en     km
en     km

គណបក្សប្រឆាំង​ដាក់​បេក្ខជន​ស្ត្រី​នៅ​លេខ​រៀង​ទី​មួយ​ជាង​ ៣៥​ ឃុំ​សង្កាត់​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ គណបក្ស​មាន​គោលការណ៍​ក្នុង​ការ​លើកកំពស់​ស្ត្រី​ ដោយ​គណបក្ស​កំណត់​ថា​ នឹង​ដាក់​បេក្ខជន​ស្ត្រី​នៅ​លេខ​រៀង​ទី​មួយ​ មិន​ឱ្យ​តិច​ជាង​ ៣៥​ ឃុំ​នោះ​ទេ​។​ ការ​កំណត់​នេះ​ សង្គម​ស៊ី​វិល​ធ្វើការ​សាទរ​ តែ​ផ្តល់​អនុសាសន៍​ឱ្យ​បក្ស​មួយ​នេះ​ត្រូវ​អនុវត្ត​ឱ្យ​បាន​។​

 

តំណាងរាស្រ្តស្រ្តីរបស់គណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ
តំណាងរាស្រ្តស្រ្តីរបស់គណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ
​ថ្លែង​ក្នុង​កម្មវិធី​រលក​ថ្មី​របស់​វិទ្យុ​ស្ត្រី​ កាលពី​ថ្ងៃ​ទី​២៧​ មក​រា​ លោក​ ហ៊ីង​ សុខសាន្ត​ តំណាង​យុវជន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ បានឱ្យ​ដឹង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ដាក់​បេក្ខជន​ជា​ស្ត្រី​ដែល​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នៅ​លេខ​រៀង​ទី​១​ មិន​តិច​ជាង​ ៣៥​ ឃុំ​នោះ​ទេ​ ក្នុង​ព្រឹ​ត្ត​ការណ៍​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ២០១៧​ ខាង​មុខ​នេះ​។​

​លោក​បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលការណ៍​ដូចនេះ​ ដោយសារ​គណបក្ស​បាន​មើលឃើញ​ពី​សក្តានុពល​របស់​ស្ត្រី​ ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​នៅ​ថ្នាក់​មូលដ្ឋាន​។​

តំណាង​គណបក្សប្រឆាំង​រូប​នេះ​បន្ត​ថា​ ក្នុង​ឃុំ​ សង្កាត់​ ដែល​គណបក្ស​ដាក់​បេក្ខភាព​ជា​ស្ត្រី​ឱ្យ​ឈរ​នោះ​ សុទ្ធតែ​ជា​ឃុំ​ដែល​ធ្លាប់​ទទួល​បាន​ជ័យ​ជំនះ​ ពោល​គឺ​ស្ត្រី​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ជាប់​ឆ្នោត​ជា​មេឃុំ​។​ លោក​ ហ៊ីង​ សុខសាន្ត​៖«​ហើយ​យើង​សង្ឃឹមថា​ នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ក្រោយ​ការ​បោះ​ឆ្នោត​នេះ​គឺថា​ស្ត្រី​ដែល​ជាប់​ឆ្នោត​ជា​មេឃុំ​មក​ព​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មាន​ចំនួន​ច្រើន​»​។​

ទាក់ទិន​បញ្ហា​នេះ​ អ្នកស្រី​ ចាន់​ សោ​ភ័​ណ្ឌ​ សមាជិក​គាំទ្រ​បណ្តាញ​ពង្រឹង​អំណាច​ស្ត្រី​វ័យក្មេង​ បាន​គាំទ្រ​ចំពោះ​គោលការណ៍​របស់​គណបក្ស ប្រឆាំង​ ដែល​បាន​កំណត់​ដូចនេះ​។​ អ្នកស្រី​បន្ត​ថា​ ការ​កំណត់​បែប​នេះ​គឺជា​រឿង​ប្រសើរ​ ប៉ុន្តែ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ ព្រោះ​កន្លង​មក​គណបក្ស​នយោបាយ​នីមួយៗ​ តែង​លើក​ឡើង​អំពី​ឆន្ទៈ​នៃ​ការ​លើក​ស្ទួយ​ស្ត្រី​ ប៉ុន្តែ​ជាក់ស្តែង​មិន​បាន​អនុវត្ត​នោះ​ទេ​។​

​អ្នកស្រី​បន្ថែម​ថា​ ការ​ដាក់​បេក្ខភាព​ស្ត្រី​ឱ្យ​ឈរ​នៅ​លេខ​ទី​ ១​ គឺជា​យន្តការ​ពិសេស​មួយ​ សម្រាប់​ជំរុញ​ឱ្យ​មាន​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​នយោបាយ​បាយ​។​ អ្នកស្រី​ថា​ បើ​ស្ត្រី​ជាប់​មេឃុំ​ ៥០%​ នៅ​ក្នុង​ឃុំ​សង្កាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​កាន់តែ​ល្អ​។​ អ្នកស្រី​ ចាន់​ សោ​ភ័​ណ្ឌ​៖«​បង​សប្បាយចិត្ត​ដែល​គ្រប់​គណបក្ស​នយោបាយ​ បើ​បាន​គាត់​ជំរុញ​ការ​អនុវត្ត​ហ្នឹង​ឱ្យ​ដូច​អ្វី​ដែល​គាត់​មាន​ឆន្ទៈ​ដែល​គាត់​បាន​បញ្ជាក់​ ឬ​បង្ហាញ​នូវ​ការ​លើកទឹកចិត្ត​ ក៏​ដូច​ជា​ការ​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​»​

​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី​ ចាន់​ សោ​ភ័​ណ្ឌ​ តាម​បទ​ពិសោធន៍​ដែល​អ្នក​ស្ត្រី​ធ្វើការ​ជាមួយ​ស្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ ឃើញ​ថា​ ស្ត្រី​ដែល​មាន​តំណែង​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ គឺ​គាត់​មាន​មនុស្ស​ដែល​មាន​សក្តានុពល​ ហើយ​បញ្ហា​មួយ​ចំនួន​ជា​ពិសេស​បញ្ហា​អំពើ​ហឹ​ង្សា​លើក​ស្ត្រី​ និង​កុមារ​ នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​មាន​ប្រសិទ្ធភាព​។​

តែ​យ៉ាងណាមិញ​ អ្នក​ស្ត្រី​មើលឃើញ​ថា​ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​រារាំង​ស្ត្រី​មិន​អាច​ឈរឈ្មោះ​ធ្វើ​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បាន​។​ បញ្ហា​ប្រឈម​ចម្បង​ទាំងនោះ​ គឺ​គ្មាន​ការ​ផ្តល់​ឱកាស​ពី​គណបក្ស​នយោបាយ​ កត្តាសេដ្ឋកិច្ច​ និង​កត្តា​ប្រពៃណី​ជាដើម​។​

ក្នុង​ការ​លើក​ស្ទួយ​ស្ត្រី​ឱ្យ​ឈរ​ជា​បេក្ខភាព​ក្នុង​បោះ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​មាន​គោលនយោបាយ​លើកកម្ពស់​ឱ្យ​ស្ត្រី​មាន​តំណែង​នៅ​ក្នុង​ក្នុង​វិស័យ​នយោបាយ​ផង​ដែរ​។​

​លោក​ មាស​ សោ​ភ័​ណ្ឌ​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ រហូត​មក​ដល់​ពេល​នេះ​ ចំនួន​មេឃុំ​ជា​ស្ត្រី​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មានការ​កើន​ឡើងជា​លំដាប់​។​ មាស​ សោ​ភ័​ណ្ឌ​៖«​ពាក់ព័ន្ធ​ទៅ​នឹង​យុទ្ធសាស្ត្រ​ ឬ​ក៏​គោលនយោបាយ​នៅ​ក្នុង​ការ​បន្ត​លើកកម្ពស់​ការ​ចូលរួម​របស់​យុវជន​ ជា​ពិសេស​ស្ត្រី​ នៅ​ក្នុង​ដំណើរការ​នៃ​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​ ឬ​ក៏​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ គឺ​គណបក្ស​បាន​គិត​ និង​យកចិត្តទុក ដាក់​បំផុត​នៅ​ក្នុង​ការ​លើក​ឡើង​នូវ​កង្វល់​ស្ត្រី​ទៅ​លើ​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅ​មូលដ្ឋាន​នេះ​។​ ហើយ​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​កំពុង​តែ​ធ្វើ​ដំណើ​ការ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​បាន​ចូលរួម​ជា​បេក្ខភាព​នៅ​ក្នុង​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខ​ង​មុខ​»​។

របាយការណ៍​អង្កេត​ប្រចាំឆ្នាំ​ ២០១៥​ របស់​អង្គការ​ខម​ហ្វ្រែ​ល​ បាន​បង្ហាញ​ថា​ ស្ត្រី​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​មានការ​កើនឡើង​បន្តិច​ចំនួន​ ២០៥១​នាក់​ ស្មើនឹង​១៧,៨៩%​ ក្នុង​ចំណោម​១១,៤៥៩​នាក់​។​  ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​ឆ្នាំ​២០១៥​ មេឃុំ​ ចៅសង្កាត់​ជា​ស្ត្រី​កើនឡើង​ចំនួន​ ៦,៦១%​ ស្មើនឹង​ ១០៨​នាក់​ ដែល​ឆ្នាំ​២០១៤​ មាន​តែ​ ៩៥​ នាក់​តែ​ប៉ុណ្ណោះ​។​

របាយ​ការ​នេះ​ថា​ ការ​កើនឡើង​នេះ​ ដោយសារ​តែ​ប្រធាន​ក្រុមប្រឹក្សា​ជា​បុរស​ខ្លះ​ស្លាប់​ ខ្លះ​ទៀត​លាលែង​ពី​ដំណែង​ដោយសារ​មាន​ជំងឺ​ មិន​អាច​ធ្វើការ​បាន​ និង​ខ្លះ​ទៀត​ចាស់​ខ្លាំ​ពេក​។​ទោះជា​យ៉ាងណា​ក៏​ដោយ​ ស្ត្រី​នៅ​តែ​មាន​ចំនួន​តិច​ក្នុង​មុខ​តំណែង​ធ្វើ​សេចក្តីសម្រេច​សំខាន់​មួយ​នេះ​ ថ្វីបើ​មានការ​កើនឡើង​បន្តិច​ក្នុង​ឆ្នាំ​២០១៥​ក៏​ដោយ​។​

បែប​នេះ​ក្តី​ របាយការណ៍​បានឱ្យ​ដឹង​ថា​ បុរស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​នៅ​តែ​រើសអើង​ និង​មិន​ចង់​សហការ​ជាមួយ​ស្ត្រី​ និង​មានកា​រិះគន់​ចំពោះ​ស្ត្រី​នៅឡើយ​ ដោយសារ​តែ​បុរស​គិត​ថា​ សមត្ថភាព​ស្ត្រី​នៅ​អន់​ ការ​យល់​ដឹង​នៅ​មាន​កម្រិត​។​ ចំណែកឯ​ការ​ប្រគល់​តួនាទី​ ភារកិច្ច​របស់​ប្រធាន​ក្រុម ប្រឹក្សា​ឃុំ​ សង្កាត់​ ទៅ​សមាជិក​ស្ត្រី​ ស្រប​តាម​តួនាទី​របស់​ខ្លួន​នោះ​ របាយការណ៍​ខម​ហ្វ្រែ​ល​រក​ឃើញ​ថា​ ប្រធាន​ក្រុមប្រឹក្សា​ បាន​ប្រគល់​តែ​ភារកិច្ច​ការងារ​ខ្លះៗ​តែ​ប៉ុណ្ណោះ​ ជូន​សមាជិក​ក្រុមប្រឹក្សា​ជា​ស្ត្រី​៕

Share

ព័ត៌មានទាក់ទង

Image