លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្គាប់ឱ្យម្ចាស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ លោក ខាំពូន កែវ មុនី ឈប់ជួលម៉ោងឱ្យវិទ្យុ ABCបន្តទៅទៀត។នេះបើ យោងតាម លិខិតរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី២៤ មករា ឆ្នាំ២០១៧នេះ។ វិធានការនេះធ្វើឡើងបន្ទាប់មានការរិះគន់ពីមហាជនអំពីកាយវិការ និងពាក្យសម្តីរបស់ពិធីករ ពិការិនីរបស់វិទ្យុនេះ ។
លិខិតដដែលនេះបានបញ្ជាក់ថា កន្លងមកក្រសួងព័ត៌មាន បានឯកភាពអនុញ្ញាតឱ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣សហការជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុងការផលិតកម្មវិធីចម្រុះ (3 Spring )ដើម្បីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង០៦៖០០នាទី ដល់ម៉ោង៩៖០០នាទីព្រឹក ។
លិខិតនេះបន្តថា ប៉ុន្តែបន្ទាប់ពីដំណើការកម្មវិធីនេះមួយរយៈខ្លីមក ធ្វើឱ្យមហាជនជាច្រើន ធ្វើការរិះគន់ទៅលើពិធីករ ពិធីការិនី កម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តិនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន ។ ជាការប្រមាថមើលងាយអ្នកស្តាប់ ក៏ដូចជាទស្សនិកជន ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ របស់ពិធីករ ពិធីការិនីផ្សេងទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបានបញ្ជាក់ថា ដើម្បីបញ្ចប់ប្រតិកម្មពីមហាជន និងភាពអសកម្មទាំងឡាយ ដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ ក្រសួង តម្រូវ ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បញ្ជប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាងស្ថានីយវិទ្យុ អេប៊ីស៊ី កម្ពុជា FM ១០៧.៥ MHz ជាបន្ទាន់ពីថ្ងៃជូនដំណឹង នេះតទៅ។
យ៉ាងនេះក្ដី វិទ្យុស្រ្ដី FM 102 មិនអាចសុំការឆ្លើយតបភ្លាមៗពីអ្នកគ្រប់គ្រងស្ថានីយ៍វិទ្យុ ABC បានទេ ដោយគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់មិនលើក និងខ្លះទៀតត្រូវបានបិទ។
វិទ្យុ ABCដែល លោកអាចារ្យ អេ ជាម្ចាស់ស្ថានីយ តែងតែផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ និងព័ត៌មានទាន់ហេតុការណ៍ ក្នុងសង្គម ។ វិទ្យុFM នេះ មានភាពល្បីល្បាញមួយដែរ ក្នុងចំណោម វិទ្យុ FM ល្បីៗជាច្រើនទៀតនៅកម្ពុជា ៕