ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ ដែលអះអាងថាតំណាងពលរដ្ឋក្នុងជំលោះដីធ្លីមួយកន្លែង នៅស្រុកត្ប្មូងឃ្មុំបានឱ្យដឹងថា ពលរដ្ឋប្រហែល៣០០នាក់ នាំគ្នាបោះតង់ជាច្រើនថ្ងៃមកហើយ នៅលើដីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនដាំចំការកៅស៊ូមួយក្នុងគោលបំណងកាន់កាប់ដីនេះឡើងវិញ។
អ្នកស្រី អែម នី ពលរដ្ឋភូមិធ្នួង ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ បានឱ្យ បានអះអាងប្រាប់វិទ្យុស្ត្រីនៅថ្ងៃអង្គាទី២៤មករានេះថា ក្រុមហ៊ុន ដាំចំការកៅស៊ូរបស់ឧកញ្ញ៉ាម្នាក់ បានរំលោភយកដីធ្លីរបស់ពួកគាត់ដែលជាហេតុធ្វើឱ្យពួកគាត់ បាននាំគ្នា តវ៉ាដូចនេះដើម្បីសុំអោយក្រុមហ៊ុនសងដីកម្មសិទ្ធិរបស់ពួកគាត់មកវិញ។
អ្នកស្រី អែម នី ៖ «ខ្ញុំកំពុងមកតវ៉ា យកដីកម្មសិទ្ធិរបស់ខ្ញុំវិញ សុំយកតែមួយប្លន់ម្នាក់ៗនៅទេ ២៥ម៉ែត្រ បណ្ដោយ ៥០ សុំតែប៉ុណ្ណឹងទេ ព្រោះដីនេះ ជាដីទឹកញើសរបស់ប្រជាជនទូទៅទាំងអស់ហ្នឹង គេខំកាប់ឆ្កាតែពីឆ្នាំ ១៩៧៩មក។
តាមអ្នកស្រី អែម នី ហេតុការណ៍នៃរឿងជម្លោះនេះ កើតឡើងកាលពីថ្ងៃទី ២០ មករា ឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយនោះទេ។ អ្នកស្រី អែម នី សង្ឃឹមថា លោកនាយករដ្ឋមន្រ្ដី សម្ដេច ហ៊ុន សែន នឹងចុះជួយអន្ដរាគមន៍ក្នុងរឿងនេះ ។
អ្នកស្រី អែម នី ៖ «ខ្ញុំសំនូមពរ សុំអោយខ្ញុំនិយាយនេះ ទៅដល់សម្ដេចតេជោ អោយគាត់ជួយដោះស្រាយឱ្យប្រជាជនផង ប្រជាជនក្រណាស់ គ្មានដីនៅទេ សូមសំនូមពរអោយសម្ដេច ជួយផង ព្រោះខ្ញុំ ខំគាំទ្រសម្ដេចតាំងអើយមកទល់ពីឥលូវ »។
ទន្ទឹមនឹងដែរ ពលរដ្ឋមកភូមិទំនប់សែនជ័យ ស្រុកត្បូងឃុំ មួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យវិទ្យុស្រ្ដីដឹងថា ដីធ្លីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន នេះ គឺ ពលរដ្ឋបានមកចាប់រស់នៅតាំងពីឆ្នាំ ១៩៧៩។
ពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះ ៖ «ខ្ញុំចាប់នៅ ចាំដាំដំណាំនឹងតាំងពីឆ្នាំ ១៩៧៩មក តែនៅពេលបោះឆ្នោតឆ្នាំ ១៩៩៣ រួច បានគេយកជាស្ថាពរ គេយក គេយកថា ដាក់រដ្ឋ ហើយប្រជាជនពួកខ្ញុំខ្លាច ព្រោះងើបពីប៉ុលពតមក ចឹងគេថា រដ្ឋត្រូវការប្រជាជនក៏ដាក់ពាក្យសុំអោយកុំយកអី ដីនឹងវាតិចណាស់ ។
បើតាមអ្នកស្រី អែម នី ក្រោយពីក្រុមហ៊ុន ដាំកៅស៊ូនៅលើតំបន់នោះ ពលរដ្ឋភាគច្រើនបានចំណាកស្រុកទៅក្រៅប្រទេសដោយបង្ខំ ព្រោះតែស្ថានការណ៍ជីវភាព ។
ទោះជាយ៉ាងណា អ្នកភូមិមិនអាចរកឈ្មោះក្រុមហ៊ុននេះថាមានឈ្មោះអ្វីនោះទេ គ្រាន់តែអះអាងថាមានឧកញ្ញ៉ាម្នាក់ ជាម្ចាស់ក្រុមហុនដាំដំណាំកៅស៊ូនោះនៅស្រុងត្បូងឃុំនេះ។
ក្នុងរឿងនេះដែរ មន្រ្ដីព័ត៌មានខេត្តត្បូងឃ្មុំ លោក ឧត្ដម បញ្ញា បានឱ្យវិទ្យុស្រ្ដីដឹងនៅរសៀលថ្ងៃនេះថា ដីចំការកៅស៊ូនោះ គឺ ជារបស់ក្រុមហ៊ុនមួយនៅក្នុងតំបន់នោះពិតមែន។ ប៉ុន្ដែលោកបានបញ្ជាក់ថា ពលរដ្ឋដែលចូលទៅបោះតង់នៅលើដីនោះភាគច្រើនជាបុគ្គលិករបស់ក្រុមហ៊ុនចំការកៅស៊ូ ដែលពួកគេចូលទៅកាន់កាប់។
សូមជម្រាបថា ពលរដ្ឋដែលបានបោះតង់នៅលើដីមានជម្លោះ គឺ មាន ៦ភូមិ ក្នុងនោះមាន ភូមិទំនប់សែនជ័យ ភូមិទេពនិមិត្ត ភូមិធ្នួង ភូមិទួលថ្មី ភូមិក្បាលអូរ និងភូមិវាលឃ្មុំទឹកចេញ លើទំហំដី៦២០ហិចតា។ បើតាមការអះអាងរបស់ពលរដ្ឋ ពួកគេសុខចិត្តក្រាញននៀលនៅលើដីដែលកំពុងមានជម្លោះនោះ ចាំរហូតទាល់តែមានដំណោះស្រាយ ទោះបីជាមានការគំរាមសម្លាប់យ៉ាងណាក៏ដោយ៕