ភ្នំពេញ៖ ស្ថិតក្នុងជីវិតជាស្ដ្រីមេម៉ាយជាង ១០ឆ្នាំ ក្រោយបែកបាក់គ្រួសារ បន្សល់ទុកនៅកុមារកំព្រាឪពុកចំនួនពីរនាក់។ អ្នកស្រី អ៊ឹម សោភា ដែលមានកម្រិតវប្បធម៌តិចតួច បានប្ដេជ្ញាចិត្ដថា នឹងជួយស្ដ្រីក្នុងសហគមន៍ខ្លួនមិនឲ្យជួបរឿងអភ័ព្វដូចអ្នកស្រីឡើយ។
អ្នកស្រី អ៊ឹម សោភា បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំសារិកាកែវ ស្រុកល្វាឯម ខេត្ដកណ្ដាល មានប្រសាសន៍ថា អ្នកស្រីពិតជាមានការលំបាកក្នុងការតស៊ូមតិជាមួយក្រុមបុរសក្នុងការប្រជុំពិភាក្សាផ្សេងៗ ព្រោះបេក្ខភាពសមាជិកក្រុមប្រឹក្សា-ឃុំ ដែលជាស្ដ្រីមានតែពីររូបប៉ុណ្ណោះ។
ចំណុចនេះអ្នកស្រីស្នើឲ្យបុរសបើកចិត្ត ផ្ដល់សិទ្ធិដល់ស្ដ្រីក្នុងការបញ្ចេញមតិឲ្យបានស្មើភាពគ្នា។ អ្នកស្រីបានអះអាងថា នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ អ្នកស្រីនឹងឈរ ឈ្មោះជាបន្ដទៀត ដោយសង្ឃឹមថា នឹងទទួលបានតំណែងជាមេឃុំស្ដ្រីដើម្បីអាចបំពេញការងារបានកាន់តែច្រើនដើម្បីជួយស្ដ្រី៕