ភ្នំពេញ៖ទីបំផុតសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសារភាពថាសម្ដេចពិតជាចាញ់បោកលោក កឹម សុខា ករណីស្នើសុំព្រះមហាក្សត្រឱ្យដោះលែងមេឃុំ ស៊ាង ចែត និងរឿងមួយចំនួនទៀតដែលលោក កឹម សុខា សន្យាធ្វើតែបែរជាមិនធ្វើទៅវិញ។
សម្តេចថ្លែងដូចនេះខណៈសម្តេចឡើងបកស្រាយពីមូលហេតុនៃការធ្វើវិសោធនកម្មប្រការ៤៨ថ្មី(៣) នៅរដ្ឋសភានាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ដែលឈានទៅរំលាយតំណាងសភាភាគតិច។ អ្នកវិភាគថា ល្បិចនយោបាយរបស់សម្ដេច ហ៊ុន សែន កាន់តែបរាជ័យ។
សម្តេច ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងបានយកលិខិតសុំលើក លែងទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្ស សម រង្ស៊ី ឱ្យសម្តេចស៊ីញេសុំលើកលែងទោសទៅព្រះមហាក្សត្រដោយសន្យាធ្វើរឿងមួយក្នុងរយៈពេលបីថ្ងៃ។ តែយ៉ាងណាមិញ សម្តេចមិនបានទម្លាយឡើយថា លោក កឹម សុខា នឹងធ្វើរឿងអ្វីឱ្យសម្តេចនោះទេ។ ម្តេច ហ៊ុន សែន ៖«ព្រោះថ្ងៃហ្នឹងយកទៅឱ្យខ្ញុំស៊ីញេអារឿងមេឃុំចែត ហើយបោកទាំងខ្ញុំទៀត ឯកឧត្តម កឹម សុខា នៅជំពាក់អ្វីខ្ញុំ សន្យាបីថ្ងៃក្រោយឯកឧត្តមនឹងធ្វើតែឯកឧត្តមអត់ធ្វើ»។
លោក ស៊ាង ចែត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារព្រៃស ៥ឆ្នាំ ករណីរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។ មេឃុំរូបនេះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីមានព្រះរាជក្រឹត្យលើក លែងទោស របស់ព្រះមហាក្សត្រតាមរយៈការសម្របសម្រួលផ្នែកនយោបាយ។
ជុំវិញការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា ការលើកឡើងរបស់សម្តេចដូចនេះមានន័យថា សម្តេចបរាជ័យចំពោះ ការទាញឱ្យលោក កឹម សុខា ធ្វើតាមនូវអ្វីដែលសម្តេចញុះញង់ឱ្យគណបក្សសង្គ្រោះជាតិបែកបាក់គ្នា។
លោក គឹម សុខ ៖«មិនអាចទាញឱ្យធ្វើបានអញ្ចឹងទៅ ក៏ទៅជាថា លោក កឹម សុខា ហ្នឹងបោកគាត់ ចាញ់ បោកទៅវិញ និយាយឱ្យស្រួលស្តាប់បានន័យថា ពាក្យដែលចាញ់បោករបស់គាត់នោះ មានន័យច្បាស់លោក កឹម សុខា មិនស្មោះត្រង់នឹងគាត់។ លោក កឹម សុខា មិនស្មោះត្រង់នឹងគាត់ អត្ថន័យរបស់គាត់ មិនមែនមិនស្មោះត្រង់រឿងប្រទេសជាតិទេ អត្ថន័យរបស់គាត់គឺមិនស្មោះត្រង់នឹងប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ បែប ហ៊ុន សែន ហ្នឹងហើយ អ្វីទៅជាប្រយោជន៍ផ្ទាល់គាត់ ប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ គឺគណបក្សប្រជាជនមានប្រៀបគណបក្សសង្គ្រោះជាតិចាញ់»។
ទន្ទឹមនឹងការលើកឡើងថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបោកប្រាស់ខ្លួន សម្តេច ហ៊ុន សែន ក៏បានឱ្យលោក កឹម សុខា ចេញមុខមកនិយាយឱ្យស្មោះត្រង់ ជាសាធារណៈបើពុំដូច្នេះទេសម្តេចបបួលទៅស្បថនៅមុខព្រះអង្គដងកើ។
សម្តេច ហ៊ុន សែន ៖«បើអ្នកឯងយ៉ាងម៉ិច ទៅព្រះអង្គដងកើជាមួយគ្នា ហ៊ានមិនហ៊ាន ទៅស្បថនៅហ្នឹង ខ្ញុំអត់មានថា ឱ្យឯកឧត្តម កឹម សុខា អីទេ ប៉ុន្តែតែថាអញ្ចឹងហ្មង ព្រោះពួកគាត់ពូកែណាស់ ខ្ញុំវាយ whats app អញ្ចឹងទៅ អាណាដែលមានប្រយោជន៍ឱ្យគាត់ គឺគាត់បញ្ចេញទៅឱ្យគ្នាគាត់ អាណាដែលអត់មានប្រយោជន៍ទេគឺគាត់លាក់ អញ្ចឹងគាត់ថា គាត់សាមគ្គីគ្នា ប៉ុន្តែនៅក្នុងនេះ ឯកឧត្តមកុំភ័ន្តច្រលំឱ្យសោះ ហើយខ្ញុំ រក្សាទុកម៉ាកន្លែង សម រង្ស៊ី ខ្ញុំទុកមួយកន្លែង កឹម សុខា ជាមួយខ្ញុំ ខ្ញុំរក្សាទុកមួយកន្លែងលោកឯង ក៏រក្សាទុករបស់ខ្ញុំដែរ»។
នេះជាលើកដំបូងហើយ មើលទៅដែល សម្ដេច ហ៊ុន សែន ត្រូវបានអង្គការសិទ្ធិមនុស្សអាមេរិក Human Rights Watch ហៅថា ជាបុរសខ្លាំងនៅកម្ពុជា បានទទួលស្គាល់ថា លោកចាញ់បោកអ្នកនយោបាយមកពីបក្សប្រឆាំង ដែលជាទម្លាប់មានតែសម្ដេចទេ ប្រើល្បិចវាយបំបាក់គូប្រកួតបាន ជាក់ស្ដែងដូចជាសម្ដេចក្រុមព្រះជាដើម៕