en     km
en     km

រដ្ឋាភិបាល​ផ្អាក​នាំ​ខ្សាច់​ចេញ​ដោយ​គ្មាន​ពេល​កំណត់​ (​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​បន្ទាប់​ពី​មាន​ភាព​មិន​ប្រក្រតី​លើ​តួលេខ​នៃ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ នូវ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​។​ ប៉ុន្តែ​សង្គម​ស៊ី​វិល​ស្នើ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ការ​នាំ​ខ្សាច់​ចេញ​ឲ្យ​បាន​ហ្មត់ចត់​។​

 

dit
លោក ឌិត ទីណា
មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារិ៍​ ទី​២៤​ ខែមករា​នេះ​ ថា​ ក្រសួង​បាន​សម្រេច​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស​ជា​បណ្តោះអាសន្ន​។​

​លោក​ ឌិ​ត​ ទីណា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​បញ្ជាក់​ថា​ ការ​សម្រេចចិត្ត​នេះ​ដើម្បី​ «​កុំឱ្យ​មានការ​ជ្រួលច្របល់​»​ បន្ទាប់​ពី​មានការ​បង្ហាញ​តួលេខ​ខុស​គ្នា​យ៉ាង​ប្រទាំង​ប្រទើស​ក្នុង​របាយការណ៍​នាំ​ខ្សាច់​ចេញពី​កម្ពុជា​រវាង​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ UN​ Comtrade​។​

​លោក​ ឌិ​ត​ ទីណា​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃនេះ​ថា​ ការ​ផ្អាក​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​នីតិវិធី​មួយ​ចំនួន​ ដើម្បី​អនុញាត​ឲ្យ​សង្គម​ស៊ី​វិល​បាន​ចូលរួម​ក្នុង​ដំណើរ​ត្រួតពិនិត្យ​ការ​នាំ​ខ្សាច់​ចេញ​ផង​ដែរ​។​ «​យើង​ចង់ឱ្យ​មានការ​ចូលរួម​ពី​អង្គការ​ ពី​អ្នក​ដែល​ចូលរួម​មួយ​ចំនួន​។​ ចូលរួម​ជាមួយ​គ្នា​ទៅ​ ធ្វើការ​ជាមួយ​គ្នា​ទៅ​ ពី​មុន​អត់​មាន​ពី​ណា​មក​ឈឺឆ្អាល​យើង​ធ្វើ​តាម​ច្បាប់​ តាម​អ្វី​ដែល​ជា​នីតិវិធី​របស់​យើង​ ប៉ុន្តែ​ឥឡូវ​បើ​មាន​អ្នក​ចង់​ឈឺឆ្អាល​បន្ថែម​ យើង​នឹង​រក​នីតិវិធី​បន្ថែម​ដើម្បី​ឱ្យ​ចូល​មក​ អស់ចិត្ត​ទាំងអស់​គ្នា​ទៅ​»​។​

ការ​សម្រេចចិត្ត​ផ្អាក​ការ​នាំ​ខ្សាច់​ចេញ​របស់​រដ្ឋាភិបាល​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការសហប្រជាជាតិ​ UN​ Comtrade​ ចេញ​របាយការណ៍​មួយ​កាលពី​ចុងឆ្នាំ​២០១៦​ ស្តី​ពី​ការ​នាំ​ខ្សាច់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​ជាមួយ​របាយការណ៍​របស់​រដ្ឋាភិបាល​។​ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បង្ហាញ​ថា​ ក្នុង​រយៈពេល​ ៨​ឆ្នាំ​ គឺ​ចន្លោះ​ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥​ កម្ពុជា​លក់​ខ្សាច់​ទៅ​ឲ្យ​ប្រទេស​សិង្ហ​បុរី​បាន​ចំនួន​ ៧២,៨​លាន​តោន​។​ ដោយឡែក​បើ​ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ កម្ពុជា​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ដែនដី​កោះ​នេះ​ មាន​ទំហំ​ត្រឹមតែ​ជាង​ ១៦​លាន​តោន​និង​ទទួល​បាន​ទឹកប្រាក់​តែ​ជាង​ ២​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ដូច​គ្នា​។​

​តែ​ទោះជា​យ៉ាងណា​លោក​ ឌិ​ត​ ទីណា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​បញ្ជាក់​ថា​ ការ​ផ្អាក​ការ​នាំ​ខ្សាច់​ចេញ​នេះ​មិន​ពាក់​ព​ន្ធ័​នឹង​ទិន្នន័យ​ផ្ទុយ​គ្នា​ក្នុង​របាយការណ៍​ទាំង​ពីរ​នោះ​ទេ​។​ ហើយ​ការ​ផ្អាក​នេះ​គឺជា​ការ​ផ្អាក​ដែល​មិន​មាន​ពេល​កំណត់​នោះ​ទេ​។

san-chey
លោក សន ជ័យ
ជុំវិញ​បញ្ហា​នេះ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសា​ន៍​ថា​ ខណៈ​ដែល​ក្រសួង​សម្រេច​ផ្អាក​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​  លោក​ចង់ឱ្យ​ក្រសួង​ដែល​ជាប់​ពាក់ព័ន្ធ​ពិនិត្យ​មើល​មូលហេតុ​នៃ​រឿងអាស្រូវ​នេះ​។​ «​យើង​ចង់ឱ្យ​មានការ​ពិនិត្យ​មើល​ឱ្យ​បាន​ហ្មត់ចត់​ទៅ​លើ​រឿងអាស្រូវ​អតីតកាល​ជា​ពិ សេស​ អ្វី​ដែល​ក្រសួង​បានឃើញ​ផ្ទាល់​ភ្នែក​ ទៅ​លើ​ការ​បូម​ខ្សាច់​ដោយ​ខុសច្បាប់​នៅ​ខេត្តកោះកុង​ ដូច​ជា​នៅ​តំបន់​ជិត​កោះ​ស្រឡៅ​អី​ជាដើម​។​»​

​ប្រទេស​កម្ពុជា​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​  ក្នុង​នោះ​មាន​ប្រទេស​សិង្ហ​បុរី​ កោះ​តៃវ៉ាន់​ កូរ៉េ​ខាងត្បូង​ ទៅ​កាន់​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image