ហ្គាំបៀ៖សេចក្ដីរាយការណ៍របស់សារព័ត៌មាននៃប្រទេសហ្គាំបៀឲ្យដឹងថា ពួកចៅក្រមមួយចំនួននៃប្រទេសនេះ បានភៀសខ្លួនទៅនៅប្រទេសជិតខាងដែលគេអាចជ្រកកោនបានក្រោយពីជនផ្ដាច់ការ Yayha Jammeh បាត់បង់អំណាច។
តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Freedom Newspaper ប្រធានតុលាការកំពូលរបស់ប្រទេសនេះ បានផ្ដើមរត់ចេញពីប្រទេសនេះមុនគេ គឺភៀសខ្លួនតាំងពីថ្ងៃអាទិត្យ ក្រោយពីលោក Jammeh ត្រូវបានបង្ខំឲ្យឡើងយន្ដហោះទៅនៅប្រទេស គីនេ ក្នុងស្ថានភាពអតីតប្រធានាធិបតី បណ្ដេញចេញពីតំណែង។
តាមប្រភពដដែល មានមន្ដ្រី និងរដ្ឋមន្ដ្រីមួយចំនួនដែលជាអតីតរដ្ឋមន្ត្រីស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Jammeh ក៏បន្ដភៀសខ្លួនទៅនៅក្រៅប្រទេសផងដែរ។
ស្របពេលនេះ ប្រធានាធិបតីថ្មី លោក Adama Barrow បានប្រាប់ទៅជនរួមជាតិ ហ្គាំបៀ ឲ្យស្ថិតនៅក្នុងស្ថានភាពអហិង្សា និងបង្រួបបង្រួមជាតិ ប៉ុន្ដែលោកសន្យាថា នឹងស្វែងរកយុត្ដិធម៌សម្រាប់អ្នករងគ្រោះ ក្រោមការគ្រប់គ្រងរបស់លោក Jammeh។
ប្រទេស ហ្គាំបៀ ត្រូវបានដឹកនាំដោយអំណាចផ្ដាច់ការលោក Jammeh រយៈពេល ២២ឆ្នាំ ។ រយៈពេលនោះ ពោរពេញដោយការរំលោភសិទ្ធិមនុស្ស និងបំបិទសំឡេងបក្សប្រឆាំង៕