ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលអង្គការអន្ដរជាតិ Human Rights Watch ចាត់ទុកថា ជាបុរសខ្លាំងនៅកម្ពុជា បានព្រមានខ្លាំងៗថា នឹងរឹបអូសស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើនិងដីធ្លីមួយចំនួនទៀតរបស់លោក សម រង្ស៊ី ដើម្បីជាសំណងរដ្ឋប្បវេណីនៅពេលដែលលោកឈ្នះក្ដី នៅតុលាការបណ្ដឹងបរិហារកេរ្ដិ៍។
សម្ដេចនាយករដ្ឋមន្ដ្រីបានថ្លែងដូចនេះនៅពេលដែលលោកបានបកស្រាយជាច្រើនជុំវិញសង្គ្រាមពាក្យ សម្ដីដែលផ្ទុះឡើងរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិរយៈពេលចុងក្រោយនេះ។ សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ដោយកំហឹងថា ៖«ដីជាច្រើនច្រើនកន្លែងរបស់អ្នកឯងនៅខេត្ដព្រះសីហនុក៏រឹបអូសបានដែរ ហើយការរឹបអូសនេះយកមកធ្វើជាអាគារសម្រាប់ឲ្យជនពិការនៅ។»
សម្ដេច ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ដ្រីរហូតមកដល់ពេលនេះមានរយៈពេល ៣១ឆ្នាំមកហើយ។ លោកបានឡើងកាន់តំណែងដំបូងនៅឆ្នាំ១៩៨៥ ក្រោយពីមរណភាពលោក ចាន់ ស៊ី។ នៅឆ្នាំ១៩៩៣ សម្ដេចបានបន្ដកាន់តំណែងមួយទៀត ជាសហនាយករដ្ឋមន្ដ្រី បោះទោះជាពេលនោះគណ បក្សប្រជាជនកម្ពុជាចាញ់ឆ្នោតគណបក្ស ហ្វ៊ុនស៊ិនប៉ិច ក៏ដោយ។ យ៉ាងណាអ្វីដែលនាំឲ្យប្រមុខរដ្ឋាភិ បាលប្ដឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលរដ្ឋាភិបាលឃាឃាំងមិនឲ្យចូលស្រុកនោះ គឺដោយសារតែមេបក្សប្រឆាំងរូបនេះថា សម្ដេចបានប្រើប្រាស់លុយ ១លានដុល្លា ឲ្យទៅកញ្ញា ធី សុវ ណ្ណថា ដើម្បីជាមធ្យោបាយមួយបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ដែលមេបក្សប្រឆាំងរូបនេះថា ជារឿងបរាជ័យទាំងស្រុង។ ចំពោះរឿងនេះកញ្ញា ធី សុវណ្ណថា ក៏បានប្ដឹងលោក សម រង្ស៊ី ទារប្រាក់ ២០ម៉ឺនដុល្លារផងដែរ។ យ៉ាងណាក៏ដោយលោក សម រង្ស៊ី ដែលជាប់ពាក្យបណ្ដឹងកន្លងមកតាំងពីឆ្នាំ១៩៩៧ លោកក៏ទទួលរងការផ្ដន្ទាទោសរាប់សិបឆ្នាំហើយពិន័យជាប្រាក់រាប់រយលានរៀល តែគេពុំឃើញមេបក្សប្រឆាំងនេះបង់សំណងជំងឺចិត្ដទៅដើមបណ្ដឹងបានម្ដងណាទេ ដោយសារតែរឿងរ៉ាវទាំងអស់ដោះស្រាយតាមរយៈការចរចានិងដំណោះស្រាយនយោបាយឡើងវិញ៕