ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្ស ១១នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀត របួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ១៦លើក ក្នុងថ្ងៃសែនចូលឆ្នាំចិន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
តែយ៉ាងណាមិញ ក្នុងឱកាសចូលឆ្នាំចិនឆ្នាំ ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ខណៈកាលពីឆ្នាំពី ២០១៦ មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤១នាក់ ក្នុងចំណោមគ្រោះថ្នាក់ ៨០ករណី។
យោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១៦លើកនេះ បណ្តាលឱ្យខូចខាតយានយន្ត សរុបចំនួន ២៣គ្រឿង រួមមាន ម៉ូតូ ចំនួន ១៤គ្រឿង រថយន្តធុនតូច ចំនួន ៨គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និង អ្នកថ្មើរជើង ៤នាក់ ។
មូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក មិនប្រកាន់ស្តាំ ១លើក បត់គ្រោះថ្នាក់ ៣លើក ប្រជែង ១លើក និងស្រវឹង ១លើក។
រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្ត បន្ទាយមានជ័យ ៤លើក ស្លាប់ ១នាក់ របួស ៤នាក់ ក្រចេះ ៣លើក ស្លាប់ ២នាក់ របួស២នាក់ ,ភ្នំពេញ ២លើក ស្លាប់ ២នាក់ មណ្ឌលគិរី ១លើក ស្លាប់២នាក់ របួស៥នាក់,កណ្តាល ១លើក ស្លាប់ ១នាក់ របួស២នាក់ កំពង់ឆ្នាំង ១លើក របួស០នាក់ ពោធិសាត់ ១លើក របួស១នាក់ កែប ១លើក របួស២នាក់ ព្រះសីហនុ១លើក របួស៥នាក់ និងសៀមរាប ១លើក ស្លាប់០នាក់ របួស ២ នាក់ ៕