ភ្នំពេញ៖មេធាវីការពារក្តីឲ្យសម្តេច ហ៊ុន សែន ដែលប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ សង្ឃឺមថា នឹងបានលុយ១ លានដុល្លារអាមេរិកពីប្រធានគណបក្សប្រឆាំងនេះ។
មេធាវីសម្តេច ហ៊ុន សែន គឺលោក គី តិច បានមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញករណីលោកប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចោទសម្តេច ហ៊ុន សែន ថា បានជួលកញ្ញា ធី សុវណ្ណថា នូវទឹកប្រាក់ចំនួន ១ លានដុល្លារ ឲ្យបំបែកលោក កឹម សុខា ចេញពីលោក សម រង្ស៊ី។ ឆ្លើយសំនួរអ្នកសារព័ត៌មាន បន្ទាប់ពីចេញពីបន្ទប់សាកសួរលោក គី តិចថា សម្តេចប្តឹងទាមទារជំងឺប្រមាណ ១លានដុល្លារដោយសារលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសម្តេចយ៉ាងធ្ងន់ធ្ងរ។ លោក គី តិច៖«សុំឲ្យតំណាងអយ្យការធ្វើការចោទប្រកាន់ ហើយសុំឲ្យតុលាការផ្តន្ទា ទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធបទបរិហាកេរ្តិ៍ជាសាធារណៈ សំណូមពរទី២ទាមទារសំណង់ជំងឺចិត្តដែលឯក ឧត្តម សម រង្ស៊ី បានមានប្រសាសន៍ធ្វើឲ្យប៉ះពាល់តម្លៃកិត្តិយលដល់សម្តេចដេកជោ ចំនួន ៤ពាន់លានរៀល ស្មើនិងប្រហែល ១ លាន ដុល្លារ»។
លោកមេធាវី គី តិច បន្តថា ករណីខ្សែអាត់សំឡេងសន្ទនាគ្នាដែលគេសង្ស័យថា ជាសំឡេង សម្តេច ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា មិនបានស្នើឲ្យតុលាការស៊ើបអង្កេតឡើយ។ លោកមេធាវី បានស្នើឲ្យតុលាការធ្វើចោទប្រកាន់ និងផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយគេ មិនដែលឃើញឬលឺថា លោក សម រង្ស៊ី បានផ្ដល់សំណងផ្លូវចិត្តម្ដងណាទេ ឱ្យដើមបណ្ដឹង ព្រោះ គេថា ជារឿងនយោបាយ។ លោក សម រង្ស៊ី ត្រូវបានមេធាវីប្ដឹងជាច្រើនលើកមកហើយ ចាប់តាំងពីឆ្នាំ១៩៩៧ មកមិនតិចជាង ៥ដងនោះទេ៕