en     km
en     km

​កម្ពុជា​-​ទ្បា​វ​ គ្រោង​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ជលផល​រួម​គ្នា​(មានសំឡេង)

Share

ភ្នំពេញ ៖ ​ប្រទេស​កម្ពុជា​ និង​ ទ្បា​វ​ គ្រោង​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ជលផល​រួម​គ្នា​មួយ​នៅ​ ឆ្នាំ​២០១៨​ ក្នុង​គោលបំណង​ដើម្បី​ជួយ​ឱ្យ​ធនធាន​មច្ឆា​ជាតិ​របស់​ប្រទេស​ទាំង​ពីរ​មាន​និរន្តរភាព​។​  នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គណៈ​ក​ម្មា​ការ​ទន្លេមេគង្គ​ ដែល​បាន​ផ្ញើ​របាយការណ៍​តាម​សារ​អេ​ទ្បិ​ចម​ក​កាន់​វិទ្យុ​ស្ត្រី​ នា​ថ្ងៃ​ទី​ ២៣​ ខែមករា​ ឆ្នាំ​២០១៧​។​

ស្តាប់សំឡេង៖

 

​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ និង​ អាជ្ញាធរ​ជលផល​ ប្រទេស​កម្ពុជា​-​ទ្បា​វ​ រួម​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ដែន​ ដើម្បី​គ្រប់គ្រង​ជល ផល​ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោក​ វ៉ា​ត់​ បុត្ត​កុសល​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​បាន​និយាយ​ក្នុងរ​វ​បាយ​ការណ៍​នេះ​ថា​ ដោយសារ​បារម្ភ​ពី​បញ្ហា​ធនធាន​មច្ឆា​ ទើប​មាន​ផែន​ដូចនេះ​។​ លោក​ វ៉ា​ត់​ បុត្ត​កុសល​ ៖«​យើង​មាន​បញ្ហា​ និង​ក្តី​កង្វល់​ដូច​គ្នា​ ក្នុង​ការ​គ្រប់គ្រង​ជលផល​ ដែល​កំពុង​រង​ការ​គំរាមកំហែង​ដោយសារ​សកម្មភាព​របស់​មនុស្ស​ និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។​ ដូច្នេះ​ការ​ពង្រឹង​កិច្ចសហការ​ សំខាន់​ណាស់​សម្រាប់​ប្រទេស​ ទាំង​ពីរ​ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធិ​ភាព​»​។​

ផែនការ​នេះ​ ធ្វើ​ទ្បើ​ង​បន្ទាប់​ពី​ មានដំណើរ​ទស្សនកិច្ច​រួម​គ្នា​មួយ​រវាង​មន្ត្រី​ជលផល​នៃ​ប្រទេស​ទាំង​ ២​ កាលពី​ពេល​ថ្មីៗ​នេះ​ ទៅ​កាន់​ទន្លេមេគង្គ​ និង​ទន្លេសេកុង​។​

​ទន្លេ​ទាំង​ពីរ​នេះ​បាន​ភ្ជាប់​ខេត្ត​ចំប៉ា​សាក់​ និង​ អា​តា​ពឺ​ ប្រទេស​ទ្បា​វ​ជាមួយនឹង​ខេត្ត​ ស្ទឹង​ត្រែង​ និង​ខេត្តក្រចេះ​នៃ​ប្រទេស​កម្ពុជា​។​

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ការ​ពង្រឹង​កិច្ចសហការ​នេះ​បាន​ជួយ​រដ្ឋាភិបាល​ កម្ពុជា​-​ទ្បា​វ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​នូវ​ធនធាន​ជលផល​  និង​អភិរក្ស​ជីវៈចម្រុះ​ តាម​រយៈ​កិច្ច​ពិភាក្សា​ សហប្រតិបត្តិការ​ឆ្លង​ដែន​ និង​ការ​អនុវត្ត​រួម​គ្នា​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា​ ហៅ​កាត់​ថា​ (NGO​ FORUM)​ គាំទ្រ​ចំពោះ​ ការ​បង្កើត​គម្រោង​មួយ​នេះ​។​

លោក​បន្ត​ថា​ ការ​គាំទ្រ​នេះ​ដោយសារ​តែ​តំបន់​អាង​ទន្លេមេគង្គ​កំពុង​មានការ​អភិវឌ្ឍន៍​ គម្រោង​ខ្នាត​ធំៗ​នានា​ ហើយ​គម្រោង​នេះ​ទៀត​សោត​គឺជា​ឆ្អឹងខ្នង​ច​ង្អុ​រ​បង្ហាញ​ធានា​ឱ្យ​មានការ​អភិវឌ្ឍ​ន៏​ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ធនធាន​ជលផល​។​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ ៖«​កាលណា​យើង​មាន​មជ្ឈ មណ្ឌល​ហ្នឹង​ធ្វើ​ឱ្យ​មានការ​អភិវឌ្ឍ​ន៏​ ទាក់ទង​ជលផល​ទឹកសាប​នៅ​ទន្លេមេគង្គ​ហ្នឹង​ ដើម្បី​ទទួល​បា​ជោគជ័យ​នៃ​គម្រោង​ហ្នឹង​ កម្ពុជា​-​ទ្បា​វ​ ត្រូវធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គា្ន​ត្រូវ​មាន​ភាព​ស្មោះត្រង់​ ធ្វើ​អី​ត្រូវ​ជជែក​ជាមួយ​គ្នា​ទាំង​ការ​សិក្សា​ស្រាវជ្រាវ​ ទាំង​ការងារ​ និង​គម្រោង​រួម​គ្នា​»​។​

​សូម​បញ្ជាក់​ថា​ ទន្លេសេកុង​ហូរ​ពី​ប្រទេស​វៀតណាម​ កាត់​ប្រទេស​ទ្បា​វ​មុន​នឹង​ហូរ​ចូល​ប្រទេស​កម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​ទន្លេមេគង្គ​។​ ទន្លេ​ទាំង​ពីរ​នេះ​ជា​ប្រភព​ធនធានធម្មជាតិ​ដែល​ប្រជាជន​ម្ពុ​ជា​ និង​ទ្បា​វ​ រាប់​លាន​នាក់​អាស្រ័យ​ផល​សម្រាប់​ការ​រស់នៅ​ តែ​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី​នៃ​ទន្លេ​ទាំង​ពីរ​ កំពុង​រង​ការ​គំរាមកំហែង​ពី​ការ​កើន​ទ្បើ​ង​នៃ​សកម្មភាព​នេសាទ​ ការ​នេសាទ​ខុសច្បាប់​ គ្រោះ​ទឹកជំនន់​ និង​រាំង​ស្ងួត​ និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រួម​ទាំង​ ទំនប់​វា​រី​អគ្គី​ស​នី​ផង​ដែរ​៕

Share

Image
Image
Image