ភ្នំពេញ៖អង្គការទស្សនៈពិភពលោកបានសម្ពោធគម្រោងថ្មីមួយនៅថ្ងៃព្រហស្បតិ៍ នេះដើម្បីជួយកុមារក្នុងខេត្តព្រះវិហារឲ្យផុតពីអំពើហិង្សា។
គម្រោងដែលមានឈ្មោះថា «បញ្ចប់អំពើហឹង្សាលើកុមារ» ត្រូវរំពឹងថាកុមារនៅក្នុងស្រុកចំនួនប្រាំមួយក្នុងខេត្តភាគឥសាន្តនេះចំនួន ១៥០០០នាក់ នឹងបានទទួលផលដោយផ្ទាល់។ ស្រុកទាំងប្រាំមួយរួមមាន ស្រុករវៀង ស្រុកត្បែងមានជ័យ ស្រុកគូលែន ស្រុកសង្គមថ្មី ស្រុកជ័យសែន និងស្រុកឆែប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកគម្រោងនេះ នឹងត្រូវអនុវត្តន៍រយៈពេលបួនឆ្នាំនិងទទួលបានជំនួយថវិកាចំនួន ១,៨លានអាមេរិកពីអង្គការទស្សនៈពិភពលោកនៅសហរដ្ឋអាមេរិក។
យោងតាមរបាយរបស់ក្រសួងកិច្ចការនារី នៅក្នុងប្រទេសកម្ពុជា មានកុមារជាច្រើនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ ការរំលោភបំពាន ការមិនអើពើ និងអំពើហិង្សា។ មានកុមារជាង៥០%ដែលធ្លាប់ត្រូវគេរំលោភបំពានលើរាងកាយ។ កុមារ ៣នាក់ ក្នុងចំណោម៤នាក់ នៃកុមារនៅក្នុងប្រទេសកម្ពុជាត្រូវបានរាយការណ៍ថា ទទួលរងការរំលោភបំពាន ហិង្សារាងកាយ ហិង្សាផ្លូវចិត្ត ឬការរំលោភផ្លូវភេទម្តងមុនអាយុ ១៨ឆ្នាំ។
បន្ថែមពីនេះ មានកុមារអាយុ១៧ឆ្នាំ ប្រមាណ ៧៥៥,២០០នាក់ ត្រូវធ្វើការងាររកប្រាក់ចំណូល។ ហើយក្នុងនោះមានកុមារ៤២៩,៣៨០នាក់ស្មើនឹង៥៩.៩% ត្រូវចាត់ទុកថាកំពុងរងពលកម្មកុមារ។ ហើយកុមារ ២៣៦,៤៩៨នាក់ ស្មើនឹង៣១.៣% កំពុងទទួលរងពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ៕