ភ្នំពេញ ៖ ភ្ញៀវទេសចរចិនក្នុងឆ្នាំ ២០១៦ មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានអត្រាកំណើនជិត ២០% បើធៀបនឹងឆ្នាំ ២០១៥ ។ នេះជាការលើកឡើងរបស់លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានអះអាងថា ភ្ញៀវទេសចរចិនជាចំណុចសក្តានុពលសម្រាប់វិស័យទេសចរណ៍កម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាកំពុងខិតខំយ៉ាងខ្លាំងនៅក្នុងការរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ពិសេសទីផ្សារប្រទេសចិន។
លោកបានបន្ថែមថា មូលហេតុសំខាន់ដែលភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាច្រើន អាចបណ្តាលមកពីការតភ្ជាប់ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់ប្រទេសចិន ដែលចំនួននៃការហោះហើរនេះមានកាន់តែច្រើន។ មួយវិញទៀតប្រជាជនចិន ក៏បានចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបន្តទៀតថា នឹងមានប្រជាជនចិនជាច្រើនធ្វើដំណើរកំសាន្តចេញទៅក្រៅប្រទេស ហេតុនេះចិនជាទីផ្សារល្អសម្រាប់ទេសចរណ៍កម្ពុជា ហើយកម្ពុជា និងចិនមានទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋ វិនិយោគិនចិន ក៏កាន់តែមានទំនុកចិត្តមកវិនិយោគនៅកម្ពុជាផងដែរ។
កន្លងមករាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ធ្លាប់បានរំពឹងទុកចំពោះការទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ២ លាននាក់នៅឆ្នាំ ២០២០ ហើយជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានជំរុញឱ្យម្ចាស់អាជីវកម្មសេវាកម្មនៅក្នុងវិស័យទេសចរណ៍ត្រូវប្រើប្រាស់ភាសាចិនជាភាសាទីបី បន្ទាប់ពីភាសាអង់គ្លេស៕
ប្រភពអត្តបទ៖ កាសែត ឡារ៉ែន