ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានច្រានចោលសេចក្តីថ្លែងការណ៍របស់អង្គការក្រៅរដ្ឋាភិបាល ដែលបានអំពាវនាវឲ្យសាលាឧទ្ធរណ៍បដិសេធការផ្តន្ទាទោសសកម្មជនបរិស្ថាន ៣ រូប ករណីតវ៉ាប្រឆាំងទៅនឹងក្រុមហ៊ុន បូមខ្សាច់ កាលពីឆ្នាំ២០១៥។ អុ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ជាចេតនាគំរាមដល់សកម្មជនបរិស្ថាន។
ក្រសួងយុត្តិធម៌ បានច្រានចោលដូចនេះ ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលចំនួន ៤៨ បានចេញសេចក្តីថ្លៃងការណ៍ឲ្យសាលាឧទ្ធរណ៍កុំផ្តន្ទា ទោសសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ ដែលសាលាឧទ្ធរណ៍នឹងបើកសវនាការថ្ងៃទី៣១ មករានេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានឆ្លើយតបសំនួររបស់វិទ្យុស្ត្រីតាមបណ្តាញសង្គមតេឡេក្រាម(Telegram)ថា តួនាទីផ្តល់យុត្តិ ធម៌ត្រូវបានរដ្ឋធម្មនុញកម្ពុជាបានប្រគល់អំណាចឲ្យតុលាការ។ លោក បន្តថា ឆន្ទានុសិទ្ធិរបស់តុលាការគឺផ្តន្ទាទោសជនណាម្នាក់ដែលរកឃើញថាមានទោស។ លោក គឹម សន្តិភាព៖«តួនាទីផ្តល់យុត្តិធម៌ដល់ភាគីនៃរឿងក្តី ត្រូវបានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រគល់អំណាចជូនស្ថាប័នតុលាការ ។ ជនដែលត្រូវបានតុលាការផ្តន្ទាទោស លុះណាតែជននោះត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តទង្វើរណាមួយដែលច្បាប់បានកំណត់ថាជាបទល្មើស»។
លោកបន្ថែមថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាស្ថាប័នដែល មានតួនាទីក្នុងការពិនិត្យ និងសម្រេចដាក់វិន័យ ដល់ចៅក្រម ឬព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តកំហុសក្នុងការបំពេញវិជ្ជាជីវៈ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានអំពាវនាវទៅអង្គការសង្គមស៊ីវិល គួរផ្តល់សាក្ខីកម្មទៅតុលាការ ឬ អ្នកជំនាញច្បាប់ការពារសកម្មជនបរិ ស្ថានទាំង៣នោះ ជាជាងចេញសេចក្តីថ្លែងការណ៍នេះ។ លោក គឹម សន្តិភាព៖«សូមយកពេលវេលារបស់អ្នកធ្វើរឿងដែលមានប្រយោជន៌ ដូចជាផ្តល់សាក្ខីកម្មជូនតុលាការ ឬអ្នកជំនាញច្បាប់ការពារកូនក្តី ដែលសកម្មភាពនេះពិតជាមានប្រយោជន៌ដល់ដំណើរការនៃរឿងក្តី។ ហេតុនេះសូមអង្គការទាំងឡាយ មុននឹងធ្វើអត្ថាធិប្បាយ ឬចោទប្រកាន់អ្វីមួយ សូមពិនិត្យអោយបានល្អិតល្អន់លើទិដ្ឋភាពច្បាប់ និងត្រូវមានសាក្ខីកម្មអោយបានច្បាស់លាស់ ដើម្បីជៀសវាងការបង្កើតនូវកំហុសណាមួយជាយថាហេតុ ហើយដែលច្បាប់បានកំណត់ថាជាអំពើល្មើស» ។
សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណា ត្រូវបានសាលាដំបូងខេត្តកោះកុង បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ១៨ ខែ និងពិន័យជាប្រាក់ ២លានរៀល ក្រោមបទចោនអ្នកផ្តើមគំនិតក្នុងបទល្មើស«គំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ» តាមមាត្រា២៨ និងមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។
តុលាការខេត្តនេះ ក៏បានបង្គាប់ឲ្យសកម្មជនបរិស្ថាន ៣ នាក់សងសំណងខុចខាតដើមបណ្តឹង ១០០ លានរៀល ស្មើនិងប្រមាណ ២៥០០ ដុល្លារ ទៅឲ្យក្រុមហ៊ុនបូមខ្សាច់ ដាយរិកអិកសេស។ សកម្មជននៃអង្គការមាតាធម្មជាតិទាំង នោះ ត្រូវបានតុលាការឱ្យនៅក្រោះឃុំ បន្ទាប់ពីបានរឃុំខ្លួនអស់រយៈពេលជាង ១០ខែ ១៥ ថ្ងៃ ។
សំណុំរឿងរបស់សកម្មជនបរិស្ថានទាំង ៣ រូបនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការ នៅថ្ងៃទី៣១ ខែមករា ខណៈដែលសកម្មជនបរិស្ថាននៃអង្គ ការមាតាធម្មជាតិ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង បានបដិសេធមិនចូលរួមសវនាការឡើយ ដោយពួកគេបានគេចខ្លួនទៅក្រៅប្រទេស។
តែកោះហៅពួកគាត់ឡើងតុលាការនេះ ក៏ស្របពេល ក្រសួងថាមពល និងរ៉ែ បានបញ្ជាឱ្យផ្អាកនាំខ្សាច់ពីកម្ពុជាបន្ទាប់ពី មានសង្ស័យថា ការនាំខ្សាច់ចេញពីកម្ពុជា ធ្វើបាត់ចំណូលរដ្ឋ រាប់រយលានដុល្លារ។
ករណីនេះ អ្នកតាមឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ជារឿងចម្លែកព្រោះកើតឡើងជួនពេលការនាំខ្សាច់ទៅក្រៅប្រទេស ត្រូវបានផ្អាក ដោយសារសកម្មជនទាំង ៣នេះ បន្តធ្វើសកម្មភាពការពារបរិស្ថានរបស់ពួកគេនៅតំបន់កោះកុង ទោះជាពួកគេរងការផ្ដន្ទាទោសក៏ដោយ។
លោកនាយកប្រតិបត្តិមជ្ឈមណ្ឌលការងារ និងសិទិ្ធមនុស្ស លោក មឿន តុលា យល់ថា ការគេចខ្លួនរបស់សកម្មជនរូបនេះ គឺពួកគេភ័យខ្លាចការឃាត់ខ្លួននៅពេលពួកគេចូលស្ដាប់សវនាការ។ មឿន តុលា៖«ការប្រើប្រព័ន្ធតុលាការគឺជាចេតនាក្នុងបំបិទ បំបាក់ស្មារតីសកម្មជនធម្មជាតិកុំឲ្យ ងើបតវ៉ាទៀត យើងឃើញគាត់អត់កាតតវ៉ាមួយរយៈក៏មានការដោះលែងទៅ ប៉ុន្តែដល់ពេលគាត់សើររើរឿងខ្សាច់នំាចេញក៏មានលេចឡើងរឿង ករណីតុលាការនិងបន្តទៀត»។
ទាក់ទិនរឿងនេះ លោកអាឡិច ហ្សង់ដ្រូហ្គាន់ សាឡេសដាវិដសុន ស្ថាបនិកមាតាធម្មជាតិដែលត្រូវបានរដ្ឋាភិបាលនិរទេសខ្លួន បានបង្ហោះសាររបស់លោកថា សាលាឧទ្ធរណ៍ បើកសវនាការលើបណ្ដឹងឧទ្ធរណ៍គឺជានីតិវិធីមួយ ប៉ុន្តែ អាចជាសម្ពាធលើសមាជិករបស់លោក៕