ភ្នំពេញ ៖ ប្រទេសកម្ពុជា និង ទ្បាវ គ្រោងបង្កើតស្ថាប័នគ្រប់គ្រងជលផលរួមគ្នាមួយនៅ ឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីជួយឱ្យធនធានមច្ឆាជាតិរបស់ប្រទេសទាំងពីរមាននិរន្តរភាព។ នេះបើតាមការឱ្យដឹងពីគណៈកម្មាការទន្លេមេគង្គ ដែលបានផ្ញើរបាយការណ៍តាមសារអេទ្បិចមកកាន់វិទ្យុស្ត្រី នាថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧។
មន្ត្រីនៃគណៈកម្មាធិការជាតិទន្លេមេគង្គ និង អាជ្ញាធរជលផល ប្រទេសកម្ពុជា-ទ្បាវ រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន ដើម្បីគ្រប់គ្រងជល ផល នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ។
លោក វ៉ាត់ បុត្តកុសល អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបាននិយាយក្នុងរវបាយការណ៍នេះថា ដោយសារបារម្ភពីបញ្ហាធនធានមច្ឆា ទើបមានផែនដូចនេះ។ លោក វ៉ាត់ បុត្តកុសល ៖«យើងមានបញ្ហា និងក្តីកង្វល់ដូចគ្នា ក្នុងការគ្រប់គ្រងជលផល ដែលកំពុងរងការគំរាមកំហែងដោយសារសកម្មភាពរបស់មនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះការពង្រឹងកិច្ចសហការ សំខាន់ណាស់សម្រាប់ប្រទេស ទាំងពីរដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធិភាព»។
ផែនការនេះ ធ្វើទ្បើងបន្ទាប់ពី មានដំណើរទស្សនកិច្ចរួមគ្នាមួយរវាងមន្ត្រីជលផលនៃប្រទេសទាំង ២ កាលពីពេលថ្មីៗនេះ ទៅកាន់ទន្លេមេគង្គ និងទន្លេសេកុង។
ទន្លេទាំងពីរនេះបានភ្ជាប់ខេត្តចំប៉ាសាក់ និង អាតាពឺ ប្រទេសទ្បាវជាមួយនឹងខេត្ត ស្ទឹងត្រែង និងខេត្តក្រចេះនៃប្រទេសកម្ពុជា។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ការពង្រឹងកិច្ចសហការនេះបានជួយរដ្ឋាភិបាល កម្ពុជា-ទ្បាវ ដើម្បីធ្វើឱ្យប្រសើរទ្បើងនូវធនធានជលផល និងអភិរក្សជីវៈចម្រុះ តាមរយៈកិច្ចពិភាក្សា សហប្រតិបត្តិការឆ្លងដែន និងការអនុវត្តរួមគ្នា។
ទាក់ទងនឹងការលើកទ្បើងនេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ហៅកាត់ថា (NGO FORUM) គាំទ្រចំពោះ ការបង្កើតគម្រោងមួយនេះ។
លោកបន្តថា ការគាំទ្រនេះដោយសារតែតំបន់អាងទន្លេមេគង្គកំពុងមានការអភិវឌ្ឍន៍ គម្រោងខ្នាតធំៗនានា ហើយគម្រោងនេះទៀតសោតគឺជាឆ្អឹងខ្នងចង្អុរបង្ហាញធានាឱ្យមានការអភិវឌ្ឍន៏ដែលមិនធ្វើឱ្យប៉ះពាល់ទៅដល់ធនធានជលផល។ លោក តឹក វណ្ណារ៉ា ៖«កាលណាយើងមានមជ្ឈ មណ្ឌលហ្នឹងធ្វើឱ្យមានការអភិវឌ្ឍន៏ ទាក់ទងជលផលទឹកសាបនៅទន្លេមេគង្គហ្នឹង ដើម្បីទទួលបាជោគជ័យនៃគម្រោងហ្នឹង កម្ពុជា-ទ្បាវ ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគា្នត្រូវមានភាពស្មោះត្រង់ ធ្វើអីត្រូវជជែកជាមួយគ្នាទាំងការសិក្សាស្រាវជ្រាវ ទាំងការងារ និងគម្រោងរួមគ្នា»។
សូមបញ្ជាក់ថា ទន្លេសេកុងហូរពីប្រទេសវៀតណាម កាត់ប្រទេសទ្បាវមុននឹងហូរចូលប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយទន្លេមេគង្គ។ ទន្លេទាំងពីរនេះជាប្រភពធនធានធម្មជាតិដែលប្រជាជនម្ពុជា និងទ្បាវ រាប់លាននាក់អាស្រ័យផលសម្រាប់ការរស់នៅ តែប្រព័ន្ធអេកូទ្បូស៊ីនៃទន្លេទាំងពីរ កំពុងរងការគំរាមកំហែងពីការកើនទ្បើងនៃសកម្មភាពនេសាទ ការនេសាទខុសច្បាប់ គ្រោះទឹកជំនន់ និងរាំងស្ងួត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួមទាំង ទំនប់វារីអគ្គីសនីផងដែរ៕