ប៉េកាំង៖នៅទីបំផុតចិនដែលជាប្រទេសមហាអំណាចមួយនៅអាស៊ី បានសម្រេចបោះដៃទៅរក អាមេរិក ដោយសុំឱ្យមានការចរចាទ្វេភាគី និយាយពីការគ្រប់គ្រងតំបន់ទឹកនៅសមុទ្រចិនខាង ត្បូង ដែលនាំឱ្យមើលឃើញថា ក្រុងប៉េកាំង ហាក់ទម្លាក់ចោលអំនួតរបស់ខ្លួនបន្តិចនូវមហិច្ឆតា ចូលកាន់កាប់សមុទ្រចិនខាងត្បូង។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលស្រង់មកចុះផ្សាយ ប្រសាសន៍របស់ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃពុធ ទី២៥ មករា នេះថា ៖«ក្រុង ប៉េកាំង ពិតជាចង់ចរចាផ្ទាល់និងទ្វេភាគីជាមួយ ក្រុងវ៉ាស៊ីនតោន លើការគ្រប់គ្រងដែនទឹក នៅសមុទ្រខាងត្បូង ដោយឈរលើគោលការណ៍ ទុកចិត្តគ្នា យោគយល់គ្នា ជាមូលដ្ឋាន និងផ្អែកលើ ផលប្រយោជន៍រួមគ្នា»។
តែបែបនេះក្ដី ក្រុងប៉េកាំងបាន ដាក់លក្ខខណ្ឌមួយ គឺចង់ឱ្យអាមេរិក បន្តគោរពគោលនយោបាយចិនតែមួយ( One policy) សំដៅលើនយោបាយ កោះតៃវ៉ាន់ ដែលក្រុងប៉េកាំង ខកចិត្តព្រោះលោកដូណាល់ត្រាំប្ដេជ្ញាពង្រឹងដៃគូទ្វេភាគីជាមួយក្រុង តៃប៉ិ។
តែអ្វីនាំឱ្យក្រុងប៉េកាំង ទម្លាក់ភាពអំនួតរបស់ខ្លួនបន្តិច គឺបន្ទាប់ពីសេតវិមានប្ដេជ្ញាមិនឱ្យចិន ចូលកាន់កាប់តំបន់ជម្លោះសមុទ្រចិនខាងត្បូងដោយផ្ដាច់មុខឡើយ។ អ្នកនាំពាក្យថ្មីសម្រាប់សេតវិមានលោក Sean Spicer បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋការរបស់លោក ដូណាល់ត្រាំ ពិតជាមិនឱ្យចិនមានសិទ្ធិផ្ដាច់មុខលើ តំបន់ជម្លោះនោះទេដែល អាមេរិក នឹង រកគ្រប់យុទ្ធវិធីដើម្បីបញ្ឈប់មហិច្ឆិតាចិនជាបន្ទាន់ ៕ ប្រភព- Reuters