Gambia ៖ អតីតប្រធានាធិបតីនៃប្រទេស Gambia ដែលត្រូវបានបណ្ដេញចេញពីប្រទេស ឱ្យទៅរស់នៅប្រទេស គីណេ ក្នុងស្ថានភាពនិរ ទេសខ្លួន បានផ្ញើលិខិតមកកាន់ប្រធានាធិបតីជាប់ឆ្នោត Adama Barrow ដោយសុំធ្វើជាទីប្រឹក្សា។
តាមគេហទំព័រ Jollof News លិខិតរបស់លោក Jammeh បានជូនពរដោយបានចាត់ទុកលោក Barrow ជាប្រធានាធិបតី ជាអគ្គមេបញ្ជាការកងទ័ព និងជាពលរដ្ឋទី ១ នៃប្រទេស Gambia។ ប៉ុន្តែលិខិតរបស់លោកJammeh បានបន្ថែមមួយឃា្លទៀតនោះថា លោកចង់ក្លាយជាអ្នកផ្ដល់គំនិតដ៏ស្មោះស្ម័គសម្រាប់ប្រធានាធិ បតីក្នុងការដឹកនាំប្រទេស។
តែបែបនេះក្ដី គេពុំទាន់ឃើញលោក Barrow ឆ្លើយតបទៅលោក Jammeh វិញនោះទេ ។
កាលពីថ្ងៃម្សិលមិញ លោក Barrow បានប្រកាសថា លោកនឹងបង្កើតក្រុមស៊ើបអង្កេតមួយ ដើម្បីពិនិត្យ ការរំលោភសិទ្ធិមនុស្ស ក្រោមការដឹកនាំរយៈពេល ២២ឆ្នាំ របស់លោក Jammeh។
លោក Jammeh ត្រូវបានគេចាត់ទុកថា ជាជនផ្ដាច់ការ ព្រោះការដឹកនាំរបស់លោក ពោរពេញដោយការរំលោភសិទ្ធិមនុស្ស និង បំបិទសំឡេងអ្នករិះគន់។ លោកត្រូវបានកងទ័ពអាហ្វ្រិកខាងលិច បណ្ដេញពីអំណាចកាលពីថ្ងៃទី ២១ មករា។ លោកត្រូវបានចោទថា បានលួចលុយជាង ១១ លានដុល្លារ តាមខ្លួនទៅនៅប្រទេស គីណេ។
ជនផ្តាច់ការរូបនេះធ្លាប់ធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីខ្លួនឯងកាលពីឆ្នាំ ១៩៩៤៕ ប្រភព: Jollof News