ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភានៅថ្ងៃអង្គារ៍ ទី៣១ ខែមករានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានរឹបអូសទ្រព្យសម្បត្តិទាំងឡាយរបស់លោក សម រង្ស៊ី មេបក្សប្រឆាំង ប្រសិនបើមេបក្សប្រឆាំងរូបនេះចាញ់ក្តី។ ដោយឡែកអ្នកនាំពាក្យគណបក្សប្រឆាំងបានឆ្លើយតបថា មេបក្សរបស់ខ្លួនមិនភ័យខ្លាចចំពោះការគំរាមនេះទេ។
សម្តេច ហ៊ុន សែន បានព្រមានខ្លាំងៗថា នឹងរឹបអូសទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញនិងដីធ្លីមួយចំនួនទៀតរបស់លោក សម រង្ស៊ី បើសិនជាលោក សម រង្ស៊ី ចាញ់ក្តីនោះ។ លោក សម រង្ស៊ី កំពុងជាប់បណ្តឹងពីររបស់សម្តេចនាយករដ្ឋមន្ត្រីពីបទបរិហារកេរិ៍្តទាក់ទងទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ថា សម្តេចប្រមុខរដ្ឋាភិបាលបានផ្តល់លុយចំនួន ១លានដុល្លារអាមេរិកដល់កញ្ញា ធី សុវណ្ណថា ដើម្បីឲ្យនាងបំបែកបំបាក់គណបក្សសង្គ្រោះជាតិ។
សម្ដេច ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភាកាលពីព្រឹកមិញថា បើលោកឈ្នះក្តីលើលោក សម រង្ស៊ី សម្តេចនឹងស្នើឲ្យតុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិនិងទីស្នាក់ការគណបក្សរបស់ប្រធានគណបក្សសង្គ្រោះជាតិដើម្បីលក់ប្រមូលលុយថ្លៃសំណង។ «ខ្ញុំរង់ចាំឱ្យតែសាលក្រមចូលជាស្ថាពរទេលើកនេះខ្ញុំយកហើយលុយអត់មានយក១រៀលដូច ឡាក់ ថានី ទេខ្ញុំទារ ១លានដុល្លារប៉ុន្តែសាលក្រមមុនគេគឺសាលក្រមរបស់ ហេង សំរិន បើកាលណាសាលក្រមនេះហើយ សុំដីការការពារទ្រព្យសម្បត្តិលក់ទ្រព្យសម្បត្តិពួកហ្នឹងចោលឱ្យអស់ហ្មង លក់ដើម្បីឱ្យរាង ឮថាស្នាក់ការគណបក្សដាក់ឈ្មោះ សម រង្ស៊ី អញ្ចឹងទេ លក់ស្នាក់ការគណបក្សហ្នឹងលក់ទ្បាយទ្បុង អ្នកឯងស្អីអាងរួចខ្លួនហ្អេ»។
សេចក្តីថ្លែងការណ៍របស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើងស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញកោះហៅលោកសម រង្ស៊ី ឲ្យចូលខ្លួនបំភ្លឺទាក់ទងទៅនឹងបណ្តឹងពីបទបរិហារកេរ្តិ៍នេះនៅថ្ងៃទី១៤ ខែកុម្ភៈ។ ភ្លាមៗនោះគណបក្សសង្គ្រោះជាតិបានបញ្ចេញប្រតិកម្មតបទៅនឹងសម្តេច ហ៊ុន សែន ផងដែរ។
លោក សុន ឆ័យ តំណាងរាស្ដ្របក្សសង្គ្រោះជាតិ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះដែរថា ប្រសិនបើមានការរឹបអូសទ្រព្យសម្បត្តិលោក សម រង្ស៊ី នោះ នឹងធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្ត ហើយកាន់តែគាំទ្របក្សប្រឆាំងបន្ថែមទៀត។
ចំណែកឯ លោក យឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យបក្សសង្គ្រោះជាតិបន្ថែមថា ៖«លោកប្រធាន សម រង្ស៊ី មិនស្តាយស្រណោះជីវិតរបស់ខ្លួនផង ដូច្នេះទ្រព្យសម្បត្តិបន្តិបន្តួចដែលអាចនឹងត្រូវរឹបអូសដោយអយុត្តិធម៌ប្រាកដជាគាត់មិនមានការសោកស្តាយនោះទេ»។
លោក សូ ចន្ថា សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លើកទ្បើងថា ប្រសាសន៍របស់នាយករដ្ឋមន្ត្រីគឺជាការគម្រាមកំហែងផ្នែកនយោបាយ ហើយជាការប្រើប្រាស់សង្គ្រាមពាក្យសម្តីនៅក្នុងឆាកនយោបាយ នឹងនាំស្ថានភាពនយោបាយនៅកម្ពុជាកាន់តែទ្បើងកំដៅបន្ថែមទៀត។ លោក សូ ចន្ថា បន្តថាការព្រ មានរឹបអូសទ្រព្យសម្បតិ្តលោក សម រង្ស៊ី នេះទៀតសោត គឺឆ្លុះបញ្ចាំងថា មេដឹកនាំកម្ពុជាហាក់បីដូចជាមិនអាចស្វែងរកការជជែកដើម្បីសម្រួលផ្នែកនយោបាយបាននោះទ្បើយ។
លោក សូ ចន្ថា «ផ្ទុយទៅវិញគឺការចាត់ទុកគ្នាជាសត្រូវ ការចង់ឈ្នះ ចង់ចាញ់គ្នាហ្នឹងនៅតែបន្តកើតមានយើងចង់ឃើញអ្នកនយោបាយនៅកម្ពុជាមានការឯកភាពគ្នាហើយឈរនៅលើគោលការណ៍ប្រ កួតប្រជែងគ្នាដោយប្រជាធិបតេយ្យហើយទុកឱ្យពលរដ្ឋអ្នកសម្រេចតាមរយៈសន្លឹកឆ្នោតជាជាងការប្រើវប្បធម៌គម្រាមសំទ្បុតដៃគូក្នុងឆាកនយោបាយ»។
សូមរំលឹកថា លោក សម រង្ស៊ី បច្ចុប្បន្នកំពុងជាប់បណ្តឹងចំនួនបី គឺបណ្តឹងពីបទបរិហារកេរ្តិ៍ ពីសម្តេចហ៊ុន សែន បណ្តឹងពីកញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍។ កញ្ញា ធី សុវណ្ណថា បានទារសំណងជំងឺចិត្តពីលោកសម រង្ស៊ី ចំនួន២០ម៉ឺនដុល្លារ។ និងបណ្តឹងមួយទៀតទាក់ទងនឹងការបរិហាររបស់លោក សម រង្ស៊ី អំពីឃាតកម្មលើលោកបណ្ឌិត កែម ឡី៕