en     km
en     km

ក្រុម​​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ​ថ្កោល​ទោស​គម្រោង​វិសោធ​ន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​២​

Share

នៅ​ដំ​ណាក់​កាល​ចុង​ក្រោយ​នេះ ​ការ​ធ្វើ​វិសោ​ធន​កម្ម​មាត្រា ​២ ​នៃ​រដ្ឋ​ធម្ម​នុញ្ញ​​ទាក់​ទង​នឹង​ផែន​ទី​កម្ពុជា​ គឺ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ​ ដែល​សារ​ព័ត៌​មាន​នា​នា​លើក​យក​មក​ពិភាក្សា​។ នៅ​ថ្ងៃ​នេះ ​ក្រុម​ប្រឹ​ក្សា​ឃ្លាំ​មើល​កម្ពុជា​ បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​គម្រោង​ធ្វើ​វិសោ​ធន​កម្ម​នោះ​ ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​​បាន​ចាត់​ទុក​ថា​ ការ​ធ្វើ​សេច​ក្ដី​ថ្លែ​ង​ការណ៍​នោះ​ហាក់​ដូច​ជា​ប្រញាប់​ប្រញាល់​ពេក​​។​

​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ ថ្កោល​ទោស​ចំពោះ​គម្រោង​ការ​វិសោ​ធន​កម្ម​មាត្រា ​២ ​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ស្ដី​ពី​ផែន​ទី​កម្ពុជា​ ខណៈ​គម្រោង​នេះ​លើក​ឡើង​ដោយ​សាស្ត្រា​ចារ្យ​នៅ​រាជ​បណ្ឌិ​ត្យ​សភា​កម្ពុជា​​។​​ ​

អង្គ​ការ​ឃ្លាំ​មើល​កម្ពុជា​មួយ​នេះ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃទី​ ​១២ ​សីហា​ ឆ្នាំ​ ២០១៥ ​​នេះ​ថា​ មិន​ទទួល​ស្គាល់​មូល​ដ្ឋាន​ផែន​ទី​ព្រំ​ដែន​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​​នឹង​ថ្កោល​ទោស​ចំពោះ​គម្រោង​ការ​វិសោ​ធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ មាត្រា ​២ ​ស្ដី​ពី​ផែន​ទី​កម្ពុជា​​។​​

CWCI11

​សេចក្ដី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា ​សេនា​ធិការ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ មាន​គណៈ​កម្មា​ធិការ​ព្រំដែន​ និង​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​ផ្ទៀង​ផ្ទាត់​ផែន​ទី​មក​ពី​ប្រភព​ ៤ ​ផ្សេង​គ្នា ​ក្នុងនោះ​មាន​ដូច​ជា​ប្រភព​ពី​រដ្ឋា​ភិបាល​ ​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ពី​បណ្ណា​ល័យ​បារាំង​ និង​ពី​បណ្ណាល័យ​សហរដ្ឋ​អាមេរិក​ ហើយ​រក​ឃើញ​​ដូច​គ្នា ដោយ​គ្មាន​វត្ត​មាន​ផែន​ទី​ដើម​​ដែល​តម្កល់​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​ចន្លោះ​ឆ្នាំ​ ​១៩៦៣​ ដល់​ឆ្នាំ ​១៩៦៩ ។

​សេច​ក្ដី​ថ្លែង​ការណ៍​បន្ត​ថា ​គោល​ដៅ​នៃ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​នេះ​ រដ្ឋា​ភិបាល​កម្ពុជា​មាន​បំណង​ជំរុញ​ទៅ​រក​ការ​ធ្វើ​វិសោ​ធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​ ​២ ដើម្បី​តម្រូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​បាន​បោះ​បង្គោល​ជា​មួយ​ភាគី​វៀត​ណាម​ ៨៣​%​ រួច​ហើយ​ ដោយ​ផ្អែក​លើ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥​ និង​ផែន​ទី ​UTM ​ខ្នាត ​១​/​៥០០០០​ ។

​ប្រធាន​ក្រុម​ស្រា​វជ្រាវ​បញ្ហា​ព្រំដែន​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លោក​ សុខ ​ទូច ​មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​អំណាច​ស្នើ​ធ្វើ​វិសោ​ធន​កម្ម​លើ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ​២ នោះ​ទេ ​គឺ​លោក​គ្រាន់​តែ​ផ្ដល់​អនុ​សាសន៍​ប៉ុណ្ណោះ​ ឯការ​ធ្វើវិ​សោ​ធន​កម្ម​ ​ឬ​មិន​ធ្វើ​ នោះ​ជា​សិទ្ធិ​របស់​រដ្ឋា​ភិបាល​។

សំឡេង៖

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​អង្គ​ភាព​ប្រ​តិ​កម្ម​រហ័ស​នៃ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ​លោក ​ទិត​ សុធា​ មាន​ប្រសាសន៍​ថា​ ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោសនោះ​ហាក់​ដូច​ជា​លឿន​ពេក ​ព្រោះ​រឿង​នោះ​មិន​ទាន់​មា​ន​អ្វី​កើត​ឡើង​នៅ​ឡើយ​ទេ​ ហើយ​លោក​ក៏​មិន​ទាន់​បាន​ទទួល​ព័ត៌​មាន​ពី​ការ​ធ្វើ​វិសោធន​កម្ម​នោះ​ដែរ​។

សំឡេង៖

​ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី នៃ​មណ្ឌល​ព័ត៌​មាន​ស្រ្តី​កម្ពុជា​​មិន​​អាច​​ទាក់​​ទង​​ប្រធាន​​ក្រុម​ប្រឹក្សា​​ឃ្លាំ​​មើល​​កម្ពុជា​ ​​លោក​ ម៉ែន​ ណាត​ ដើម្បី​សុំ​អត្ថា​ធិប្បាយ​បន្ថែម​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​បាន​នោះ​ទេ​នៅ​ថ្ងៃ​នេះ​។ ​

ជា​ការ​កត់​សម្គាល់​ ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​ជា​បន្ត​បន្ទាប់​ពី​គំនិត​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​ធ្វើ​វិសោ​ធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​ ​២ ​ជា​ពិសេស​ការ​លើក​ឡើ​ង​ជា​ថ្មី​ទៀត​របស់​លោក​ ​សុខ​ ទូច​ ក្នុង​កម្ម​វិ​ធី​ពិ​ភាក្សា​តុ​មូល​នៃ​វិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃ​អង្គារ ​ម្សិល​មិញ​​៕

Share

Image
Image
Image