពិតគឺគ្មានទេ គឺមានតែ សងសឹកគ្នាកាន់តែខ្លាំងឡើង។ នៅក្នុងកិច្ចប្រជុំមួយនៃរដ្ឋសភាជាតិកាលថ្ងៃទី៣១ មករា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ ខ្លាំងៗ វាយប្រហារទៅលើ គូបដិបក្ខ របស់លោក ដោយមិនត្រឹមតែទម្លាក់បទចោទប្រឆាំង លោក សម រង្សី ទេតែ សម្តេចព្រមានដាក់ខ្នោះមេបក្សប្រឆាំងនេះថែមទៀត បើហ៊ានចូលប្រទេសវិញ។ ដោយមានកាយវិការ ដូចជាទប់កំហឹងលែង បាន នាយករដ្ឋមន្ត្រី ជើងចាស់ឬគេហៅថា បុរសខ្លាំង ព្រមានរឹបអូសទ្រព្យសម្បតិ្តនឹងលក់ស្នាក់ការគណបក្សសង្គ្រោះជាតិទៀតផង ដែលលោកបានប្ដឹងមេបក្សប្រឆាំងល្បីល្បាញករណីបរិហារកេរ្តិ៍លោកថា បានឱ្យលុយស្ត្រីម្នាក់ ១លានដុល្លារ ជាឧបករណ៍ បំបែកបំបាក់គណបក្សសង្គ្រោះជាតិ។ សម្ដីកាន់តែ មានកំហឹង គឺកាន់តែរកល្បិចផ្ដួលគូប្រកួតកាន់តែលែងឃើញ ។ សម្ដេចថា ត្រូវដាក់ទណ្ឌិតក្រៅច្បាប់ គឺមិនឱ្យធ្វើមេដឹកនាំគណបក្សនយោបាយឡើយ។ នាយករដ្ឋមន្ត្រីថា បើច្បាប់នេះចេញហើយ គឺទណ្ឌិតគ្មានសិទិ្ធ ធ្វើជាប្រធាន ឬអនុប្រធានគណបក្សឡើយ។
សម្តេច ហ៊ុន សែន ៖«អ្នកឯងជាប់ទោសប៉ងធ្វើបក្សអ្វី សូម្បីសិទ្ធិបោះឆ្នោតមិនមានផងនឹង ឥឡូវចូលមក លឺថាគេចេញអ្វីឯណា ចូលមកតែកុំភ្លេចណា ដាក់ខ្នោះគឺដាក់ឲ្យទាល់តែបាន។»
ចាប់តាំងពី បក្សកាន់អំណាចរបូត ២២អាសនៈដោយសារការបោះឆ្នោតឆ្នាំ២០១៣ បរិយាកាសនយោ បាយតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ តំណាងរាស្ត្របានហែកហួរគ្នា ប្តឹងផ្តល់គ្នាចប់ពីរឿងក្ដីមួយចូលរឿងក្ដីមួយទៀត។ ទាំងប្រមុខរដ្ឋាភិបាល និង ប្រធានរដ្ឋសភា បានដាក់ពាក្យបណ្ដឹងពីរប្ដឹង លោក សម រង្ស៊ី ករណីបរិហារកេរ្តិ៍ ដោយទាមទារឱ្យតុលាការផ្ដន្ទាទោស និង ទារសំណងជំងឺចិត្ត ច្រើនរយលានរៀល ឬមួយលានដុលា្លរ។ ការប្ដឹងផ្ដល់គ្នាមិនចេះចប់នេះ នាំឱ្យកម្ដៅនយោបាយកាន់តែខ្លាំង ហើយប៉ះពាល់ ដល់ការកសាងប្រទេសមួយ ក្រោមពាក្យថា ជាប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
ជុំវិញការប្ដឹងផ្តល់និងឈ្លោះគ្នា ឥតឈប់ឈររបស់ថ្នាក់ដឹកនាំជាតិខ្មែនេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមយល់ថា អ្នកនយោបាយខ្មែរមិនបានគិតដល់ព្រះរាជបណ្ដាំរបស់ព្រះ បាទនរោត្តម សីហនុ ហើយក៏មិនគិតពីបំណងប្រាថ្នា របស់ប្រជាពលរដ្ឋខ្លួនផងដែរ។ លោកបង្ហាញក្តីព្រួយបារម្ភថា លោកខ្លាចខ្មែរមិនអាចរក្សាទឹកដីទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយបាន ព្រោះអ្នកនយោ បាយរវល់ចង់ឈ្នះគ្នា ដែលជាឱកាសហុចស្នៀតកាំបិត ឱ្យប្រទេសជិតខាងកេងចំណេញលើខ្មែរ ហើយអាចយកផលប្រយោជន៍ពីខ្មែរបានទៀតផង ។ លោកបន្តថា ការបែកបាក់គ្នានេះ មានភាពធ្ងន់ធ្ងរជាង ព្រឹត្តិការណ៍ជាតិខ្មែរក្នុងអំឡុងឆ្នាំ១៩៨០ ទៅទៀត។ លោកថា ការឈ្លោះគ្នានេះជាការសប្បាយចិត្តរបស់ប្រទេសជិតខាង ហើយធ្វើឱ្យបណ្ដាំរបស់ព្រះបរមរតនកោដ្ឋគ្មានន័យអ្វីឡើយ។
លោក មាស នី ៖«បក្សកាន់អំណាចពីដើមឡើយមានតែម្នាក់ឯង តែដល់ពេលនេះគាត់មានបក្សស ង្គ្រោះជាតិមក មានកំលាំងប្រហែលគ្នាអញ្ចឹង អ្វីដែលយើងឃើញសកម្មភាពរាល់ថ្ងៃ ប្រតិកម្មដែលយើងឃើញរាល់ថ្ងៃសុទ្ធតែចេញមកពីកាព្រួយបារម្ភបាត់បង់អំណាចរបស់បក្សកាន់អំណាច»។
មិនថាតែសម្ដេច ហ៊ុន សែន ប្រកាន់ជំហរមិនចុះញ៉ម គឺលោក សម រង្ស៊ី ក៏មិនចុះញ៉មដែរ។ មេបក្សប្រឆាំងរូបនេះ បានឌឺដងថា ប្ដឹងលោកច្រើនកាលណា គឺកាន់តែល្អពេលនោះ ព្រោះតុលាការខ្មែរ មិនត្រូវបាន គេទទួលស្គាល់ជាស្ថាប័នឯករាជ្យនិងអព្យាក្រឹត្យឡើយ។ លោកថា ពលរដ្ឋនឹងប្ដឹងសើរើរឿងអយុត្តិធម៌របស់ពួកគេឡើងវិញ គឺពេលនោះហើយអ្នកកាត់ក្ដីរឿងអយុត្តិធម៌ នឹងត្រូវពលរដ្ឋប្ដឹងដែរ។ នេះជាការបង្កើតការសងសឹងគ្នាមិនចេះចប់ឡើយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា បើអ្នកនយោបាយនៅតែបន្តសកម្មភាពបែបនេះវាធ្វើឲ្យស្ថានភាពនយោបាយជាតិមានភាពផុតស្រួយនិងគ្រោះថ្នាក់។ លោកបន្តថា អ្នកដឹកនាំពេលនេះដូចជាគិតពីផលប្រយោជន៍បុគ្គលនិយមជាង ផលប្រយោជន៍ជាតិខ្លួន ដែលធ្វើឲ្យខាតប្រយោជន៍ប្រទេស។ លោកបន្តថា ដើម្បីវិលមករកភាពជានាគ្នាឡើងវិញគឺមានតែការផ្សះផ្សាជាតិខ្មែរនិងគិតជាតិជាធំ។
ឯម សុវណ្ណារ៉ា ៖«ខ្ញុំមានការបារម្ភ ទៅលើស្ថិរភាពនយោបាយ និង ស្ថិរភាពការអភិវឌ្ឍជាតិ ប្រទេសជិតខាងគេអភិវឌ្ឍអស់ហើយ។ ហើយកម្ពុជានៅតែមានទស្សនគំនិតប្រឈមគ្នាវាយប្រហាគ្នាមិនចេះចប់មិនចេះហើយ ហើយមិនគិតពីប្រយោជន៍ជាតិ គេហៅថា ភាពអកុសលរបស់ប្រជាជាតិម្ពុជាដែលមានអ្នកនយោបាយមិនសូវគិតពីប្រយោជន៍ជាតិ»។
ក្រោយពីការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ ដែលមានការចូលរួមរៀបចំដោយអង្គការសហប្រជាជាតិ ប្រ ទេសកម្ពុជាក៏មិនមានការស្រុះស្រួលគ្នាដែរ។ កាលណោះសម្ដេច ក្រុមព្រះរោត្តម រណឬទ្ធិ គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានឈ្នះក្នុងការបោះឆ្នោត។ តែគណបក្សប្រជាជនរបស់សម្ដេច ហ៊ុន សែន ចាញ់ឆ្នោតបានចល័តធ្វើអប្បគមន៍នៅភាគខាងកើតប្រទេស។ ដោយមើលឃើញពីការគ្រោះថ្នាក់ជាតិ សម្ដេច ព្រះបាទ នរោត្តម សីហនុ បានសម្របសម្រួលឲ្យមានផ្សះផ្សាជាតិវិញ ដោយបង្កើតឲ្យមាន សហនា យករដ្ឋមន្ត្រីគឺ សម្ដេចក្រុមព្រះជានាយករដ្ឋមន្ត្រីទី១ ហើយសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។ នេះជាគឺជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋមួយដែរក្នុងការទប់ស្កាត់មិនឱ្យខ្មែរធ្លាក់ក្នុងសង្គ្រាមជាថ្មីទៀត។ តែពេលនេះ អស់ពីព្រះអង្គ អ្នកនយោបាយ ខ្មែរមិនត្រឹមតែមិនដើរតាមបណ្ដាំរបស់ព្រះអង្គប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យបណ្ដាំរបស់ព្រះអង្គគ្មានន័យទៀតផង៕