en     km
en     km

ជិត​បោះ​ឆ្នោត​ហើយ​ ថា​តើ​បក្ស​ CPP​និង​CNRP​ គួរ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ពលរដ្ឋ​ហ៊ាន​បង្ហាញ​ឆន្ទៈ​ឱ្យ​បាន​ត្រឹមត្រូវ​🔊

Share

​ភ្នំពេញ​៖​ នៅ​ត្រឹមតែ​ជាង​ ៤​ខែ​ទៀត​ប៉ុណ្ណោះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្ដិ​ទី​៤​ នឹង​ឈាន​ចូល​មក​ដល់​ ក៏​ប៉ុន្ដែ​ស្ថានការណ៍​នយោបាយ​នៅ​តែ​បន្ត​ខ្វែងគំនិត​គ្នា​ក្នុង​ការ​លើកកម្ពស់​តម្លៃ​ជាតិ​ ដែល​ជា​កត្ដា​ជះ​ឥទ្ធិពល​ដល់​ផ្លូវចិត្ដ​របស់​ពលរដ្ឋ​ មិន​ហ៊ាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ដោយ​ស្មោះត្រង់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​។​

elect
ពលរដ្ឋទៅបោះឆ្នោតកាលពីអាណត្ដិមុន

​ជុំវិញ​រឿង​នេះ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ ទទូច​ឲ្យ​អ្នកនយោបាយ​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់​ចំពោះ​គ្នា​ ប្រយោជន៍​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ ដោយ​ភាព​អព្យាក្រឹត​ ត្រឹមត្រូវ​ និង​ យុត្ដិធម៌​។​ ​លើស​ពី​នេះ​ករណី​អ្នកទោស​មនសិការ​ក្ដី​ អ្នកទោស​នយោបាយ​ក្ដី​ គួរ​ពិចារណា​បញ្ចប់​ឲ្យ​បាន​ឆាប់​មុន​ការ​បោះ​ឆ្នោត​។​

​ទន្ទឹម​នឹង​គណបក្ស​នយោបាយ​ចាប់ផ្ដើម​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​ដើម្បី​ពង្រឹង​បក្ស​ អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ផ្ដល់​ជា​យោបល់​ថា​ គណបក្ស​នយោបាយ​ទាំង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​គួរ​ជ្រើសរើស​សារ​នយោបាយ​ណា​ដែល​មាន​ខ្លឹមសារ​សន្ដិភាព​និង​ការ​អភិវឌ្ឍ​ជា​ជាង​ការ​វាយប្រហារ​គ្នា​ដែល​នាំ​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​ការ​ធ្វើ​សេចក្ដីសម្រេច​ចិត្ត​របស់​ពលរដ្ឋ​។​

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​ នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្វ្រែល​ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ទី​២៦​ មក​រា​ នេះ​ មាន​ប្រសាសន៍​ថា​ ពេលវេលា​ដ៏​សំខាន់​នេះ​ គណបក្ស​នយោបាយ​ គួរ​ចៀសវាង​ឲ្យ​បាន​នូវ​ការ​ប្រើ​សារ​បំភ័យ​និង​គំរាម​ផ្លូវចិត្ដ​ដល់​ពលរដ្ឋ​។​

​លើស​ពី​នេះ​នាយក​ប្រតិបត្ដិ​ ខុមហ្វ្រែល​ បន្ដ​ថា​ ដើម្បី​ឲ្យ​ពលរដ្ឋ​ហ៊ាន​បោះ​ឆ្នោត​ដោយ​ចេញពី​ឆន្ទៈ​ពិតប្រាកដ​ ចាំបាច់​បំផុត​ស្ថាប័ន​ តុលាការ​ កងរាជអាវុធហត្ថ​ ត្រូវ​តែ​ជា​ស្ថាប័ន​ឯករាជ្យ​មិន​បំរើ​បក្សនយោបាយ​ ទើប​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ហើយ​អ្នកនយោបាយ​ត្រូវ​តែ​បន្ថយ​ជម្លោះ​។​ ​លោក​ គល់​ បញ្ញា​ ៖«​រឿង​នេះ​ទាក់ទិន​ទៅ​នឹង​ស្ថាប័នរដ្ឋ​ រដ្ឋាភិបាល​អាជ្ញាធរ​ ត្រូវ​តែ​ចូលរួម​ ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ យុត្ដិធម៌​សំខាន់​ស្ថាប័នរដ្ឋ​ អាជ្ញាធរ​ និង​រដ្ឋាភិបាល​ ដែល​ត្រូវ​ចូលរួម​ធានា​ធ្វើ​យ៉ាងម៉េច​ ឲ្យ​អ្នកនយោបាយ​ ឲ្យ​ប្រជាពលរដ្ឋ​ ចូលរួម​ការ​បោះ​ឆ្នោត​នេះ​ពេញលេញ​»​។

kol-panhaa
លោក គល់ បញ្ញា នាយកប្រតិបត្ដិ ខុមហ្រ្វែល

​ទោះជា​បក្ស​ប្រឆាំង​បាន​ចូល​ប្រជុំ​សភា​ក្ដី​ តែ​បក្ស​នេះ​ ប្រឈម​មុខ​នឹង​ការ​បាត់បង់​តួនាទី​ ជា​តំណែង​សំឡេង​ភាគតិច​ នៅ​រដ្ឋសភា​ ដែល​នាំ​ឲ្យ​មានការ​បែកបាក់​ជាតិ​ថែម​ទៀត​ ហើយ​ក៏​អាច​នឹង​ធ្វើ​ឲ្យ​ផុយ​ស្រួច​ដល់​ការ​បោះ​ឆ្នោត​ខាង​មុខ​។​ ប្រការ​នេះ​ក៏​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​ សុវត្ថិភាព​ពលរដ្ឋ​ចូលរួម​នយោបាយ​ផង​ដែរ​។​

​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​ គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្ដិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និក​ហ្វិ​ច​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គឺជា​អ្នក​ទី​មួយ​ដែល​ត្រូវ​ធានា​ស្ថិរភាព​ឲ្យ​ពលរដ្ឋ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ដ​ ក្នុង​អំឡុង​ការ​បោះ​ឆ្នោត​។​ ចំណែក​គណបក្ស​នយោបាយ​ផ្សេងៗ​ក៏​ត្រូវ​តែ​ចៀសវាង​ឲ្យ​បានការ​វាយប្រហារ​ពាក្យ​សម្ដី​ណាមួយ​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​មាន​កំហឹង​ស្អប់​គ្នា​និង​រើសអើង​និន្នាការ​នយោបាយ​។​ ​លោក​ សំ​ គ​ន្ធា​មី​ ៖«​អ​ញ្ចឹ​ង​ទាំង​គណបក្ស​នយោបាយ​ ពិសេស​រដ្ឋាភិបាល​ហ្នឹង​ ត្រូវ​ធានា​សន្ដិសុខ​ដើម្បី​ឲ្យ​ពលរដ្ឋ​ទទួល​ព័ត៌មាន​ពី​បក្ស​មួយៗ​ហ្នឹង​ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ពិសេស​ពលរដ្ឋ​មិន​មានការ​ភ័យ​ខ្លាច​ហើយ​មានការ​សម្រេចចិត្ដ​ដ៏​ត្រឹមត្រូវ​មួយ​»​។​

sam-kuntheamy
លោក សំ គន្ធាមី នាយកប្រតិបត្ដិ និកហ្វិច

​អ្នកវិភាគ​បញ្ហា​សង្គម​ក៏​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​ដែរ​ ដោយ​លោក​បញ្ជាក់​ថា​ បញ្ហា​របស់​អ្នក​ជាប់​ពន្ធនាគារ​ដែល​គេ​ហៅ​ថា​ អ្នកទោស​មនសិការ​នេះ​បក្ស​កាន់​អំណាច​ គួរ​បញ្ចប់​ហើយ​ផ្ដល់​សេរីភាព​ពួក​គេ​ឲ្យ​បាន​ឆាប់​។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​ថា​ មិនមែន​ជា​ការ​ចំណេញ​អ្វី​ទេ​សម្រាប់​បក្ស​កាន់​អំណាច​ដែល​បន្ដ​ឃុំខ្លួន​មន្ដ្រី​សិទ្ធិ​មនុស្ស​ មន្ដ្រី​ គ​.​ជ​.​ប​ និង​សកម្មជន​ផ្សេងៗ​ទៀត​ ទាក់ទិន​រឿង​នយោបាយ​។​ លោក​បន្ថែម​ថា​ ប្រសិនបើ​អ្នក​ទាំងនោះ​នៅ​តែ​គ្មាន​សេរីភាព​បន្ដ​ទៀត​បក្ស​កាន់​អំណាច​ នឹង​បន្ត​បាត់បង់​សម្លេង​ឆ្នោត​ ព្រោះ​អ្នក​ទាំងនោះ​គឺជា​បុគ្គល​ដែល​ពលរដ្ឋ​ស្ទើរ​ទូ​ទាំង​ប្រទេស​គោរព​និង​ស្រឡាញ់​។​ ​លោក​បណ្ឌិត​ មាស​ នី​ ៖«​បាទ​បើ​អ​ញ្ចឹ​ង​ រដ្ឋាភិបាល​នៅ​តែ​មិន​អើពើ​ហើយ​ទុក​អ្នក​ទាំង​ហ្នឹង​ (​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ដ្រី​ គ​.​ជ​.​ប​)​ នៅ​ក្នុង​មន្ទី​ឃុំឃាំង​បន្ដ​ទៀត​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​មិន​ខុស​អី​ពី​ការ​ផ្កាប់​ឆ្នាំង​ខ្លួនឯង​ទេ​»​។​

meas-nee
លោកបណ្ឌិត មាស នី រូបកណ្ដាល

​យ៉ាងណា​លោក​បណ្ឌិត​ មាស​ នី​ ទទូច​ថា​ បក្ស​កាន់​អំណាច​គួរ​យក​ពេល​ វេលា​ដែល​ចំណាយ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ ទៅ​បំពេញ​ពាក្យ​សន្យា​របស់​ខ្លួន​ចំពោះ​ពលរដ្ឋ​វិញ​ទើប​ជា​ការ​ប្រសើរ​។​ ​ប្រទេស​កម្ពុជា​ នឹង​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ សំខាន់​ចំនួន​២​ គឺ​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អាណត្ដិ​ទី​៤​ នា​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៦ ​នៅ​ឆ្នាំ​ ២០១៨៕

Share

ព័ត៌មានទាក់ទង

Image