ភ្នំពេញ៖ ស្ដ្រីម្នាក់ដែលមានកម្រិតវប្បធម៌ត្រឹមថ្នាក់ទី៦ ប៉ុន្ដែបាន ឆ្លងកាត់ការតស៊ូរហូតបានក្លាយជាជំទប់ទី២ នៃឃុំ អរិយក្សត្រ ខេត្ដកណ្ដាល គឺលោកស្ដ្រី ទូច សាវុធ។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីអេហ្វអឹម១០២ លោកស្ដ្រី ទូច សាវុធ ឲ្យដឹងថា ការអប់រំសម្រាប់ស្ដ្រីនៅមានកម្រិត ផ្នត់គំនិតសង្គមនៅតែរើសអើងលើស្ដ្រី និងកត្ដាស្ដ្រីខ្លួនឯងជាបញ្ហាចម្បង ដែលធ្វើឲ្យស្ដ្រីមិនហ៊ានចូលរួមការងារសង្គមពិសេសគឺវិស័យនយោបាយ។
បញ្ហានេះលោកស្រីទទូចឲ្យស្ដ្រីត្រូវតែបង្កើនភាពក្លាយហានរបស់ខ្លួនចូលរួមកិច្ចការសង្គមឲ្យបានច្រើន ដើម្បីមានឱកាសអាចជួយដល់ស្ដ្រីទន់ខ្សោយផ្សេងៗដែលមានវិបត្ដិ។ លោកស្ដ្រីបន្ដថា បញ្ហារបស់ស្ដ្រីគឺមានតែស្ដ្រីដូចគ្នាទេទើបយល់ នឹង ដឹងថា ត្រូវដោះស្រាយបែបណា។ សម្រាប់លោកស្រី ទូច សាវុធ អះអាថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧នេះ លោកស្រី នឹងឈរជាសមាជិក ក្រុមប្រឹក្សាឃុំបន្តទៀត ក្នុងក្រមខណ្ឌជាបេក្ខជនមកពីគណបក្សសង្គ្រោះជាតិ៕