ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារទី៣១មករានេះ ប្តេជ្ញាផ្តល់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យកើនដល់៣៥០លានដុល្លារអាមេរិករហូតដល់ឆ្នាំ២០១៨សំរាប់អភិវឌ្ឍន៍លើវិស័យដឹកជញ្ជូន វិស័យសុខាភិបាល និងការអភិវឌ្ឍជនបទ។
ជាមួយគ្នានេះទីក្រុងសេអ៊ូលនឹងផ្តល់កម្ចីចំនួន៦៧,៤លានដុល្លារអាមេរិកសំរាប់គម្រោងកែលំអផ្លូវជាតិលេខ៤៨ដែលចេញពីផ្លូវជាតិលេខ៤ឆ្ពោះទៅខេត្តកោះកុងផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកូរ៉េខាងត្បូង ក្រោយពីពិធីចុះហត្ថលេខាផ្តល់ជំនួយនៅក្រសួងការបរទេសនៅព្រឹកថ្ងៃអង្គារនេះ។
សេចក្តីប្រកាសព័ត៌មានដដែលរំពឹងថាកម្ចីទាំងពីរនឹងរួមវិភាគទានដល់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ប្រទេសទាំងពីរដែលបានភ្ជាប់ទំនាក់ទំនងការទូតរយៈពេល២០ឆ្នាំមកហើយ។ ចាប់ពីឆ្នាំ២០០១មក រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយចំនួន៨៨២,៧លានដុល្លារអាមេរិក៕