ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្តេជ្ញាចិត្តពង្រីកវិសាលភាពផ្គត់ផ្គង់អគ្គិសនីបណ្តាញជាតិឱ្យបានគ្រប់ភូមិទាំងអស់ទូទាំងប្រទេសនៅត្រឹមឆ្នាំ ២០២០ ខណៈនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជាមិនទាន់មានភ្លើងប្រើប្រាស់គ្រប់គ្រាន់នៅទ្បើយ។ ការថ្លែង នេះធ្វើទ្បើងនៅព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
អគ្គិសនីមិនត្រឹមតែជាផលិតផលមួយដែលប្រទេសជាតិទាំងមូលត្រូវការសម្រាប់បំរើឱ្យជីវភាពរស់នៅរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ តែក៏ជាផលិតផលមួយដែលប្រទេសជាតិទាំងមូលត្រូវការសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។ នេះជាការលើកទ្បើងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។
លោក ស៊ុយ សែម មានប្រសាសន៍ថា ត្រូវធ្វើការអភិវឌ្ឍប្រភពអគ្គិសនីយ៉ាងណាដើម្បីឱ្យកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មិនមានការខ្វះខាត ប៉ុន្តែត្រូវរក្សាឱ្យបានតុល្យភាពនៃប្រភពផ្គត់ផ្គង់ និងតម្រូវការថាមពលអគ្គិសនី។
លោកបញ្ជាក់ថារដ្ឋត្រូវអភិវឌ្ឍន៍ ប្រព័ន្ធបណ្តាញជាតិបញ្ជូនអគ្គិសនីយ៉ាងណាដើម្បីអាចមានលទ្ធភាពបញ្ជូនប្រភពអគ្គិសនីពីបណ្តាញជាតិ ទៅកាន់ខេត្តទាំងអស់របស់កម្ពុជាឱ្យបាននៅឆ្នាំ ២០២០។ លោក ស៊ុយ សែម ៖«គោលដៅនៃការអភិវឌ្ឍន៍អគ្គិសនីភូវានីយកម្មរបស់រដ្ឋាភិបាល គឺធ្វើយ៉ាងណា នៅឆ្នាំ២០២០ ភូមិទាំងអស់និងមានការផ្គត់ផ្គង់អគ្គិសនីដើម្បីជំរុញសម្រេចគោលដៅនេះរាជរដ្ឋាភិបាលកំពុងជំរុញការសាងសង់គម្រោងបណ្តាញជាតិបន្ថែមទៀតដូចជាគម្រោងកំពង់ចាម ក្រចេះ ស្ទឹងត្រេងកំពុងតែដាំបង្គោលរាល់ថ្ងៃហ្នឹង»។
ជុំវិញការលើកទ្បើងនេះ លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជា មានប្រសាសន៍ថា ទោះបីជារាជរដ្ឋាភិបាលបានពង្រីកវិសាលភាពថាមពលអគ្គិសនីទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនរួចរាល់ហើយក៏ដោយ តែការផ្តល់ថាមពលអគ្គិសនីនេះមិនទាន់គ្រប់គ្រាន់នៅទ្បើយនោះទេ។ លោក បន្តថា ខេត្តដែលបណ្តាញអគ្គីសនីជាតិមិនទាន់ទៅដល់រួមមានខេត្ត ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ឧត្តមានជ័យ ប៉ៃលិនជាដើម។ លោក ទី នរិន្ទ ៖«មិនត្រឹមតែអាចទេយើងចង់ធ្វើមុន ជាពិសេសយើងចង់ធ្វើ មុនឱ្យបានឃើញនៅខេត្តពោធិ៍សាត់មុន លើកលែងតែខេត្តដែលនៅឆ្ងាយៗដូចជាឩត្តរមានជ័យ ប៉ៃលិន នៅព្រះវិហារអីហ្នឹងធ្វើម៉េចឱ្យបានចុងក្រោយបផុតនៅឆ្នាំ២០២០តែអាខេត្តដទៃទៀតហ្នឹងធ្វើម៉េចឱ្យបានមុនឆ្នាំ២០២០ »។
បើតាមលោករដ្ឋមន្ត្រី ស៊ុយ សែម ដើម្បីអាចសម្រេចគោលដៅផ្គត់ផ្គង់អគ្គិសនីគ្រប់ភូមិទាំងអស់នៅកម្ពុជា រាជរដ្ឋាភិបាលកំពុងជំរុញការសាងសង់គម្រោងបណ្តាញជាតិបន្ថែមទៀតដូចជា៖«គម្រោង កំពុងចាម-ក្រចេះ-ស្ទឹងត្រែង គម្រោង ស្ទឹងត្រែង-រតនគិរី គម្រោង ក្រចេះ-មណ្ឌលគិរី គម្រោង ភ្នំពេញ-ព្រៃវែង-ស្វាយរៀង គម្រោងតាតៃ-ភ្នំពេញ និងគម្រោងមួយចំនួនទៀត»។
គួរជម្រាបជូនដែរថា ប្រភពអគ្គិសនីដែលកម្ពុជាទទួលទិញពីប្រទេសក្រៅមានចំនួន ៣ ប្រទេសគឺ ប្រទេស វៀតណាម ថៃ និងទ្បាវ ហើយប្រទេសដែលនាំចូលច្រើនជាងគេគឺប្រទេសវៀតណាម ហើយការចំណាយការទិញអគ្គិសនីនេះក្នុង១ឆ្នាំៗប្រមាណជាង ២០០លានដុល្លារសហរដ្ឋអាមេរិក៕